ដោយវុត្ថា
ព្រះសីហនុៈ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាបានចាត់ទុកថា ខេត្តព្រះសីហនុ ជាខេត្តជាប់មាត់សមុទ្រ ប្រកបដោយសក្តានុពល ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ ចូលមកកំសាន្ត និងធ្វើការបណ្តាក់ទុនរកស៊ីនៅក្នុងខេត្តនេះ។
លោក Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចំាកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីនុកាលពីម្សិលមិញ បានធ្វើការវាយតម្លៃខ្ពស់លើការរីកចម្រើនយ៉ាងឆាប់រហ័ស របស់ខេត្តព្រះសីហនុ ជាពិសេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ននេះ ។
លោកបន្តថា “ការចូលមកវិនិយោគ និងធ្វើទេសចរណ៍ មកកាន់ខេត្តព្រះសីហនុជាផ្នែកមួយ ក្នុងការជួយជម្រុញកំនើនសេដ្ឋកិច្ចជាតិ ក្នុងនោះក៏មានអ្នកវិនិយោគ ជាជនជាតិថៃមួយចំនួនបានមកបណ្តាក់ទុនរកស៊ីនៅទីនេះផងដែរ”។
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំពីស្ថានភាពភូមិសាស្ត្រ និងវឌ្ឍនភាព នៃការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាបន្តបន្ទាប់លើវិស័យជាច្រើន ក្រោមការយកចិត្តទុកដាក់ពីប្រមុខនៃរាជរដ្ឋាភិបាល។ លោកបន្តទៀតថា កន្លងមកមាននាវាកងទ័ពជើងទឹករបស់ថៃចំនួន២៦គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ដោយអាជ្ញាធររបស់យើង មានកិច្ចសហប្រតិបត្តិការគ្នាបានយ៉ាងល្អ និងបានធ្វើការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកផងដែរ។
លោកអភិបាលខេត្ត ក៏បានស្នើ លោក Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ បន្តការគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការ បង្ការបង្រ្កាបគ្រឿងញៀន ការពារសុវត្ថិភាពលើផ្លូវសមុទ្រ និងការអភិវឌ្ឍធនធានមនុស្ស ទៅលើវិស័យនេះផងដែរ៕






