វៀតណាមគ្រោងបង្កើតផ្សារព្រំដែនបន្ថែមជាមួយកម្ពុជា ដើម្បីបង្កើនទំហំពាណិជ្ជកម្ម

0

ដោយ ហ្សូលី

ហាណូយ៖ លោកនាយករដ្ឋមន្រ្តីប្រទេសវៀតណាមបានចេញនូវផែនការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍនិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសវៀតណាមនិងប្រទេសកម្ពុជា ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែជិតស្និទ្ធ។

ការអនុវត្តនេះបានចាប់ផ្តើមកាលពីសប្តាហ៍មុនកន្លងទៅ ដែលវាអាចនិងមានរយៈពេលវែងរហូតដល់ខែតុលាឆ្នាំ ២០២២។ ប្រសិនបើការចុះអនុស្សារណៈយោគយល់នេះត្រូវបានពង្រីកផែនការ នឹងបន្តអនុវត្តសម្រាប់រយៈពេល ៣ ឆ្នាំទៀត។

ក្នុងរយៈពេលពីរឆ្នាំ គឺឆ្នាំ២០២១ និង ២០២២ រដ្ឋាភិបាលនឹងចាប់ផ្តើមការអនុវត្តចុះស្ទង់មតិសម្រាប់ការសាងសង់ផ្សារព្រំដែន យ៉ាងហោចណាស់ឱ្យបានមួយ ក្នុងគោលបំណងបើកសកម្មភាពជំនួញ លើកទឹកចិត្តដល់ពាណិជ្ជករវៀតណាមនិងកម្ពុជាឱ្យវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែន។

លើសពីនេះ ក៏មានការបង្កើតព្រឹត្តិការណ៍ទាក់ទងនឹងការជំរុញពាណិជ្ជកម្មនិងវិនិយោគ និងគាំទ្រក្រុមហ៊ុនដែលទើបតែចាប់ផ្តើមដំណើរការ ណែនាំនិងចែកចាយទំនិញនៅផ្សារព្រំដែន មានមជ្ឈមណ្ឌលពាណិជ្ជកម្មនិងពិព័រណ៍ពាណិជ្ជកម្ម។

យោងតាមផែនការ ក្រសួង វិស័យ និងតំបន់ដែលពាក់ព័ន្ធ ត្រូវបានកំណត់រៀបចំយុទ្ធនាការទំនាក់ទំនងលើកកម្ពស់ការយល់ដឹងលើខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នានេះ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែនរវាងវៀតណាម-កម្ពុជា។ ជាពិសេស ជួយជំរុញពាណិជ្ជកម្មជាមួយប្រទេសកម្ពុជា ចែករំលែកព័ត៌មាន និងបើកវគ្គបណ្តុះបណ្តាល។

ប្រទេសវៀតណាមនិងប្រទេសកម្ពុជាមានខ្សែព្រំដែនមានចម្ងាយជិត ១.១៣៧ គីឡូម៉ែត្រដោយឆ្លងកាត់ខេត្តចំនួន ១០ របស់ប្រទេសវៀតណាមគឺខុនទុំ, ជីឡៃ, ដាកឡាក់, ដាកណុង, ប៊ិញភឿក, តានិញ, ឡុងអាន, ដុងថាប, អានយ៉ាង, កៀនយ៉ាង និង ខេត្តចំនួន៩របស់កម្ពុជាមានដូចជា ខេត្តរតនគីរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្តាល តាកែវ និងកំពត៕ VNA

LEAVE A REPLY

Please enter your comment!
Please enter your name here