រដ្ឋាភិបាលចិនគាំទ្រមូលធនដល់វិស័យឯកជនមកបង្កើតរោងចក្រចំរាញ់រុក្ខជាតិ ឱសថនៅកម្ពុជា

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រោមការសម្លឹងឃើញពីស្ថានភាពដ៏ល្អប្រសើរ លើការវិនិយោគនៅកម្ពុជាក្រុមហ៊ុនចិនដ៏ធំមួយ បានបង្ហាញពីមហិច្ឆិតារបស់ខ្លួន ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា រួមមានការបង្កើតកសិដ្ឋានដាំដុះរុក្ខជាតិឱសថ ការបង្កើតវិទ្យាស្ថានពិសោធន៍ រួមជាមួយនឹងការបង្កើតចំរាញ់រុក្ខជាតិឱសថ បម្រើដល់វិស័យសុខាភិបាលក្រោមការគាំទ្រថវិកាពីរដ្ឋាភិបាលចិន។

លោកឧកញ៉ា ឆាវ អ៊ីនទ័រ ដែលបានដឹកនាំប្រតិភូមកពីក្រុមហ៊ុន Khmer Holding Group និង Shanxi Institute of National Medical Biology ចូលជួបរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ដោយបានលើកឡើងពីគោលបំណងចម្បងនៃការបណ្តាក់ទុនវិនិយោគនៅក្នុងកម្ពុជា។

លោកឧកញ៉ាបានមានប្រសាសន៍ថា “ទំនាក់ទំនងរបស់រាជរដ្ឋាភិបាលកម្ពុជា និងចិនក្នុងនាមជាមិត្តដែកថែប បាននាំមកនូវសមទ្ធិផល និងភាពរីកចម្រើនគួរជាទីមោទន ជាពិសេសភាពស្និទ្ធស្នាលរវាងប្រជាជននៃប្រទេសទាំង២”។ លោកបន្តថា “តាមរយៈសមិទ្ធផលនេះ ពិតជាបានមកពីកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ និងគ្រប់ជ្រុងជ្រោយរបស់រដ្ឋាភិបាល”។

លោកបានបញ្ជាក់ថា គោលបំណងសំខាន់នៃកិច្ចជុំនួបនាពេលនេះ ដើម្បីស្នើសុំកិច្ចសហការ និងការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការបង្កើតវិទ្យាស្ថានស្រាវជ្រាវ និងបង្កើតរោងចក្រចំរាញ់រុក្ខជាតិឱសថ និងស្វែងរកផ្ទៃដីដំដុះរុក្ខជាតិឱសថ ដែលគម្រោងនេះគាំទ្រថវិកាពីរដ្ឋាភិបាលចិន។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានសម្តែងការស្វាគមន៍ និងគាំទ្រចំពោះគម្រោងវិនិយោគដាំដុះរុក្ខជាតិឱសថ បង្កើតវិទ្យាស្ថាន និងរោងចក្រចំរាញ់រុក្ខជាតិឱសថ នៅកម្ពុជានាពេលអនាគត។ គម្រោងដ៏មានសារសំខាន់នេះ ពិតជាចូលរួមចំណែក កាត់បន្ថយបរិមាណនាំចូលឱសថនាពេលអនាគត។

លោករដ្ឋមន្ត្រីបានណែនាំឱ្យក្រុមហ៊ុនសិក្សាអំពីទីតាំង និងទំហំផ្ទៃដីដាំដុះរុក្ខជាតិឱសថនេះ ជាពិសេសដោយសារគម្រោងវិនិយោគនេះ ត្រូវបានការគាំទ្រពីរាជរដ្ឋាភិបាល​ចិន លោកបានស្នើសុំឱ្យក្រុមហ៊ុនធ្វើការទំនាក់ទំនង ជាមួយស្ថានទូតចិននៅកម្ពុជា ដើម្បីទទួលបានកំណត់ទូតច្បាស់លាស់ ស្នើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការផ្តល់កិច្ចសហការឲ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយ។

ទំហំនៃការនាំចេញកសិផលកម្ពុជា ទៅកាន់ប្រទេសចិនកាលពីពេលកន្លងមកនេះរួមមានដូចជា អង្ករ ដំឡូងមីក្រៀម ចេកអំបូងលឿងស្រស់ គ្រាប់ស្វាយចន្ទី និងដំណាប់ស្វាយ។ល។ ជាងនេះទៅទៀត មុខទំនិញមួយចំនួន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន និងកំពុងសហការជាមួយរដ្ឋបាលគយចិនរៀបចំពិធីសារដើម្បីឈានទៅធ្វើការនាំចេញទៅកាន់ទីផ្សារចិននាពេលអនាគត។ ដោយឡែកចំពោះគម្រោងវិនិយោគបង្កើតវិទ្យាស្ថានស្រាជ្រាវ ដាំដុះ ធ្វើការចំរាញ់រុក្ខជាតិឱសថនៅកម្ពុជា សំដៅចូលរួមប្រើប្រាស់វត្ថុធាតុដើម បង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើនចំណូល កាត់បន្ថយបរិមាណនាំចូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here