ដោយវុត្ថា
សៀមរាបៈ រដ្ឋបាលក្រុងសៀមរាប កំពុងពន្លឿនការសាសង់ផ្សារទឹក និងបំពាក់អំពូលភ្លើងចម្រុះពណ៌នៅតាមដងស្ទឹងសៀមរាប ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរនាថ្ងៃឈប់សម្រាកអោយទៅលេងកម្សាន្តបានកាន់តែច្រើនឡើងវិញ។

លោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាបនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ក្រុមការងារជំនាញកំពុងសម្រុកការស្ថាបនាផ្សារនៅលើទឹក តាមបណ្តោយដងស្ទឹងសៀមរាប រួមទំាងការដាក់តាំងភ្លើងចម្រុះពណ៌បំភ្លឺពេលរាត្រី ដែលអាចអោយភ្ញៀវទេសចរទៅលេងកម្សាន្តនាថ្ងៃឈប់សំរាក អាចជិះទូកទស្សនាស្ទឹងសៀមរាបផង និងទិញវត្ថុអនុស្សាវរីយ៍នៅលើផ្សារទឹកផង។
លោកបន្តថា “យើងមានរៀបចំពិធីតាមដងស្ទឹង ក្រុងរបស់យើងទទួលបន្ទុកផ្ទាល់ក្នុងការសំអាត ប៉ុន្តែយើងក៏មានការសហការណ៍ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្នុងការរៀបចំតុបតែង ហើយមន្ត្រីយើងចូលរួមជាមួយគាត់ដែរ ការតុបតែងលម្អភ្លើង មានរៀបចំការលក់ដូចផ្សារលើទឹកចឹង តែយើងធានាបាននូវគម្លាតសុវត្ថិភាពអ្នកចូលរួម តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល”។

លោកបន្តថា “ យើងរៀបចំឈើជាកន្លែងប្រជាពលរដ្ឋឈរទស្សនា ហើយសមាគមន៍ចុងភៅរបស់ខេត្តគាត់ចូលរួមដែរ គាត់មានទូករៀបចំលក់នំបញ្ចុក លក់ម្ហូបផ្សេងៗទៀត ឬការកម្សាន្តដោយអ៊ុទូកលេង។ យើងរៀបចំបាន៥០ភាគរយហើយយើងរៀបមុន១សប្តាហ៍ តែអនាម័យបរិស្ថានយើងរៀបចំមុន នៅប្រហែល១សប្តាហ៍ទៀតនឹងរួចរាល់ត្រៀមទទួលភ្ញៀវនៅថ្ងៃឈប់សម្រាប់ ហើយតុបតែងភ្លើងអីនឹងរួចរាល់មុនថ្ងៃចាប់ផ្តើមពិធី”។
កម្មវិធីកម្សាន្តដែលរដ្ឋបាលខេត្ត បានគ្រោងរៀបចំរៀបចំរយៈពេល៥ថ្ងៃ នាថ្ងៃឈប់សម្រាកខាងមុខរួមមាន៖.កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២ កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប ផ្សារទឹក ផាប់ស្ទ្រីត កម្មវិធីជិះកង់ កម្មវិធីកីឡាវាយកូនហ្គោល កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន និងផ្ទាំងទស្សនីយភាពសិល្បៈជាដើម៕






