ស្ពានថ្មីឆ្លងស្ទឹងសង្កែ ខេត្តបាត់ដំបងបានបញ្ចប់ការសាងសង់ហើយ

0

ដោយៈ រ៉ាណេត

បាត់ដំបងៈ ស្ពានថ្មថ្មីឆ្លងស្ទឹងសង្កែ ដែលចំណាយថវិកាសាងសង់ជាងកន្លះលានដុល្លារបានបញ្ចប់លការសាងសង់ជាផ្លូវការហើយ។

ស្ពាននេះសាងសង់ទន្ទឹមនឹងស្ពានចាស់ មានអាយុកាល១០៣ឆ្នាំ ដែលបន្ស​ល់​ទុកតាំងពីសម័យអាណានិគមនបារាំង។ ការស្ថាបនារហូតមកដល់ពេលនេះ សម្រេចបានលទ្ធផលជិត១០០ភាគរយហើយ ដោយនៅតែការលាបពណ៌ និងគំនូសនៅលើតួស្ពានតែប៉ុណ្ណោះ។

អភិបាលក្រុងបាត់ដំបង លោក ផេង សិទ្ធី បានបញ្ជាក់ប្រាប់តាមទូរស័ព្ទនាល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះថា នៅត្រឹមដើមសប្ដាហ៍ខែសីហានេះ លទ្ធផលនៃការសាងសង់ស្ពានថ្មថ្មី ស្របនឹងស្ពានថ្មចាស់ ទល់មុខសាលារដ្ឋបាលខេត្តបាត់ដំបង គឺសម្រេចបានស្ទើរ១០០ភាគរយហើយ នៅឡើយតែការបោសសម្អាត និងលាបពណ៌នៅលើតួស្ពានតែប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា “ពេលនេះ កម្រាលនិងតួស្ពាន ត្រូវបានចាក់ក្រាលបេតុង ដែលមានគុណភាពរួចរាល់អស់ហើយ ដែលនៅតែការសម្អាត និងរៀបចំលម្អដោយការលាបពណ៌តួស្ពាន និងបង្កាន់ដៃស្ពានដើម្បីបញ្ចប់ការសាងសង់ជាស្ថាពរតែប៉ុណ្ណោះ”។ លោកបន្តថា “ក្រោយពេលសាងសងរួច ស្ពាននេះនឹងដាក់ឱ្យប្រើប្រាស់ជាស្ពានឯកទិស សម្រាប់ធ្វើដំណើរចេញពីក្រុង ហើយស្ពានសម្ដេចតេជោហ៊ុន សែន ដែលស្ថិតនៅទល់មុខសាលាខេត្តថ្មីក្បែរគ្នានោះ ក៏នឹងដាក់ឱ្យប្រើជាស្ពានឯកទិស ក្នុងទិសដៅចូលមកក្រុងបាត់ដំបង”។

លោកអភិបាលក្រុងបានបញ្ជាក់ទៀតថា ស្ពានថ្មថ្មីដែលទើបបញ្ចប់ការសាងសង់នេះមានប្រវែង១០០ម៉ែត្រ ទទឹង៨ម៉ែត្រ ស្ថាបនាតាមរចនាបថសំណង់ស្រដៀងគ្នា ទៅនឹងស្ពានថ្មចាស់ ប៉ុន្តែខុសគ្នាត្រង់លក្ខណៈនៃបច្ចេកទេស ក្នុងការសាងសង់សំណង់ថ្មីផ្នែកគ្រឹះបាតនៃស្ពាន ដែលអាចធានាបាននូវការទ្រទ្រង់ទម្ងន់យានយន្ត នៅពេលឆ្លងកាត់ និងរក្សាបានភាពស្ថិតស្ថេរយូរអង្វែង។

គោលបំណងរបស់លោកអភិបាលខេត្ត លោកចង់ឱ្យមានការស្ដារ និងជួសជុលស្ពានថ្មចាស់ឱ្យរួចរាល់ឡើងវិញ និងបញ្ចប់ការកែលម្អ ទាំងភាពទ្រុឌទ្រោមនៃបាតស្ពាន បង្កាន់ដៃ រួមជាមួយនឹងការលាបពណ៌ ឱ្យមានសោភ័ណភាពរួចរាល់ ស្របគ្នាទៅនឹងស្ពានថ្មីផងដែរ។

កន្លងទៅថ្មីៗនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ធ្លាប់បានមានប្រសាសន៍ ក្រើនរំលឹកដាស់តឿនដល់អាជ្ញាធរទាំងអស់ ឲ្យរក្សាទុកនូវរាល់សមិទ្ធផល ដែលមានអាយុកាលចាប់ពី១០០ឆ្នាំឡើង ដោយមិនត្រូវធ្វើការរុះរើ ឬបំផ្លាញចោលនោះទេ។

ជាមួយគ្នានេះផងដែរ សម្ដេចក៏បានឲ្យរក្សាទុកនូវស្ពានថ្មចាស់ ខេត្តបាត់ដំបង ដែ​លបន្សល់ ក្នុងសម័យអាណានិគមនិយមបារាំង ស្ថិតនៅខាងមុសាលាខេត្តបាត់ដំបង ហើ​យស្ពានមួយនេះមានអាយុកាលប្រមាណ១០៣ ឆ្នាំមកហើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here