គម្រោងផ្សារទំនើបចំនួន ៩ ត្រូវបានប្រកាសពន្យាពេលដំណើរការ

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ គម្រោងផ្សារទំនើបចំនួន ៩ ត្រូវបានប្រកាសពន្យាពេលដំណើរការនៅក្នុងឆ្នាំ២០២០នេះ ដែលបង្កឡើងដោយការផ្ទុះឡើងនូវជំងឺ Covid-19 និងវិបត្តិសេដ្ឋកិច្ចសកលដែលនៅបន្តគំរាមកំហែង ។

របាយការណ៍របស់ក្រុមហ៊ុនភ្នាក់ងារអចនទ្រព្យ CBRE Cambodia បានចេញផ្សាយកាលពីពេលថ្មីៗនេះថា តាមការស្រាវជ្រាវរបស់ក្រុមហ៊ុន បច្ចុប្បន្ននេះ មានគម្រោងផ្សារទំនើបចំនួន ៩ ស្មើទំហំផ្គត់ផ្គង់ប្រមាណ ១៥០ ០០០ ម៉ែត្រការ៉េ បានប្រកាសពន្យាពេលនៅក្នុងឆ្នាំ២០២០នេះ រួមមានផ្សារសហគមន៍ចំនួន ៣ ផ្សារទំនើបនៅក្នុងអគារពាណិជ្ចកម្មចំនួន ៣ និងផ្សារទំនើបធំៗចំនួន ៣ ដែលបង្កឡើងដោយវិបត្តិសេដ្ឋកិច្ចពិភពលោក។

លោកស្រី អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា គម្រោងផ្សារទំនើប ដែលបានប្រកាសពន្យាពេលនេះ ស្របពេលដែលទីផ្សារនៅក្នុងវិស័យនេះទទួលរងនូវផលប៉ះពាល់ពីជំងឺ Covid-19។

លោកស្រីពន្យល់ថា “ម្ចាស់តូបជួលមួយចំនួនបានផ្លាស់ប្តូរទីតាំងរបស់ខ្លួន ដូច្នេះវានឹងបន្តទទួលរងនូវផលប៉ះពាល់ពេលមួយឆ្នាំ និងអូសបន្លាយដល់ដាច់ឆ្នាំ២០២០នេះ”។ លោកស្រីបញ្ជាក់ទៀតថា “ប្រសិនបើវិបត្តិនៃជំងឺ Covid-19 នេះនៅតែអូសបន្លាយនោះ វានឹងនៅតែបន្តជះឥទ្ធិអាក្រក់លើវិស័យមួយនេះបន្ថែមទៀត”។

យោងតាមរបាយការណ៍ ដែលចេញដោយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានបង្ហាញថា ទីផ្សារជួលតូបនៅក្នុងផ្សារទំនើប (Retail) នៅកម្ពុជា គិតត្រឹមចុងឆមាសទី១ (ចុងខែមិថុនា) មានភាពអវិជ្ជមានខ្លាំង ពោលគឺធ្លាក់រហូតដល់ដក១៩ភាគរយ ដែលបង្កឡើងដោយការរីករាលដាលនៃជំងឺ Covid-19 ៕

LEAVE A REPLY

Please enter your comment!
Please enter your name here