ក្រសួងដែនដីច្រានចោលសំណើរប្រជាពលរដ្ឋ១២៨គ្រួសារលើការទាមទារដីកម្មសិទ្ធិ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចច្រានចោលនូវសំណើរបស់ប្រជាពលរដ្ឋចំនួន១២៨គ្រួសារ លើការទាមទារដីជាកម្មសិទ្ធិ ស្ថិតនៅក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ការច្រានចោលនូវសំណើរបស់ប្រជាពលរដ្ឋ ទាំង១២៨គ្រួសារខាងលើនេះ ត្រូវបាន​ធ្វើឡើង តាមរយៈលិខិតជូនដំណឹងជាផ្លូវការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីបានធ្វើការសិក្សា ស្រា​វជ្រាវ និងពិនិត្យយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រុមមន្ត្រីជំនាញដែនដីរបស់ក្រសួង។

យោងតាមលិខិតផ្លូវការបានបញ្ជាក់ថា គ្រួសារទាំង១២៨ ខាងលើនេះបានដាក់ពាក្យសុំអន្តរាគមន៍ មកកាន់ក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ ដើម្បីទាមទារដីព្រៃសហគមន៍ទំហំ១២៣០ហិកតា ស្ថិតនៅក្នុងភូមិស្រែប្រាំង ភូមិបុស្សស្នោរ ឃុំត្រពាំងព្រីង ស្រុកដំបែរ ខេត្តត្បូងឃ្មុំ ដែលធ្លាប់បានលក់ទៅឱ្យក្រុមហ៊ុនឯកជន តាំងពីអំឡុងឆ្នាំ២០១១-២០១២។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានពិនិត្យឃើញថា ក្នុងអំឡុងឆ្នាំ២០១១-២០១២ ប្រជាពលរដ្ឋចំនួន២១៣គ្រួសារ រស់នៅភូមិស្រែប្រាំង និងចំនួន៧៨គ្រួសារផ្សេងទៀត រស់នៅភូមិបុស្សស្នោរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានព្រមព្រៀងលក់ដីក្នុងតំបន់ទីតាំងខាងលើ ទៅឱ្យក្រុមហ៊ុន ហាមីនី អ៊ីនវេសមេន ដោយមានការបញ្ជាក់ និងទទួលស្គាល់ពីអជ្ញាធរភូមិ-ឃុំ យ៉ាងពិតប្រាកដ។

ដោយឡែក ក្នុងកំឡុងពេលដែលក្រសួងអនុវត្តន៍ បទបញ្ជាលេខ០១បប រាជរដ្ឋាភិបាលបានសម្រេចចុះបញ្ជី ចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ដែលមិនបានលក់ដីឱ្យក្រុមហ៊ុនចំនួន៤៨៣គ្រួសារ ស្មើនឹង១៥៥១ក្បាលដី មានទំហំសរុបចំនួន២៥៦៣ហិកតា ក៏ស្រាប់តែមានតំណាងគ្រួសារទាំង១២៨ខាងលើ ដាក់លិខិតសុំអន្តរាគមន៍ទាមទារសុំចុះបញ្ជីដីកម្មសិទ្ធិដោយគ្មានមូលដ្ឋាន និងធ្វើឡើងតាមការញុះញង់ បំផុសបំផុលរបស់ជនខិលខូច ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here