ដោយ ៖ វុត្ថា
សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងរៀបចំសេចក្ដីព្រាងផែនការមេសម្រាប់អភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២០-២០៣៥ ដើម្បីគ្រប់គ្រងលើការអភិវឌ្ឍវិស័យទេសចរណ៍ច្បាស់លាស់ និងកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានដល់តំបន់អង្គរ ធនធានធម្មជាតិបានជាអតិបរមាសំដៅទាក់ទាញភ្ញៀវទេសចរ។

លោក អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាបនៅក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សានៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ បានថ្លែងថា ការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២០-២០៣៥ បានឆ្លុះបញ្ចាំងពីឆន្ទៈរបស់រាជរដ្ឋាភិបាល ដែលចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង ចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការលើកស្ទួយវប្បធម៌ជាតិ និងទ្រទ្រង់ដល់កិច្ចគាំពារបរិស្ថានយ៉ាងមានប្រសិទ្ធភាព ។
លោកបន្តថា “ការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តយើងនេះគឺធ្វើយ៉ាងណាឱ្យមាននិរន្តរភាព ព្រោះរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប និងតំបន់ជុំវិញជា “គោលដៅទេសចរណ៍ប្រកបដោយគុណភាព មានការគ្រប់គ្រងលើកិច្ចអភិវឌ្ឍវិស័យទេសចរណ៍ច្បាស់លាស់ និងកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានដល់តំបន់អង្គរ និងធនធានធម្មជាតិបានជាអតិបរមាសំដៅទាក់ទាញភ្ញៀវទេសចរ”។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ជាក់ថា សេចក្ដីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២០-២០៣៥ មានចំនួន១០ជំពូក ដោយផ្អែកលើអភិក្រមគោលចំនួន២ គឺ ៖ ទី១. ការគ្រប់គ្រងប្រកបដោយនិរន្តរភាពទៅលើសម្បត្តិបេតិកភណ្ឌទាំងរូបិយ និងអរូបិយ ប្រកបដោយ គុណតម្លៃវិសេសវិសាល និងទី២. ការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ និងបរិយាប័ន្ន ដែលមានការគិតគូរដល់ផលប្រយោជន៍ សេដ្ឋកិច្ច និងសង្គមសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន ។
លោកបន្តឱ្យដឹងថា ផែនការមេនេះ ក៏ត្រូវសម្រេចឱ្យបាននូវបំណងប្រាថ្នាចំនួន៣ដែរ គឺ ៖ ទី១. សៀមរាប គឺជាខេត្តទេសចរណ៍អន្តរជាតិដ៏គួរឱ្យចាប់អារម្មណ៍ និងមានការទទួលស្គាល់ជាលក្ខណៈជាសកលលើការអភិរក្ស និងកិច្ចគាំពារសម្បត្តិបេតិកភណ្ឌវប្បធម៌ និងបរិស្ថានធម្មជាតិ ដោយផ្តល់ជូននូវធនធានទេសចរណ៍ និងភាពទាក់ទាញជាច្រើនទៀត។ ទី២. ធានាឱ្យបានផលប្រយោជន៍សេដ្ឋកិច្ច -សង្គមជាអតិបរមាពីវិស័យទេសចរណ៍ ពោលគឺតំបន់ប្រវត្តិសាស្ត្រអង្គរ តំបន់ទីក្រុងដែលមានស្ទឹងសៀមរាប តំបន់ទន្លេសាប ឧទ្យានជាតិគូលេន និងតំបន់ជនបទ ដែលជាគោលដៅទេសចរណ៍ត្រូវតែភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ។ និង ទី៣. ខេត្តសៀមរាបត្រូវតែធ្វើការផ្លាស់ប្តូរពីគោលដៅទេសចរណ៍ទ្រង់ទ្រាយធំ ទៅជាគោលដៅទេសចរណ៍មានគុណភាព សំដៅទាក់ទាញភ្ញៀវទេសចរមកកម្សាន្តបានម្តងហើយម្តងទៀត និងភ្ញៀវទេសចរ កម្រិតខ្ពស់អាច បង្កើននូវចំណូលជូនប្រជាពលរដ្ឋមូលដ្ឋាន និងកសាងសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយបរិយាប័ន្ន ។
លោកបញ្ជាក់ថា “វិស័យទេសចរណ៍កម្ពុជា បានឆ្លងកាត់ដំណាក់កាលអភិវឌ្ឍន៍ដ៏វែងឆ្ងាយ និងមានភាពបត់បែនជាច្រើន ហើយរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ហើយកម្ពុជាត្រូវបន្តខិតខំ ដើម្បីសម្រេចទិសដៅអនាគតដែលតម្រូវឱ្យមានការកំណត់មាគ៌ាដឹកនាំការអភិវឌ្ឍប្រទេសជាតិដែលគ្រប់គ្រងបាននូវឧបសគ្គ និងផ្តល់ក្តីសង្ឃឹមមានភាពប្រាកដនិយម រក្សាបាននូវសុខដុមនីយកម្ម និងចីរភាពនៃដំណើរការអភិវឌ្ឍរបស់ខ្លួន”៕






