ដោយ ៖ វុត្ថា
ភ្នំពេញ៖ បើមិនមានអ្វីប្រែប្រួលនោះទេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញជាធិបតីនៅក្នុងពិធីបើកដំណើរការសាកល្បងនូវសួនទឹកកម្សាន្តអន្តរជាតិ Garden City Water Park នៅចុងសប្តាហ៍នេះ ដែលស្ថិតនៅមហាវិថីឈ្នះឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ ស្តីពីការបញ្ចៀសចរាចរណ៍រថយន្តដឹកទំនិញ រថយន្តធុនធំ និងរថយន្តដឹកដីជាបណ្តោះអាសន្ននៅក្នុងអំឡុងពេលបើកដំណើរការសាកល្បងសួនទឹកកម្សាន្តអន្តរជាតិ Garden City Water Park នាថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២០ខាងមុខ។
សួនទឹក Garden City Waterparkដ៏ធំនេះ ត្រូវបានសាងសង់លើផ្ទៃដី៦ហិកតា ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មីរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ចំងាយប្រមាណ១៨គីឡូម៉ែត្រពីរាជធានីភ្នំពេញជាប់នឹងសួនសត្វ Phnom Pen Safari ។
សួនទឹក Garden City Water Park វិនិយោគដោយក្រុមហ៊ុន LYP Group ក្នុងទំហំទឹកប្រាក់វិនិយោគប្រមាណជាង៥៥លានដុល្លារអាមេរិក ដែលសាងសង់ដោយ ក្រុមហ៊ុន white water group របស់ក្រុមហ៊ុនអង់គ្លេស មានឧបករណ៍កម្សាន្តច្រើនជាងសួនទឹក Cartoon Newtwork របស់ថៃ ៥0ភាគរយ មានរលកសម្បនិម្មិតកម្ពស់៣.៥ ម៉ែត្រ និងទំហំ៦.៣ ហិចតា ។

សួនទឹកនេះនឹងក្លាយជាសួនទឹកធំលំដាប់ទី៣ប្រចាំតំបន់អាស៊ាន បន្ទាប់ពីសួនទឹក Sunway lagoon ដែលមានទំហំ៣២ហិចតា របស់ម៉ាឡេស៊ី និងសួនទឹក Ramaynak ទំហំ១៨ហិចតារបស់ថៃទើបតែបើកថ្មីៗនេះ Garden City Water Park ដែលត្រៀមទម្លាក់តំណែងសួនទឹក Cartoon Network Pattaya របស់ថៃលើទំហំដី៥.៧ហិចតា ទៅលំដាប់ទី៤ផងដែរ។
លោក សេង ង៉ុក អគ្គនាយកក្រុមហ៊ុន LYP Group ធ្លាប់បានឱ្យដឹងថា ការអភិវឌ្ឍន៍សួន Garden City Water Park នេះនឹងផ្តល់ឱ្យទីក្រុងភ្នំពេញនូវសួនទឹក និងកន្លែងកម្សាន្តដែលមានលក្ខណៈស្តង់ដារអន្តរជាតិ។ សួនទឹកកម្សាន្តនេះ គឺជាគម្រោងធំជាងគេទី១ក្នុងតំបន់អាស៊ី ពោលគឺដណ្តើមតំណែងធំជាងសួនទឹកកម្សាន្ត នៅប៉ាតាយ៉ា ប្រទេសថៃ ដែលមានឈ្មោះថា Cartoon Network Waterpark រហូតដល់ទៅ៥០ភាគរយឯណោះ។
លោកបញ្ជាក់ថា លក្ខណៈពិសេសរបស់សួនទឹកកម្សាន្ត ដ៏ធំដំបូងគេបង្អស់នៅកម្ពុជានេះ មានកន្លែងសំខាន់ៗដូចជា សមុទ្រសិប្បនិម្មិត ដែលទឹករលកកម្ពស់៣ម៉ែត្រកន្លះ ទឹកជ្រោះធ្លាក់ដ៏ស្រស់ស្អាត កន្លែងរំអិលទឹកខ្ពស់ ទឹករាំតាមចង្វាក់ភ្លេង កន្លែងក្មេងលេងជាច្រើន និងកន្លែងសំខាន់ៗផ្សេងទៀត។ សួនទឹកកម្សាន្ត Garden City Water Parkនេះ សាងសង់រំលេចទៅតាមបែបរចនាបថសម័យអង្គរដែលមានរូបអប្សរា ដំរី បាយ័ន អង្គរវត្ត លាយឡំទៅនឹងរចនាបថសម័យទំនើបមកពីអឺរ៉ុប និងអាមេរិក៕






