រដ្ឋាភិបាលកម្ពុជាត្រៀមដាក់ចេញយុទ្ធសាស្រ្តស្តីពីការបើកដំណើរការ គ្រឹះស្ថានសិក្សាឡើងវិញ

0

ដោយ៖ ប៊ី

        ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំ “សេចក្ដីព្រាងយុទ្ធសាស្រ្តស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ” ដើម្បីធានាបាននូវសុវត្ថិភាពរបស់សិស្សា​នុសិស្ស បុគ្គលិកសិក្សា បុគ្គលិកបម្រើការផ្សេងទៀត និងសហគមន៍ទាំងមូល។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើ «សេចក្ដីព្រាងយុទ្ធសាស្រ្ត ស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ» ត្រូវបានរៀបចំឡើងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជាការឆ្លើយតបទៅនឹងការរីករាលដាល នៃជំងឺកូវីដ-១៩ និងដើម្បីធានាបាននូវសុវ​ត្ថិភាពរបស់សិស្សានុសិស្ស  បុគ្គលិកសិក្សា បុគ្គលិកបម្រើការផ្សេងទៀត និងសហគមន៍ទាំងមូល ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យគ្រប់គ្រឹះស្ថានសិក្សានៅទូទាំងប្រទេសកម្ពុជាផ្អាកដំណើរការចាប់តាំងពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២០ កន្លងមក ។

ការវាយតម្លៃរបស់ក្រសួងអប់រំ យុវជន និងកីទ្បាបានបង្ហាញឱ្យឃើញថា នៅក្នុងឆ្នាំ ២០២០ និង ២០២១ នេះគ្រឹះស្ថានសិក្សាគ្រប់ប្រភេទ នឹងមិនអាចមានដំណើរការបានដូចមុនពេលមានវិបត្តិនៃជំងឺកូវីដ-១៩ ឡើយ។

គ្រឹះស្ថានសិក្សាត្រូវសម្របសម្រួលទៅតាម «ជីវិតរស់នៅធម្មតាតាមគន្លងបែបថ្មី» (New Normal Life) តាមរយៈការអនុវត្ត «វិធានការសុវត្ថិភាពសិក្សា» ដើម្បីការពារសុវត្ថិភាពអ្នកសិក្សា បុគ្គលិកសិក្សា បុគ្គលិកបម្រើការផ្សេងទៀត និងផ្តល់ទំនុកចិត្តដល់មាតាបិតា។

ក្នុងបរិការណ៍នេះ, ក្រសួងអប់រំ យុវជន និងកីទ្បា បានរៀបចំ «យុទ្ធសាស្ត្រស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាទ្បើងវិញ» ដោយឈរលើអភិក្រម២ ទី១ ការបើកដំណើរការឡើងវិញតាមដំណាក់កាល នូវគ្រឹះស្ថានសិក្សាដែលអាចអនុវត្តបានត្រឹមត្រូវតាម «ស្តង់ដាសុវត្ថិភាពសុខភាព» និងទី២ ការបន្តអនុវត្តវិធីសាស្រ្តនៃការសិក្សាតាមបែបចម្រុះ គឺការសិក្សាក្នុងថ្នាក់រៀន ការសិក្សាពីចម្ងាយតាមប្រព័ន្ធអេទ្បិចត្រូនិក (distance and e-learning) និងតាមបែបប្រពៃណី (សន្លឹកកិច្ចការជំនួយ) រួមទាំងការធ្វើស័្វយសិក្សា (សម្រាប់សិស្សនៅទីជនបទ) ។

ដោយឈរ លើអភិក្រមទាំងពីរនេះ «យុទ្ធសាស្ត្រស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាទ្បើងវិញ» ត្រូវបានរៀបចំទ្បើងដោយឈរលើគោលការណ៍ ចំនួន០៥ ចំណុចរួមមាន ១៖ ក្រសួងរៀបចំការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ជា៣ដំណាក់កាល បន្តបន្ទាប់គ្នា។

២៖ គ្រឹះស្ថានសិក្សាមិនទាន់អាចដំណើរការឡើងវិញ ពេញលេញនៅឡើយ និងត្រូវអនុវត្តនូវវិធីសាស្ត្រចម្រុះគឺ ការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក និងតាមប្រព័ន្ធប្រពៃណី (សម្រាប់ទីជនបទ) រួមជាមួយនឹងការសិក្សានៅក្នុងថ្នាក់រៀន ។

៣៖ ការអនុញ្ញាតឱ្យបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ តាមដំណាក់កាលនីមួយៗ បន្ទាប់ពីគ្រឹះស្ថានសិក្សា ទាំងនោះបានត្រៀមខ្លួនរួចរាល់ និងអនុវត្តបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវសុវត្ថិភាព ដែលកំណត់ដោយក្រសួងសុខាភិបាល និងលក្ខខណ្ឌតម្រូ​វបច្ចេកទេសនៃការសិក្សា និងការបង្រៀន ដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។

៤៖ ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត ដោយមានការទទួលខុសត្រូវខ្ពស់ និងការប្តេជ្ញាចិត្ត ក្នុងការអនុវត្តវិធានការសុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

៥៖ ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក៏ឈរលើគោលការណ៍នៃទីតាំងភូមិសាស្រ្ត នៃកម្រិតហានិភ័យ របស់ការរាលដាលនៃជំងឺកូវីដ-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here