រោងចក្រអគ្គិសនីកម្លាំង ៤០០មេហ្គាវ៉ាត់ ៣៨០ លានដុល្លារអាមេរិក ក្នុងខេត្តកណ្តាលនឹងបើកដំណើរការនៅចុងខែនេះ

0

ដោយ ៖ រ៉ាណេត 

កណ្តាល ៖ រោងចក្រផលិតថាមពលអគ្គិសនីដើរដោយប្រេងខ្មៅ ដែលមានអនុភាពរហូតដល់៤០០មេហ្គាវ៉ាត់ នៅក្នុងខេត្តកណ្តាល នឹងក្លាយជាសមិទ្ធផលថ្មីមួយទៀតរបស់អាជ្ញាធរអគ្គិសនីកម្ពុជា បន្ទាប់ពីបើកដំណើរការនៅត្រឹមចុងខែសីហា ឆ្នាំ២០២០ខាងមុខនេះ។ 

អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានមានប្រសាសន៍បញ្ជាក់ប្រាប់កាលពីពេលកន្លងទៅថ្មីៗនេះថា គម្រោងរោងចក្រអគ្គិសនីដែលដើរដោយប្រេងខ្មៅ និងឧស្ម័នអានុភាព ៤០០ម៉េហ្កាវ៉ាត់ ដែលស្ថិតនៅក្នុងស្រុកនៅល្វាឯម ខេត្តកណ្តាល រហូតមកដល់ពេលនេះការសាងសង់ និងតម្លើងសម្ភារៈបច្ចេកទេសសម្រេចជាង៩០ភាគរយ ហើយ ដោយគ្រោងនឹងដាក់ដំណើរការចុងខែសីហា ឆ្នាំ២០២០។

លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ទៀតថា គម្រោងរោងចក្រអគ្គិសនីដែលមានអានុភាព ៤០០មេហ្កាវ៉ាត់មួយនេះ គឺសម្រាប់បម្រើដល់ការផ្គត់ផ្គង់ប្រើប្រាស់ និងចែកចាយទៅតាមបណ្តាខេត្តមួយចំនួនដែលស្ថិតនៅជិតគ្នា ហើយនៅមាន អនុស្ថានីយ ១កន្លែងទៀត ផ្តល់អនុភាព ២៣០គីឡូវ៉ុល សម្រាប់ផ្គត់ផ្គង់ក្នុងខេត្តកណ្តាលទាំងមូល។

គម្រោងរោងចក្រអគ្គិសនីខាងលើនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដីសរុប ៤៣ហិកតា មានតម្លៃវិនិយោគប្រមាណ ៣៨០ លានដុល្លារអាមេរិក ចែកចេញជាពីរគម្រោងធំៗ ទី១ គឺ ការសាងសង់រោងចក្រម៉ាស៊ីនភ្លើង អនុភាពទំហំ២០០មេហ្គាវ៉ាត នាំចូលពីប្រទេសហ្វាំងឡង់ និងសាងសង់ដោយក្រុមហ៊ុនចិន China Gezhouba Group Corporation និង ទី២ គឺជាការសាងសង់រោងចក្រម៉ាស៊ីនភ្លើងអនុភាព២០០មេហ្គាវ៉ាត នាំចូលពីប្រទេសអាឡឺម៉ង់ នឹងត្រូវសាងសង់ដោយក្រុមហ៊ុនចិន China National Heavy Machinery Corporation៕

LEAVE A REPLY

Please enter your comment!
Please enter your name here