ដោយ ៖ វុត្ថា
ភ្នំពេញ ៖ ក្នុងមួយឆ្នាំៗ ថវិកាប្រហែល ៣០០លានដុល្លារ ត្រូវបានវិនិយោគដើម្បីដាំដំឡូងមីលើផ្ទៃដីទំហំធំជាង ៦០០ ០០០ហិកតា ដែលបានជួយជំរុញកំណើនសេដ្ឋកិច្ចថ្មីដ៏រឹងមាំ ខណៈដែលការនាំចេញភាគច្រើនជាមើមដំឡូងមីស្រស់ និងចំណិតដំឡូងមីក្រៀមមានតម្លៃប្រហែល ៧២៨លានដុលារអាម៉េរិក។

នេះបើយោងតាសសេចក្តីព្រាងច្បាប់ស្ដីពីគោលនយោបាយជាតិដំឡូងមី ២០២០-២០២៥” បង្ហាញនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីព្រាងច្បាប់នេះ បានឱ្យដឹងថា ការរីកចម្រើនយ៉ាងឆាប់រហ័សនៃតំបន់ដាំដុះដំឡូងមី ក្នុងទសវត្សចុងក្រោយនេះបានធ្វើឱ្យដំណាំដំឡូងមី ក្លាយជាដំណាំសំខាន់ទីពីរ បន្ទាប់ពីស្រូវនៅកម្ពុជា។ ដំឡូងមីមានចំណែកចន្លោះពី៣ ទៅ៤ភាគរយនៃផលិតផលសរុបក្នុងស្រុក។
ប្រជាជននៅជនបទច្រើនជាង៩០ ០០០(ប្រាំបួនម៉ឺន) គ្រួសាររស់នៅក្នុងខេត្តចំនួន ១៣ កំពុងប្រកបរបរដាំដុះដំឡូងមី និងពលករជាច្រើនកំពុងបម្រើការក្នុងវិស័យនេះ ក្នុងដំណាក់កាលផ្សេងៗ ដូចជា ដាំដុះ ប្រមូលផល កែច្នៃ និងនាំចេញ។
កន្លែងប្រមូលទិញផលិតផលដំឡូងមីមានចំនួន ៥៥០កន្លែង ភាគច្រើនស្ថិតក្នុងខេត្តចំនួនប្រាំ ដូចជា ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ។
គោលនយោបាយជាតិដំឡូងមី ២០២០-២០២៥នេះ ធ្វើឱ្យផលិតផលដំឡូងមីកម្ពុជា នឹងក្លាយជាដំណាំយុទ្ធសាស្រ្តមួយ ដែលផ្តល់ប្រាក់ចំណូលច្រើនដល់កសិករ និងជាមូលដ្ឋាននៃការអភិវឌ្ឍឧស្សាហកម្មកែច្នៃនៅកម្ពុជា។ កម្ពុជាពិតជាអាចបោះជំហានទៅរកការអភិវឌ្ឍសេដ្ឋកិច្ចជាតិដោយយកផលិតផលដំឡូងមី ជួយជំរុញកំណើន និងចែករំលែកផលប្រយោជន៍នៃកំណើននេះដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់៕






