ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ជាការចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលលើការធ្វើកិច្ចទំនាក់ទំនង និងពង្រីកទំហំពាណិជ្ជកម្មជាមួយបណ្តាប្រទេសនានានៅលើសាកលលោក តាមរយៈសភាពាណិជ្ជកម្មកម្ពុជា បាន និងកំពុងត្រៀមខ្លួនសម្រាប់បទដ្ឋានថ្មីនៃការអនុវត្តក្នុងវិស័យពាណិជ្ជកម្មរវាងហុងកុង និងកម្ពុជា។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះថា ការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង បានរៀបចំបទដ្ឋានថ្មីពាក់ព័ន្ធទៅនឹងការធ្វើពាណិជ្ជកម្មនានាជាមួយបណ្តាបណ្តាប្រទេសជាដៃគូ ដែលក្នុងនោះក៏មានកម្ពុជាផងដែរ។
លោកឧកញ៉ាបានមានប្រសាសន៍បញ្ជាក់ថា “កម្ពុជា-ហុងកុង មានកិច្ចទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នាយូរមកហើយ ដោយក្នុងនោះភាពជាដៃគូលើការធ្វើពាណិជ្ជកម្មក៏មានភាពល្អប្រសើរផងដែរ ជាពិសេសវិស័យឧស្សាហកម្ម”។ លោកបញ្ជាក់ថា “ខ្ញុំធ្លាប់បានជួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មហុងកុងកាលពីពេលកន្លងទៅដោយបានធ្វើសិក្ខាបង្ហាញពីឱកាស និងភាពល្អប្រសើរលើការវិនិយោគជាច្រើននៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យមានវឌ្ឍនភាពកាន់តែប្រសើរជាងមុន”។
កិច្ចទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងហុងកុង កាលពីពេលកន្លងទៅនេះភាគច្រើនគឺផ្តោតសំខាន់ទៅលើវិស័យឧស្សាហកម្ម ហើយក្រៅពីនេះក៏មានមយចំណែកក្នុងវិស័យកសិឧស្សាហកម្ម ហើយកាលពីពេលថ្មីៗនេះក៏មានការបង្ហាញពីការចាប់អារម្មណ៍ទៅលើវិស័យហិរញ្ញវត្ថុដោយការដាក់ធនាគារហុងកុងនៅលើទីផ្សារកម្ពុជាថែមទៀតផង។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង ក៏បានមានប្រសាស៍បញ្ជាក់ទៀតថា “បន្ថែមពីលើអ្វីដូចដែលបានបង្ហាញខាងលើនេះ ហុងកុង ក៏បង្កើតជាសមាគមអ្នកច្បាប់នៅកម្ពុជា ដើម្បីការពារផលប្រយោជន៍ដល់អ្នកវិនិយោគហុងកុងធំៗផងដែរ ហើយទាំងអស់នេះហើយសុទ្ធតែជាសមិទ្ធផល និងការបង្កើនកិច្ចទំនុកចិត្តដល់វិនិយោគិននៃប្រទេសទាំង២”។
ភ្ជាប់ទៅនឹងគោលបំណងនៃការធ្វើពិពិធកម្មពាណិជ្ជកម្មរវាងប្រទេសទាំង២ឱ្យកាន់តែមានភាពទូលំទូលាយ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ ការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ស្ដីពីការត្រៀមខ្លួនសម្រាប់បទដ្ឋានថ្មីពាក់ព័ន្ធទៅនឹងការធ្វើពាណិជ្ជកម្មនានាជាមួយបណ្តាបណ្តាប្រទេសជាដៃគូ។
គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីចែករំលែកអំពីវិធីសាស្ត្រក្នុងការឆ្លើយតបរបស់ហុងកុងចំពោះបញ្ហាប្រឈមកើតឡើងដោយសារជំងឺកូវីដ-១៩ និងការត្រៀមខ្លួនក្រោយពេលវិបត្តិកូវីដ-១៩។ សិក្ខាសាលាបានពិភាក្សាទៅលើប្រធានបទសំខាន់ៗដូចខាងក្រោម៖
១. វិធានការណ៍ប្រឆាំងនឹងការរាតត្បាតពហុវិស័យ និងជំនួយក្នុងការផ្ដល់ការគាំទ្រដល់ធុរកិច្ច និងការងារររបស់រដ្ឋាភិបាលហុងកុង។
២. គំនិតផ្តួចផ្តើមក្នុងការជួយសហគ្រាសធុនតូចនិងមធ្យមរបស់ ក្រុមប្រឹក្សាអភិវឌ្ឍពាណិជ្ជកម្មហុងកុង ដើម្បីរក្សាទំនាក់ទំនងជាមួយដៃគូអន្តរជាតិ និងធ្វើធុរកិច្ចជាធម្មតាជាមួយទីផ្សាររបស់ ក្រុមប្រឹក្សាអភិវឌ្ឍពាណិជ្ជកម្មហុងកុង តាមរយៈប្រព័ន្ធអនឡាញ។
៣. ទីក្រុងហុងកុងនៅតែជាទីតាំងទាក់ទាញការវិនិយោគ និងក្របខណ្ឌមួយចំនួនគាំទ្រដល់ធុរកិច្ចក្នុងអំឡុងនៃជម្ងឺរាតត្បាតកូវីដ១៩។
៤. ការទទួលយកបទដ្ឋានថ្មីរបស់ហុងកុងក្នុងការធ្វើដំណើរ និងយុទ្ធសាស្ត្រស្ដារឧស្សាហកម្មទេសចរណ៍ហុងកុងឡើងវិញ៕






