ដោយៈ រ៉ាណេត
កោះកុងៈ រដ្ឋបាលខេត្តដែលស្ថិតនៅតំបន់ឆ្នេរភាគខាងត្បូង នៃប្រទេសចំនួន៣រួមមាន កម្ពុជា វៀតណាម និងថៃ បានសន្និសីទនៃកិច្ចសហប្រតិបត្តិការ ច្រករបៀងសេដ្ឋកិច្ច (CVTEC)លើកទី៣ ដើម្បីស្វែងរកដំណោះស្រាយ និងភាពល្អប្រសើរដល់វិស័យដឹកជញ្ជូន ការធ្វើពាណិជ្ជកម្ម និងលំហូរទេសចរប្រកបដោយសុវត្ថិភាពខ្ពស់។

អភិបាលរងខេត្តកោះកុង លោក ស្រេង ហុង ដែលបានដឹកនាំប្រតិភូចូលរួមសន្និសីទកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចកម្ពុជា វៀតណាម ថៃ(CVTEC) លើកទី៣ តាមអនឡាញនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានប្រាប់ឱ្យដឹងថា កិច្ចប្រជុំនិងសន្និសីទខាងលើនេះ គឺធ្វើឡើងក្រោមវត្តមានរបស់ លោក និយម វ៉ារ៉ាត់ផានិត ប្រធានគណៈកម្មាធិការកិច្ចតំបន់ឆ្នេរ កម្ពុជា វៀតណាម ថៃ (CVTEC) ដែលតំណាងភាគីថៃ។
លោកបានឱ្យដឹងថា តួនាទីរបស់CVTEC គឺការលើកស្ទួយច្រករបៀងសេដ្ឋកិច្ចតំបន់ឆ្នេរភាគខាងត្បូង ដែលធ្វើយ៉ាងណាបង្កភាពងាយស្រួល ដល់ភាគីប្រទេសដែលជាសមាជិក។ នៅក្នុងកិច្ចជំនួបខាងលើនេះ ក៏មានការធ្វើបច្ចុប្បន្នភាពទៅលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ច កម្ពុជា វៀតណាម ថៃ(CVTEC) បន្ទាប់ពីចុះហត្ថលេខាលើការលើកស្ទួយ និងជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ចកម្ម ការវិនិយោគ ការដឹកជញ្ជូន ទេសចរណ៍ និងMICE តាមរយៈច្រករបៀងសេដ្ឋកិច្ចតំបន់ឆ្នេរក្នុងចំណោមប្រទេស កម្ពុជា វៀតណាម និងប្រទេសថៃផងដែរ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍កាលពីពេលកន្លងទៅថ្មីៗនេះថា ការធ្វើបច្ចុប្បន្នភាពទៅលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ច កម្ពុជា វៀតណាម ថៃ (CVTEC) កាលពីពេលកន្លងទៅនេះ សភាពាណិជ្ជកម្មកម្ពុជា តំណាងក្នុងវិស័យឯកជន ក្រោមការគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសភាពាណិជ្ជកម្ម តាមបណ្តាខេត្តដែលស្ថិតនៅតំបន់ព្រំប្រទល់ ក៏ដូចជាតំបន់ឆ្នេរបានធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីសម្រួលដល់ដំណើរការច្រកសេដ្ឋកិច្ចទាំងនេះផងដែរ។
លោកឧកញ៉ាបានបញ្ជាក់ថា “ការធ្វើពាណិជ្ជកម្ម ក៏ដូចជាការដឹកជញ្ជូនឆ្លងកាត់ព្រំដែន កាលពីពេលកន្លងទៅថ្មីៗនេះ ដោយសារភាពភ័យខ្លាចនៃការរាតត្បាតជំងឺ Covid-19 ភាគីនៃប្រទេសជិតខាងកម្ពុជា រួមមានប្រទេសវៀតណាម និងប្រទេសថៃ បានសម្រេចបិទច្រកព្រំដែនមួយចំនួនដោយឯកតោភាគី ដែលទង្វើនេះបានជះឥទ្ធពលអវិជ្ជមាន ដល់ពាណិជ្ជករ និងទទួលរងនូវការខាតបង់”។
កាលពីពេលកន្លងទៅ ដោយសារតែមានការបិទច្រកព្រំដែន ដោយឯកតោភាគី ដូចជា ប្រទេសវៀតណាម និងប្រទេសថៃជាដើម បានធ្វើឱ្យទាំងពាណិជ្ជករកម្ពុជា ក៏ដូចជាពាណិជ្ជកម្មដែលស្ថិតនៅក្នុងប្រទេសសាមីខ្លួនឯង ទទួលរងនូវការខាតបង់ប្រយោជន៍ ដូចជាការដឹកជញ្ជូនដំឡូង ស្រូវ អង្ករ និងផលិតផលផ្នែកកសិកម្មផ្សេងៗមួយចំនួនទៀត ទៅកាន់ទីផ្សារដែលត្រូវឆ្លងកាត់ព្រំដែន៕






