ដោយគង់ ម៉ាលីន
ភ្នំពេញៈ តំណាងរាស្រ្តខេត្តកំពង់ស្ពឺ លោកហ៊ុន ម៉ានីបានថ្លែងថា ក្នុងដំណាក់កាលនេះ ការបង្កើនបរិយាកាសទេសចរណ៍ ដែលគួរអោយទុកចិត្ត និងដោយមានសុវត្ថិភាពពីជំងឺកូវីដ១៩ ព្រមទាំងការធានាស្តង់ដានៃការការពារ មើលថែប្រកបដោយការយកចិត្តទុកដាក់ គឺជាកត្តាសំខាន់។

លោកបានមានប្រសាសន៍ក្នុងកិច្ចប្រជុំជាមួយលោកថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍នាព្រឹកថ្ងៃទី១៣ សីហានេះថា ទន្ទឹមនេះ ក្រសួងគួរបន្តកិច្ចសហការយ៉ាងជិតស្និតជាមួយអន្តរជាតិ ជាពិសេសប្រទេសក្នុងតំបន់អាស៊ាន ដើម្បីចូលរួមជំរុញចលនាទេសចរណ៍ផ្ទៃក្នុងអាស៊ាន (intra-ASEAN) នៅក្នុងដំណាក់កាលសមស្របណាមួយ ដែលចរន្ត និងលំហូរទេសចរណ៍ផ្ទៃក្នុងតំបន់អាចដំណើរការវិញបាន។
ក្នុងកិច្ចប្រជុំ អង្គប្រជុំបានកត់សម្គាល់ថា ឈរលើស្មារតី “ប្រែក្លាយបញ្ហាប្រឈមជាឱកាស” វិបត្តិជំងឺកូវីដ-១៩ នេះ ក៏ជាឱកាសមួយសម្រាប់ការពង្រឹងគុណភាព គោលដៅកម្ពុជា ជាគោលដៅដ៏ល្អ ប្រកបដោយភាពទាក់ទាញ តាមរយៈការពង្រឹងកិច្ចសហការរវាង រដ្ឋ-ឯកជន និងភាគីពាក់ព័ន្ធ ក្នុងការចាប់យកឌីជីថលរូបនីយកម្ម (Digitalization) ក្នុងវិស័យទេសចរណ៍កម្ពុជា ស្របតាមតម្រូវការជាក់ស្តែងក្នុងបរិបទឧស្សាហកម្ម ៤.០។
ឆ្លៀតក្នុងឱកាសនេះ គណៈកម្មការទី៧ នៃរដ្ឋសភា សូមថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីទេសចរណ៍ទាំងអស់ ដែលបានរួមគ្នាគិតគូរលើកកម្ពស់វិស័យទេសចរណ៍ និងការស្តារឧស្សាហកម្មទេសចរណ៍ឱ្យដំណើរការជាបណ្តើរៗឡើងវិញ។

ជាមួយគ្នានេះ គណៈកម្មការ ក៏សូមថ្លែងអំណរគុណចំពោះ ប្រតិបត្តិករ និងអាជីវករក្នុងឧស្សាហកម្មទេសចរណ៍ទាំងអស់ ដែលបានចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអនុវត្តអាជីវកម្មរបស់ខ្លួន ដោយប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល។
លោកហ៊ុន ម៉ានី ដែលជាប្រធានគណៈកម្មការអប់រ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំជាមួយក្រសួងទេសចរណ៍ ហើយបានចាត់ទុកថាកិច្ចប្រជុំនេះ ជាវេទិកាដ៏មានប្រសិទ្ធភាពមួយក្នុងស្មារតីរួបរួម សហការ និងជំរុញការអនុវត្តការងារ ក្នុងវិស័យទេសចរណ៍នៅក្នុងនីតិកាលទី៦ ជាពិសេសក្នុងបរិបទកូវីដ១៩នេះ ឱ្យទទួលបានលទ្ធផលជាក់ស្តែងជូនដល់ប្រជាជាតិខ្មែរ។
វិបត្តិជំងឺCovid-19 បានបណ្តាលឲ្យអាជីវកម្មទេសចរណ៍ ជាង៣០០០ទីតាំងរងផលប៉ះពាល់ ក្នុងនោះបុគ្គលិកពាក់ព័ន្ឋជាង៥០,០០០នាក់ បានបាត់បង់ការងារនិងប៉ះពាល់ប្រាក់ចំណូល៕






