ចិនមានគម្រោងពង្រីកបណ្តាញផ្លូវដែកឱ្យបាន ២០០,០០០ គីឡូម៉ែត្រ មុនឆ្នាំ ២០៣៥

0

ដោយ ៖ ហ្សូលី

ប៉េកាំង ៖ ប្រទេសចិនមានផែនការពង្រីកបណ្តាញផ្លូវដែក រយៈពេលវែង ដើម្បីធ្វើឱ្យប្រសើរឡើងនូវនគរូបនីយកម្ម និងជម្រុញសេដ្ឋកិច្ចក្នុងស្រុកឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត តាមគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល។

ចិនមានគោលបំណងធ្វើឱ្យបាននូវការស្ថាបនាប្រព័ន្ធផ្លូវដែកប្រមាណជា ២០០,០០០ គីឡូម៉ែត្រ មុនឆ្នាំ ២០៣៥ ក្នុងនោះមានរួមបញ្ចូលទាំងផ្លូវដែកល្បឿនលឿនចំនួន ៧០,០០០ គីឡូម៉ែត្រផងដែរ។ នេះបើតាមឱ្យដឹងតាមផែនការដែលបានចុះផ្សាយដោយក្រុមហ៊ុនផ្លូវដែករដ្ឋចិន China State Railway Group ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល។

យោងតាមទិន្នន័យដដែលបានបង្ហាញទៀតថា គោលដៅប្រៀបធៀបជាមួយនឹងប្រវែងសរុប ១៤១,៤០០ គីឡូម៉ែត្រនៃផ្លូវដែក ដែលមានស្រាប់បើគិតត្រឹមចុងខែកក្កដា ឆ្នាំ ២០២០នេះ ក្នុងនោះដែរក៏មានផ្លូវដែកល្បឿនលឿនប្រវែង ៣៦,០០០ គីឡូម៉ែត្រ ដែលជាចំនួនច្រើនបំផុតនៅលើពិភពលោក។

គម្រោងផែនការនោះមានន័យថា បណ្តាញផ្លូវដែកចិននឹងមានការកើនឡើងប្រមាណ ៣៣.៣៣ ភាគរយពីឆ្នាំនេះ និងកើនឡើង ១៣៣ ភាគរយនៃការពង្រីកបណ្តាញផ្លូវដែកល្បឿនលឿន។ នេះបើតាមការគណនារបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។

នេះជាភាពជោគជ័យមួយតាមផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ២០១៦-២០២០ ដែលបានចុះផ្សាយកាលពីឆ្នាំ ២០១៦ កន្លងទៅនេះ ចិនមានគោលបំណងពង្រីកបណ្តាញផ្លូវដែកចំនួន ១៥០,០០០ គីឡូម៉ែត្រ នៅឆ្នាំ ២០២០ និងផ្លូវដែកល្បឿនលឿន ៣០,០០០ គីឡូម៉ទ្រផងដែរ។

ក្រុមហ៊ុនបាននិយាយថា ចិនក៏នឹងជម្រុញការកសាងផ្លូវដែកនៅក្នុងកន្លែងដែលគ្របដណ្តប់ដោយក្រុមជនជាតិភាគតិច និងតំបន់ព្រំដែន ព្រមទាំងតំបន់ដែលមានការអភិវឌ្ឍនៅភាគកណ្តាលនិងខាងលិចប្រទេស ដើម្បីកាត់បន្ថយភាពក្រីក្រ និងធ្វើឱ្យតំបន់ជនបទកាន់តែមានភាពប្រសើរឡើងវិញ។

ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោកលំដាប់ទី ២ នេះ បានប្តេជ្ញាជម្រុញការធ្វើនគរូបនីយកម្ម និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធថ្មី នាំឱ្យសេដ្ឋកិច្ចប្រទេសមានភាពរីកចម្រើនបន្ទាប់ពីមេរោគបានរាតត្បាត៕

LEAVE A REPLY

Please enter your comment!
Please enter your name here