ក្រសួងសាធារណការប្រគល់ផ្លូវជាតិលេខ ៥១ ឱ្យមន្ទីរខេត្តសាធារណការខេត្តកំពង់ស្ពឺមើលថែទាំ

0

ដោយវុត្ថា

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចប្រគល់ផ្លូវជាតិលេខ៥១ ប្រវែង៣៧,៩៥គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកឧដុង្គ (ផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ផ្លូវជាតិលេខ៤)ដែលចំណាយថវិកាជាង ៤០,៨៨ លានដុល្លារអាមេរិក មើលថែទាំឱ្យបានល្អ សម្រាប់បំរើដល់ការដឹកជញ្ជូន និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ថ្លែងក្នុងកិច្ចប្រជុំក្រោយការចុះពិនិត្យគុណភាពនៃការសាងសង់ជាតិលេខ ៥១ នៅថ្ងៃទី ១២ ខែសីហាឆ្នាំ ២០២០ម្សិលមិញនេះ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រសួងប្រគល់ផ្លូវនេះទៅឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ដើម្បីជួលជុលថែទាំកំណាត់ផ្លូវនេះឱ្យបានល្អ និងប្រើប្រាស់ជាប់បានយូរអង្វែង។

លោកក៏បានលើកឡើងអំពីការយកចិត្តទុកដាក់របស់គណៈកម្មការជំនាញ និងក្រុមការងារពិសេសទាក់ទងនឹងគុណភាព និង បច្ចេកទេសនៃការសាងសង់ ក៏ដូចជាប្រព័ន្ធលូ ស្លាកសញ្ញាចរាចរណ៍ និងគំនូសចរាចរណ៍ ចាប់តាំងពីការ ចាប់ផ្ដើមសាងសង់រហូតដល់ការបញ្ចប់ការសាងសង់កំណាត់ផ្លូវនេះ។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការបានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ឱ្យគោរពច្បាប់ ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីគេចផុតពីគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងដោយការធ្វេសប្រហែសធ្វើឱ្យយើងមានវិប្បដិសារីអស់មួយជីវិត និងបានស្នើឱ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញកុំផ្ទុកទំនិញលើសទម្ងន់ កម្រិតកំណត់ដោយច្បាប់បណ្ដាលឱ្យផ្លូវឆាប់ខូចមុនអាយុកាល។

លោករដ្ឋលេខាធិការក៏បានសម្ដែងនូវការកោតសរសើរដល់ក្រុមហ៊ុនសាងសង់ ក៏ដូចជាក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងក្រុមការងារជំនាញរបស់ក្រសួងដែលបានខិតខំប្រឹងប្រែងបំពេញការងារសាង សង់ឱ្យមានគុណភាពល្អ ស្របតាមលក្ខខណ្ឌបច្ចេកទេសត្រឹមត្រូវ និងសោភ័ណភាពល្អ។

ផ្លូវជាតិលេខ៥១ នេះមានប្រវែងសរុប ៣៧,៩៥គីឡូម៉ែត្រ គិតចាប់ពីផ្លូវបំបែកឧដុង្គ (ផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ផ្លូវជាតិលេខ៤) សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ចំណាយថវិកាអស់ ជាង ៤០,៨៨ លានដុល្លារអាមេរិក បើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ និងបាន ប្រគល់ទទួលជាបណ្ដោះអាសន្ននៅឆ្នាំ២០១៩ និងស្ថិតក្រោមការជួសជុលថែទាំរបស់ក្រុមហ៊ុនសាងសង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here