កម្ពុជា កំពុងជំរុញ និងបង្កើនមុខទំនិញផ្គត់ផ្គង់នៅទីផ្សារកូរ៉េ

0

ដោយ ៖ រ៉ាណេត

កូរ៉េ ៖ រដ្ឋាភិបាលកម្ពុជាតាមរយៈស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង បាន និងកំពុងជំរុញ និងបង្កើនមុខទំនិញសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារនៅប្រទេសកូរ៉េតាមរយៈក្រុមហ៊ុនដែលធ្លាប់សហការជាមួយគ្នាស្រាប់។

ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះបានបញ្ជាក់ថា ក្រុមការងារពាណិជ្ជកម្មនៃស្ថានទូតកម្ពុជា ដឹកនាំដោយលោក ខាត់ ចិន អនុព័ន្ធពាណិជ្ជកម្ម បាននាំយកផលិតផលគំរូរបស់កម្ពុជាមួយចំនួនទៅបង្ហាញដល់ក្រុមហ៊ុនជាដៃគូដែលមានស្រាប់ និងបន្តស្វែងរកកិច្ចសហការថ្មីបន្ថែមទៀត ដើម្បីនាំយកមុខទំនិញ និងផលិតផលកម្ពុជាចូលទីផ្សារប្រទេសកូរ៉េបន្ថែមទៀត ។

លោកបានបន្តថា “ផលិតផល និងមុខទំនិញថ្មីៗដែលកម្ពុជាមានបំណងនាំចូលទីផ្សារកូរ៉េ រួមមាន ស្ករស គ្រាប់ស្វាយចន្ទី និងម្រេច របស់កម្ពុជា ដើម្បីផ្ដល់ជូនក្រុមហ៊ុនបញ្ជាទិញធំមួយរបស់កូរ៉េដែលមានបំណងចង់បន្ដនាំចូល និងចែកចាយលើទីផ្សារកូរ៉េ ខណៈដែលបច្ចុប្បន្ននេះក្រុមហ៊ុនបាននាំចូលត្រឹមតែជា ផ្លែស្វាយ គល់ស្លឹកគ្រៃ ស្លឹកចេក ត្រយ៉ូងចេក និងរំដេង ។ល។”។

លោក ឡុង ឌីម៉ង់ បានបន្តឱ្យដឹងទៀតថា ជាមួយនឹងការបង្កើនមុខទំនិញកម្ពុជាក្នុងផ្គត់ផ្គង់ទីផ្សារប្រទេសកូរ៉េខាងលើនេះ ភាគីក្រុមហ៊ុនកូរ៉េបានពឹងពាក់តាមរយៈស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េ ជួយប្រមូលព័ត៌មានបន្ថែមពាក់ពា័ន្ធទៅនឹង ផលិតផលកសិផល ដូចជា កង្កែបសាច់ ត្រីក្រហម ត្រីរស់ ត្រីអណ្ដែង ត្រីប្រា ។ល។

លោកបញ្ជាក់ថា “ជាការកត់សម្គាល់សម្រាប់ខ្ញុំគឺ កម្ពុជាមានប្រភពផ្គត់ផ្គង់ផលិតផលកសិផលច្រើនប្រភេទ រួមមានដូចជា ត្រី សាច់ បន្លែ ដូចបណ្ដាប្រទេសដែលផ្គត់ផ្គង់មកលើទីផ្សារកូរ៉េ តែបញ្ហាប្រឈមនោះត្រង់ថា មិនទាន់រត់ចូលស្ដង់ដា គុណភាព អនាម័យ និងសុខភាព ដែលសម្រាប់ប្រព័ន្ធត្រួតពិនិត្យរបស់កូរ៉េគឺតឹងរឹងបំផុតលើកត្តាទាំងអស់នេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here