ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ គម្រោងសាងសង់ផ្លូវជាតិលេខ ១០ ដែលមានប្រវែងសរុបជិត ២០០ម៉ែត្រ តភ្ជាប់ និងឆ្លងកាត់ខេត្តចំនួន៣ ដែលមានតម្លៃវិនិយោគចំនួន១៨៣លានដុល្លារ ក្រោមកម្ចីហិរញ្ញប្បទានពីរដ្ឋាភិបាលចិន បានសម្រេចលទ្ធផលជាង៣៦ភាគរយហើយ ដែលតាមផែនការគ្រោងនឹងបញ្ចប់នៅត្រឹមចុងឆ្នាំ២០២៣។

អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ម៉ា ស៊ុនហួត បានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ថា ក្រោមការណែនាំពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ លោកបានដឹកនាំក្រុមការងារនៃអង្គភាពគ្រប់គ្រងគម្រោង(PMU) និងអង្គភាព អនុវត្តគម្រោង (PIU) ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១០ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) មន្ត្រីបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។
លោកអនុរដ្ឋលេខាធិការ បានកោតសរសើរដល់ក្រុមហ៊ុនសាងសង់ដែលបានខិតខំប្រឹងប្រែងបំពេញការងារសាងសង់របស់ខ្លួន ដោយគិតរហូតមកទល់ពេលនេះសម្រេចបានលទ្ធផល ៣៦,៤ភាគរយ និងបានណែនាំឱ្យក្រុមហ៊ុនយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព និងសុខមាលភាពកម្មករ កម្មការនីផងដែរ។

ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន ១៩៨,៧១គីឡូម៉ែត្រ គិតចាប់ពីតំបន់វាលវែងខេត្តពោធិ៍សាត់ ឆ្លងកាត់ខេត្តបាត់ដំបង ស្រុកសំឡូត និងបន្តឆ្ពោះទៅកាន់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ផ្លូវជាតិមួយខ្សែនេះគឺមានសារៈសំខាន់បំផុតសម្រាប់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ជាពិសេសបម្រើដល់វិស័យដឹកជញ្ជូនរវាងខេត្តទាំង៣ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តកោះកុង ហើយក៏អាស្រ័យផល និងផ្តល់ភាពងាយស្រួលដល់ខេត្តជិតខាងមួយចំនួនទៀតផងដែរ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាធ្លាប់បានមានប្រសាសន៍ថា បើទោះបីជាវិបត្តិសេដ្ឋកិច្ចសាកលដែលបណ្តាលមកពីជំងឺឆ្លង Covid-19 យ៉ាងណាក៏ដោយ វាមិនមែនជាឧបសគ្គរបស់កម្ពុជាក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសនោះទេ។ ផ្ទុយទៅវិញ នៅក្នុងកាលៈទេសៈនេះ កម្ពុជាបានព្យាយាមជំនះ និងធ្វើពិពិធកម្មក្នុងវិស័យសំខាន់ៗមួយចំនួនឱ្យកាន់តែមានភាពរីកចម្រើន និងល្អប្រសើរថែមមួយកម្រិតទៀត៕






