រដ្ឋបាលរាជធានីភ្នំពេញចាប់ផ្តើមសាងសង់របងថ្ម នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខទីស្ដីការគណៈរដ្ឋមន្ត្រី

0

ដោយ ៖ វុត្ថា
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមអនុវត្ត គម្រោងនៃការស្ថាបនារបងថ្ម នៅមុខទីស្តីការគណៈរដ្ឋមន្ត្រីតាមបណ្តាយមហាវិថីសហព័ន្ធរុស្ស៊ី ប្រវែងជិត១គីឡូម៉ែត្រ ដោយចាប់ពីការ៉ាសសាំងតូតាល់រហូតដល់ស្តុបវត្តនាគវ័ន្តបានចាប់ផ្តើមដំណើរការហើយ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញបានរៀបការ៉ូឡា ចាប់ពីតារាសាំងតូតាល់ រហូតដល់ផ្លូវR៦ (ស្តុបក្តាន់២) រួចរាល់។

រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ថា គម្រោងនៃការរៀបចំសាងសង់របងថ្ម នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខទីស្ដីការគណៈរដ្ឋមន្ត្រីនេះ គឺគ្រោងធ្វើឡើងជាពីរដំណាក់កាល។

ក្នុងនោះតំណាក់កាលទី១ ចាប់ផ្ដើមអនុវត្តការដ្ឋានចេញពីការា៉សសាំងតូតាល់រហូតដល់ផ្លូវ R៦ (ស្តុបក្តាន់២) មានប្រវែង៦៥០ម៉ែត្រ កម្ពស់ ២ម៉ែត្រ ។ តំណាក់ការទី២ ចាប់ផ្ដើមពីផ្លូវ R៦ (ស្តុបក្តាន់២)នេះរហូតដល់ស្តុបវត្តនាគវ័ន្តដែលមានប្រវែង៤៣៧ម៉ែត្រ។

រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា ចំពោះការរៀបចំការ៉ូឡាសម្រាប់ថ្មើរជើង ចាប់ពីតារា៉សសាំងតូតាល់ រហូតដល់ផ្លូវR៦ (ស្តុបក្តាន់២)មានប្រវែង ៦៥០ម៉ែត្រ ក្រុមការងារបានស្ថាបនារួចរាល់ហើយ ហើយពេលនេះក្រុមការងារកំពុងស្ថាបនារបងថ្មទៅតាមគម្រោងបន្តទៀត។

ការរៀបចំធ្វើរបងថ្មជាមួយនឹងការរៀបចំការ៉ូឡាសម្រាប់ថ្មើរជើងខាងលើនេះ ធ្វើឡើងដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរ ដោយសារតែផ្លូវសហព័ន្ធរុស្ស៊ី ជាផ្លូវមួយដែលភ្ញៀវជាតិ និងអន្តរជាតិឆ្លងកាត់រាល់ថ្ងៃ ដូច្នេះដាច់ខាតត្រូវតែរៀបចំផ្លូវនេះឲ្យមានសោភណ្ឌភាព និងសណ្ដាប់ធ្នាប់ល្អប្រសើរ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីដើមខែកក្កដា ឆ្នាំ២០២០ កន្លងនេះបានដឹកនាំអាជ្ញាធរខណ្ឌដូនពេញ និងមន្ទីរជំនាញចុះពិនិត្យមើលស្ថានភាពនៃគម្រោងខាងលើនេះផងដែរ និងបានស្នើឱ្យប្រជាពលរដ្ឋមេត្តាយោគយល់ និងចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ជុំវិញគម្រោងស្ថាបនារបងថ្មមួយនេះ។

លោកអភិបាលរាជធានីភ្នំពេញថ្លែងថា ដោយហេតុថាកំណាត់ផ្លូវនេះ មិនមានផ្លូវថ្មើជើងដើរទេ ដូច្នេះយើងនឹងធ្វើឱ្យមានចិញ្ចើមសម្រាប់អ្នកថ្មើជើងដើរឱ្យបានស្អាត សមជាទីក្រុងដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here