សម្តេចស ខេងៈកម្ពុជានឹងបន្តខិតខំជំនះឧបសគ្គបន្ថែមទៀត បន្ទាប់ពីបាត់បង់ EBA ២០ភាគរយពីសហភាពអឺរ៉ុប

0

ដោយវុត្ថា

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា កម្ពុជានឹងបន្តខិតខំជំនះរាល់ឧបសគ្គបន្ថែមទៀត ក្រោយពីសហភាពអឺរ៉ុប បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយពីកម្ពុជាកាលពីម្សិលមិញនេះ។

សម្តេចក្រឡាហោម ស ខេងបានថ្លែងបែបនេះក្នុងពិធីសម្ពោធអគារ និងសមិទ្ធផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃ ទី១៣ ខែសីហា ឆ្នាំ២០២០នេះថា កម្ពុជានាពេលបច្ចុប្បន្ននេះ មិនដូចកាលពីមុននោះទេ ខណៈដែលសហភាពអឺរ៉ុបបានដកប្រព័ន្ធអនុគ្រោះពន្ធ EBAពីកម្ពុជា តែកម្ពុជានឹងបន្តដោះស្រាយឧបសគ្គ និងបញ្ហាប្រឈមទាំងឡាយ ដែលគ្មានអ្វីក្រៅពីនេះទេ។

យ៉ាងណាក៏ដោយ សម្តេចក្រឡាហោមពន្យល់ថា  “ការដកប្រព័ន្ធអនុគ្រោះពន្ធនេះ មិនមែនកម្ពុជា ផ្តាច់ទំនាក់ទំនងជាមួយសហភាពអឺរ៉ុបនោះទេ ហើយទំនាក់ទំនាក់ទំនងជាមួយសហភាពអឺរ៉ុបនៅតែមានសារៈសំខាន់ និងខិតខំបន្ថែមថែមទៀត”។ សម្តេចបន្ថែមថា “សម្រាប់ទំនិញរបស់កម្ពុជា នៅតែអាចនាំចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុបដដែល គ្រាន់តែវាបង់ពន្ធចំនួនប្រមាណ២០ភាគរយប៉ុណ្ណោះ អីចឹងទំនិញ៨០ភាគរយនៅតែអត់បង់ពន្ធដដែលទេ “។

សម្តេចក្រឡាហោមបានបន្ថែមថា  ដូច្នេះភាគីពាក់ព័ន្ធត្រូវរួមគ្នាដោះស្រាយ និងជម្នះរាល់ការលំបាកទាំងនោះ ដើម្បីរក្សាកំណើនសេដ្ឋកិច្ច ឬស្ថេរភាពនយោបាយ ដែលទាក់ទងទៅបញ្ហា EBAនេះ។។ តែអ្វីដែលសំខាន់នោះ ការពង្រឹងនូវសន្តិសុខ សុវត្ថិភាពនៅតាមមូលដ្ឋាន ពោលការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពនេះ នៅតែជាបញ្ហាសំខាន់សម្រាប់ប្រទេសកម្ពុជា។

ដូចការគ្រោងទុក គណៈកម្មការអឺរ៉ុប (EU) កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ បានចេញសេចក្ដីសម្រេចមួយ ផ្ដាច់EBAចំនួន២០%ចេញពីកម្ពុជា។ បើតាមការសម្រេចនេះ គឺប៉ះពាល់ដល់ទំនិញនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហភាពអឺរ៉ុបប្រមាណ២០% ប៉ុន្តែកម្ពុជានៅតែអាចបន្តនាំចេញទំនិញទាំងនេះបាន តែក្នុងលក្ខ​ខណ្ឌ​ត្រូវបង់ពន្ធ។

ទំនិញរបស់កម្ពុជា៨០%ទៀត គឺនៅតែអាចបន្តនាំចេញទៅអឺរ៉ុប ដោយមិនបង់ពន្ធដដែលទំនិញ ដែលប៉ះពាល់ដោយសារបាត់ផ្នែកខ្លះនៃEBAនេះ គឺមាន៤០មុខ ភាគច្រើនជាសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែលនាំទៅអឺរ៉ុប ក្នុងតម្លៃ១ពាន់លានអឺរ៉ូជារៀងរាល់ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here