ដោយ ហ្សូលី
បាងកកៈ ប្រទេសថៃទទួលបានជោគជ័យដំបូងគេបង្អស់លើការគ្រប់គ្រងមេរោគរាតត្បាតនិងការឆ្លងក្នុងសហគមន៍ក្នុងចំណោមបណ្តារប្រទេសនៅអាស៊ីអាគ្នេយ៍ប៉ុន្តែក្រឡេកមកមើលលើសេដ្ឋកិច្ចប្រទេសវិញហាក់បីដូចជាគ្មានភាពរលូនទាល់តែសោះ។

ថៃបានក្លាយទៅជាប្រទេសមួយ ដែលមានសេដ្ឋកិច្ចអាក្រក់បំផុតនៅតំបន់អាស៊ី ដោយសារការបន្តធ្លាក់ចុះនូវភ្ញៀវទេសចរណ៍។ នេះបើតាមរៀបរាប់របស់សេដ្ឋវិទូប្រចាំប្រទេស។
បើតាមឱ្យដឹងតាមរបាយការណ៍ ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា សេដ្ឋកិច្ចថៃ បានធ្លាក់ចុះក្នុងជម្រៅមួយដែលអាក្រក់បំផុតមិនធ្លាប់់មាន និងអាក្រក់ជាងកាលពីវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៨ទៅទៀត។ សេដ្ឋកិច្ចរបស់ប្រទេសនេះ បានធ្លាក់ចុះរហូតដល់ជាង១២ភាគរយនៅត្រីមាសទី២ ដែលល្អជាងការវាស់ស្ទង់របស់ទីភ្នាក់ងារសារព័ត៌មានReuters ដែលថា នឹងអាចធ្លាក់ចុះប្រមាណជាង១៣ភាគរយ។
ប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះបានពឹងផ្អែកលើវិស័យទេសចរណ៍ប៉ុន្តែការមកដល់របស់ភ្ញៀវទេសចរបរទេសបានធ្លាក់ចុះជាគំហុកឬស្ទើរតែគ្មានសោះដែលធ្វើឱ្យសញ្ញានៃការស្តារសេដ្ឋកិច្ចប្រទេសស្ថិតក្នុងភាពស្រពេចស្រពិល។
លោកBarbanas Gan សេដ្ឋវិទូនៅធនាគារសិង្ហបុរី United Oversea បានមានប្រសាសន៍ថាក្បាលម៉ាស៊ីនរបស់សេដ្ឋកិច្ចថៃគឺវិស័យពាណិជ្ជកម្មក៏បានចុះខ្សោយព្រមគ្នាជាមួយវិស័យទេសចរណ៍ដែរ។

លោកព្យាករណ៍ថា “សេដ្ឋកិច្ចថៃអាចនឹងធ្លាក់ចុះ៧.៥ភាគរយ នៅឆ្នាំ២០២០នេះ ដែលច្រើនជាងការព្យាករណ៍កាលពីមុន ដែលសេដ្ឋកិច្ចប្រទេសនេះមានសញ្ញាដក៥.៤ភាគរយ”។
សេដ្ឋវិទូរូបនេះ បានថ្លែងប្រាប់សារព័ត៌មានCNBCថា ក្បាលម៉ាស៊ីនភ្លោះនៃសេដ្ឋកិច្ចថៃមានពីរគឺ វិស័យពាណិជ្ជកម្ម និងទេសចរណ៍ ហើយវស័យទាំងពីរនេះ បានធ្លាក់ចុះដល់កម្រិតគួរឱ្យបារម្ភទៅហើយ នៅពាក់កណ្តាលឆ្នាំ២០២០នេះ ហើយវាអាចនឹងអូសបន្លាយរហូតដល់ចុងឆ្នាំ ឬទៅឆ្នាំ២០២១ថែមទៀតផង៕ CNBC៕






