គម្រោងបំពាក់ប្រព័ន្ធ EDI នៅកំពង់ផែព្រះសីហនុរបស់ជប៉ុនបានជាប់គាំង

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ គម្រោងកំពង់ផែដើរដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប EDI តម្លៃប្រមាណ១៤លានដុល្លារ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលនឹងគ្រោងដាក់ដំណើរការនៅពាក់កណ្តាលឆ្នាំ២០២១ ខាងមុខនេះ ត្រូវបានសម្រេចផ្អាកជាបណ្តោះអាសន្ន ដោយសារតែបណ្តាលមកពីបញ្ហានៃភាពប្រឈមវិបត្តិជំងឺឆ្លង Covid-19 ។

គ្រោងអភវឌ្ឍន៍ និងដាក់ដំណើរការកំពង់ផែ Port EDI(Electronic Data Interchange ) ដែលប្រើប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកគ្រប់គ្រងព័ត៌មានប្រកបដោយប្រសិទ្ធិភាពលើប្រតិបត្ដិការរបស់កំពង់ផែ ត្រូវបានសម្រេចផ្អាកជាបណ្តោះអាសន្ន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ក្រោមការដឹកនាំដោយលោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ។

លោករដ្ឋលេខាធិការបានមានប្រសាសន៍បញ្ជាក់ថា បើទោះជាគម្រោងខាងលើនេះត្រូវបានសម្រេចផ្អាក និងពន្យាពេលជាបណ្តោះអាសន្ន ប៉ុន្តែអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ សហការជាមួយ កំពង់ផែស្វយ័តទាំង២ លើការផ្តល់ព័ត៌មានការចូល-ចេញរបស់នាវា ដើម្បីងាយស្រួល រាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងបានទាន់ពេលវេលា។

ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកសម្រាប់កំពង់ផែឬ Electronic Data Interchange គឺជាប្រព័ន្ធដែលត្រូវបានប្រើដើម្បីគ្រប់គ្រងព័ត៌មានប្រកបដោយប្រសិទ្ធិភាពលើប្រតិបត្ដិការនាំចេញនាំចូលរបស់ទំនិញដែលនឹងធ្វើឲ្យនីតិវិធីកំពង់ផែមានភាពងាយស្រួលជាងមុន។

ដោយឡែកចំពោះរៀបចំធ្វើផែនទីនាវាចរណ៍អេឡិចត្រូនិក ENC គឺត្រូវតែបន្ត និងជំរុញបញ្ចប់ឱ្យបានឆាប់ ដោយស្នើឱ្យអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ សិក្សាអំពីសារៈសំខាន់ និងផលប្រយោជន៍នានាក្នុងការចូលជាសមាជិក IALA IHO និង IMSO ដើម្បីដាក់ជូនលោកទេសរដ្ឋមន្រ្តី ពិនិត្យសម្រេច និងគ្រប់នាយកដ្ឋានកំណត់អាទិភាពការងារ ពន្លឿនការរៀបចំលិខិតបទដ្ឋានគតិយុត្ត ។

បន្ថែមពីនេះ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានស្នើដល់អគ្គនាយកដ្ឋានយកចិត្តទុកដាក់ទៅលើចំណុចសំខាន់ៗចំនួន៤ផ្សេងទៀតរួមមាន ៖

– អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ត្រូវសហការជាមួយរដ្ឋបាលជលផល លើការងារចុះបញ្ជីនាវានេសាទ ដើម្បីលុបកាតក្រហមចេញពី សហគមន៍អឺរ៉ុប (EU) លើការងារប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ ការនេសាទគ្មានរបាយការណ៍ និងការនេសាទគ្មានការអនុញ្ញាត (IUU) ព្រមទាំងសិក្សាស្រាវជ្រាវ អំពីស្ថិតិកំពង់ផែ និងចុះពិនិត្យទីតាំងកំពង់ផែទាំងនោះឲ្យបានច្បាស់លាស់ រួមមាន សកម្មភាពអាជីវកម្មជាក់ស្តែងរបស់កំពង់ផែ ឋបនីយភណ្ឌផែ និងជម្រៅទឹក។ល។ ជាពិសេសគឺត្រូវសហការជាមួយកំពង់ផែឯកជន ដើម្បីពង្រឹងការងារលើការស្នើសុំលិខិត អនុញ្ញាតនាវាចូលនៅតាមកំពង់ផែនៃព្រះរាជាណាចក្រកម្ពុជា។

-ស្នើឱ្យមានវត្តមានតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្តដែលមានការពាក់ព័ន្ធនឹងផ្លូវទឹក ចូលរួមកិច្ចប្រជុំលើកក្រោយ ដើម្បីសហការផ្តល់ព័ត៌មាន និងពិភាក្សាលើបញ្ហាប្រឈមនានា ចំពោះGuide line សម្រាប់ Oil tanker ដែលបានរៀបចំរួចរាល់ ត្រូវអញ្ជើញក្រុមហ៊ុនដឹកជញ្ជូនធ្វើការត្រួតពិនិត្យលក្ខខណ្ឌរបស់យើង តើក្រុមហ៊ុនអាចទទួលយកបានរឺអត់ ដើម្បីក្រសួងរៀបចំជាសេចក្តីណែនាំជារួមមួយ។

-ការងារផ្តល់លិខិតអនុញ្ញាតឱ្យនាវាចូលនៅតាមកំពង់ផែនៃព្រះរាជាណាចក្រកម្ពុជា ត្រូវមានការត្រួតពិនិត្យ Check & Control ដើម្បីប្រសិទ្ធភាពការងារ និងពង្រឹងការងារនេះឲ្យបានម៉ត់ចត់អគ្គនាយកដ្ឋានត្រូវសហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី-ខេត្ត ប្រសិនបើនាវាណាមិនមានលិខិតអនុញ្ញាតឲ្យនាវាចូល នៅតាមកំពង់ផែទេ កំពង់ផែមិនត្រូវអនុញ្ញាតឲ្យនាវាចូលចតជាដាច់ខាត។ ដោយឡែក ចំពោះការស្នើសុំE/P ដែលធ្វើឡើងចំថ្ងៃឈប់សម្រាកគឺត្រូវបន្តឲ្យមាននិរន្តភាព ដូចថ្ងៃធ្វើការធម្មតា។

-ត្រូវស្នើសុំឧបករណ៍សម្រាប់បំពាក់ការគ្រប់គ្រងចលនារបស់នាវាដោយសិក្សា និងដាក់ចូលទៅក្នុងផែនការឆ្នាំរបស់អគ្គនាយកដ្ឋាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here