ដោយ គង់ សូរិយា
ភ្នំពេញៈ សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia លោក យិន លាងគង់ បានចុះកិច្ចព្រមព្រៀងសហការលក់សៀវភៅមួយចំនួន ជាមួយលោកអ៊ូ គឹមសេង សមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD និង បណ្ណាល័យ អេឡិចត្រូនិក KUMNIT APP ។

ការចុះកិច្ចព្រមព្រៀងនេះ បានធ្វើឡើងកាលពីចុងសប្តាហ៍មុន ដោយលោកយិន លាងគង់ ដែលជាសហគ្រិនខ្មែរដ៏ល្បីមួយរូប និងជាម្ចាស់វេបសាយ Property Area បានសម្រេចយកស្នាដៃរបស់លោកមួយចំនួន ដើម្បីដាក់លក់ក្នុងបណ្ណាល័យអេឡិកត្រូនិក KUMNIT APP។
លោកយិន លាងគង់ ដែលបានប្រឡូកក្នុងអាជីពសារព៌តមាន ជាង២០ឆ្នាំកន្លងមកនេះ មិនត្រឹមតែជាអ្នកនិពន្ឋផ្នែកសារព៌តមាននោះទេ ប៉ុន្តែលោកជាអ្នកនិពន្ឋល្បីឈ្មោះមួយរូបផងដែរ ដោយលោកធ្លាប់និពន្ឋប្រលោកលោករឿង “ថ្ងៃរះពីទិសខាងលិច” ជាប់លេខ៤ទូទាំងប្រទេស ក្នុងពានរង្វាន់៧មករា លោកនិពន្ឋល្ខោននិយាយ” រឿងរកាខ្នុរចំណោទស្នេហ៍” រឿង “អូនជាស្រមោលបង” ដែលបានចាក់ផ្សាយក្នុងវិទ្យុ FM99Mzh វិទ្យុជាតិកម្ពុជា។
ថ្មីៗនេះលោកបាននិពន្ឋប្រលោមលោករឿង “ដួងច័ន្ឌ តារា” ដែលជាប្រលោមលោកនិយាយអំពីប្រវត្តិសាស្ត្រកម្ពុជា ឡាវ និងប្រលោមលោករឿង “អារម្មណ៍” ផងដែរ។
លោកក៏បាននិពន្ឋសៀវភៅចំណេះដឹងទូទៅ ដូចជា ២៧ចំណុចគួរពិចារណាមុនចូលខ្លោងទ្វារអាពាហ៍ពិពាហ៍ “សិល្បៈសម្របខ្លួនចូលគ្រួសារថ្មី ក្រោយអាពាហ៍ពិពាហ៍” សិល្បៈកសាងភាពសុខដុមក្រោមអាពាហ៍ពិពាហ៍” ប៉ុន្តែសៀវភៅទាំងនេះលោកមិនបានដាក់ឈ្មោះរបស់លោកជាអ្នកនិពន្ឋទេ ប៉ុន្តែលោកបានប្រើឈ្មោះច្រាយ ចំណានដែលជាឈ្មោះហៅក្រៅរបស់លោក។

ជាមួយគ្នានេះ លោកលោក អ៊ូ គឹមសេង បានប្រាប់សារព័ត៌មាន SBT News ពីគោលបំណងធំៗទាំង៣ ក្នុងការសហការលើកិច្ចព្រមព្រៀងនេះ រួមមាន ទី១ ដើម្បីលើកទឹកចិត្ត ជម្រុញទឹកចិត្ត និងបំផុសបំផុលឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសសិស្ស និស្សិត យុវជន សហគ្រិន ក៏ដូចជាសាធារណៈជនទូទៅផងដែរ ឱ្យពួកគាត់ចាប់ផ្ដើម ស្រលាញ់ការអាន ចាប់ផ្ដើមស្រលាញ់ការអភិវឌ្ឍន៍ខ្លួនឯង តាមរយៈការអាន ឬមើលសៀវភៅតាមលក្ខណៈ Digital book ដែលវាជួយផ្តល់នូវភាពងាយស្រួល ទៅដល់អ្នកអានទូទៅ ដើម្បីឱ្យពួកគាត់អាចស្រាវជ្រាវ សិក្សាររៀនសូត្របានគ្រប់ពេលវេលា និងគ្របទីកន្លែងទាំងអស់ តាមរយៈSmartshone របស់ពួកគាត់ ដែលវាស្របទៅនឹងភាពជឿនលឿននៃសម័យកាលបច្ចេកវិទ្យា ។
ទី២ ដើម្បីចូលរួមផ្សព្វផ្សាយ និងលើកស្ទួយស្នាដៃអ្នកនិពន្ធ ក្នុងស្រុករបស់យើង ឱ្យកាន់តែទូលំទូលាយ ជាពិសេសគឺពួកគាត់ អាចមានប្រភពចំនូលមួយផ្នែកទៀត តាមរយៈការដាក់លក់សៀវភៅ ដែលជាស្នាដៃកម្មសិទ្ធបញ្ញារបស់ពួកគាត់ នៅក្នុងបណ្ណាល័យ អេឡិចត្រូនិក KUMNIT APP។ លើសពីនេះទៅទៀត យើងនឹងធ្វើការផ្សព្វផ្សាយដើម្បីឱ្យពួកគាត់មានភាពល្បីល្បាញ ទាំងនៅក្នុងស្រុក និងទៅសាកលលោក ។

ទី៣ ដើម្បីចូលរួមជាផ្នែកមួយក្នុងការអភិវឌ្ឍន៍វិស័យអប់រំបែប Digital និង ចូលរូមអភិវឌ្ឍន៍ធនធានមនុស្យប្រទេសកម្ពុជា យើងឱ្យកាន់តែមានភាពល្អប្រសើរឡើង ថែមមួយកម្រិតទៀត៕






