ផ្លូវក្រវ៉ាត់ក្រុងទី ៤ អាចនឹងតភ្ជាប់ពីផ្លូវជាតិលេខ ៥១ និងផ្លូវជាតិលេខ៤១

0

ដោយវុត្ថា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបឱ្យដឹងថា ផ្លូវក្រវាត់ក្រុងទី ៤ អាចនឹងតភ្ជាប់ពីផ្លូវជាតិ ៥១ ទៅកាន់ផ្លូវជាតិលេខ ៤១ ដែលផ្លូវជាតិទាំងពីរនេះ ជាច្រកសេដ្ឋកិច្ច និង មានសក្តានុពលខ្ពស់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន នៅក្នុងពិធីចុះពិនិត្យការស្ថាបនាផ្លូវក្រវាត់ក្រុងទី ៣ កាលពីកន្លងមកថ្មីៗនេះ បាន ឱ្យដឹងថារាជ រដ្ឋាភិបាលកំពុងសិក្សាលទ្ធភាពស្ថាបនាផ្លូវក្រវាត់ក្រុងទី ៤ ប៉ុន្តែមិនទាន់មានការកំណត់ទីតាំងច្បាស់ ហើយស្ថាបនានៅពេលណាក៏មិនទាន់ដឹងច្បាប់នៅឡើយដែរ។

លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ឱ្យដឹងដែរថា ជាការពិតណាស់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបាននឹងកំពុងសិក្សាលទ្ធភាពស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី ៤ បន្ទាប់ពីទី៣ តែបច្ចុប្បន្ននេះ ក្រសួងបានឱ្យក្រុមហ៊ុនឯកជនសិក្សាពីគម្រោងនេះ តែមិនទាន់ដឹងចំពោះលទ្ធផលសិក្សាតភ្ជាប់ពីនពីណាទៅណានោះទេ។

លោកបន្តថា នៅពេលក្រសួងទទួលបានលទ្ធផលពីការសិក្សារួចរាល់ ក្រសួងនឹងបង្ហាញជាសាធារណៈហើយ ចំពោះគម្រោងផ្លូវក្រវ៉ាត់ក្រុងទី ៤ដែលមានការតភ្ជាប់ពីផ្លូវណាទៅណា ពីតាំងណាទៅ ទីតាំងណាហើយ តែបច្ចុប្បន្នក្រុមហ៊ុនកំពុងសិក្សាពីផលប៉ះពាល់ និងលទ្ធភាពសាងសង់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់កន្លងមកនេះដែរថា បច្ចុប្បន្ននេះ ក្រសួងបាននឹងកំពុងសិក្សាលទ្ធភាពសងសង់ផ្លូវក្រវ៉ាត់ក្រុងទី ៤ មួយទៀត សម្រាប់ជំរុញការដឹកជញ្ជូន និងធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យកាន់តប្រសើរឡើងថែមទៀតដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងកកស្ទះចរាចរណ៍។

លោកថា “គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ បច្ចុប្បន្ននេះក្រុមហ៊ុនជំនាញកំពុងតែបន្តការសិក្សាលម្អិតទៅលើទីតាំង និងផលប៉ះពាល់នៃគម្រោង ដើម្បីចាប់ផ្តើមដំណើរការសាងសង់ទៅតាមផែនការ”។

លោកបន្តទៀតថា “ពេលនេះយើងកំពុងតែសិក្សា ជាមួយនឹងការកំណត់ទីតាំងសម្រាប់សាងសង់ផងដែរដែរ ប៉ុន្តែយើងមិនទាន់ធ្វើការផ្សព្វផ្សាយជាសាធារណៈឱ្យទូលំទូលាយនោះទេ ជៀសវាងកុំឱ្យឈ្មួញដើរទិញដីទុក ឆ្លៀតឱកាសយកចំណេញ ដែលអាចប៉ះពាល់ដល់គម្រោងផែនការ និងខ្ទង់ចំណាយលើការសាងសង់”។

លោកបន្ថែមថា គម្រោងផ្លូវប្រវ៉ាត់ក្រុងទី៤ ត្រូវបានធ្វើការសិក្សាដោយក្រុមហ៊ុនជំនាញសាងសង់ Shanghai Construction Group របស់ចិន ដែលកំពុងបន្តសកម្មភាពសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅពេលសព្វថ្ងៃនេះ។

លោកបញ្ជាក់ទៀតថា ការសិក្សាលម្អិតស្ដីពីផលប៉ះពាល់ និងកំណត់ពេលវេលាមុននឹងសម្រេចជាផ្លូវការនៅមិនទាន់កំណត់ប្រកាសជាផ្លូវការនៅពេលណានោះទេ ខណៈការពិនិត្យ និងសិក្សាត្រូវប្រើពេលវេលាយូរ ត្រូវធ្វើទៅតាមនីតិវិធី ហើយនៅពេលក្រសួងសិក្សាចប់ក្រសួងនឹងប្រកាសជាផ្លូវការ។

ផ្លូវជាតិលេខ ៥១ និង ៤១ នាពេលបច្ចុប្បន្ននេះ បាននឹងកំពុងមានសកម្មភាពសេដ្ឋកិច្ច និងសក្តាពលនុពលខ្ពស់លើវិស័យអចលនទ្រព្យ និងគម្រោងវិនិយោគធំៗជាច្រើនរួមមានគម្រោសាងសង់រោងចក្រ សហគ្រាស និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតាមដងផ្លូវនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here