ដោយ ៖ ប៊ី
ភ្នំពេញ ៖ កិច្ចចរចាពាណិជ្ជកម្មចុងក្រោយរវាងអង់គ្លេស និងអឺរ៉ុបបានបញ្ចប់ដោយគ្មានការវិវឌ្ឍន៍ទេ ដោយទុកឱ្យអ្នកចរចាទាំងសងខាងរយៈពេលពីរខែទៀត ដើម្បីឈានដល់កិច្ចព្រមព្រៀង ហើយចៀសវាងការខូចខាតបន្ថែមទៀតដល់អាជីវកម្ម ដែលត្រូវបានបំផ្លាញដោយវិបត្តិសេដ្ឋកិច្ច និងជំងឺ Covid-19។

មន្រ្តីអង់គ្លេស និងសហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃសុក្រថា មានការរីកចម្រើនតិចតួចនៅក្នុងការចរចា ដើម្បីកំណត់លក្ខខណ្ឌពាណិជ្ជកម្មថ្មី មុនពេលការរៀបចំ Brexit (ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប) ឆ្លងកាត់ផុតកំណត់នៅចុងឆ្នាំ ២០២០។ កិច្ចពិភាក្សាក៏បានផ្លាស់ប្តូរទៅរកបញ្ហាសំខាន់ៗ រួមមានសិទ្ធិនេសាទពាណិជ្ជកម្ម។
លោក Michel Bernard Barnier ប្រធានការិយាល័យអឺរ៉ុបផ្នែកទំនាក់ទំនងជាមួយអង់គ្លេស បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប្រ៊ុចសែលថា “ក្នុងដំណាក់កាលនេះ កិច្ចព្រមព្រៀងរវាងចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបហាក់ដូចជាមិនទំនងទេ។ ខ្ញុំមិនយល់សោះថាហេតុអ្វីបានជាយើងខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃ។ ពេលវេលាកំពុងដើរទៅមុខ”។
ប្រធានក្រុមអ្នកចរចាអង់គ្លេស លោក David Frost បាននិយាយថា កិច្ចព្រមព្រៀងនៅតែអាចធ្វើទៅបាន ប៉ុន្តែលោកបានព្រមានថា វានឹងមិនងាយស្រួលក្នុងការសម្រេចបានទេ។

លោក Frost បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមានការពិភាក្សាមានប្រយោជន៍នៅសប្តាហ៍នេះ ប៉ុន្តែមានការរីកចម្រើនតិចតួចទេ។
ចក្រភពអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុបកាលពីខែមករា ប៉ុន្តែលក្ខខណ្ឌពាណិជ្ជកម្មជាមួយទីផ្សារនាំចេញធំបំផុតរបស់ខ្លួននៅតែមិនផ្លាស់ប្តូរក្នុងអំឡុងពេលអន្តរកាល ដែលនឹងផុតកំណត់នៅចុងឆ្នាំ ២០២០។ ប្រសិនបើអ្នកចរចាបរាជ័យក្នុងកិច្ចព្រមព្រៀងថ្មី ក្រុមហ៊ុនអង់គ្លេសនឹងប្រឈមនឹងថ្លៃដើមពាណិជ្ជកម្មខ្ពស់ ក្នុងពេលដែលមនុស្សជាច្រើនបានរងនូវវិបត្តិសេដ្ឋកិច្ចជាប្រវត្តិសាស្រ្ត។
កំណើនសេដ្ឋកិច្ចអង់គ្លេសធ្លាក់ចុះ ២០,៤ភាគរយ ក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ ដែលជំរុញឱ្យប្រទេសធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចជ្រៅបំផុត។ ការងារប្រហែល ៧៣០,០០០ ត្រូវបានបញ្ឈប់ ចាប់តាំងពីការឆ្លងរាលដាលនៃជំងឺ Covid-19 បានបិទទ្វារអាជីវកម្មអង់គ្លេសនៅខែមីនា។
រហូតមកដល់ពេលនេះរដ្ឋាភិបាលអង់គ្លេសក៏បានបរាជ័យក្នុងការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មអឺរ៉ុបរាប់សិបលើក ជាមួយប្រទេសទីបី ដោយមិនចាំបាច់ធ្វើកិច្ចព្រមព្រៀងថ្មីជាមួយសហរដ្ឋអាមេរិក មានន័យថា ក្រុមហ៊ុនអង់គ្លេសអាចប្រឈមនឹងឧបសគ្គក្នុងការធ្វើជំនួញនៅក្នុងទីផ្សារបរទេសភាគច្រើន ដែលខ្លួនធ្លាប់ធ្វើជាមួយ៕ CNN






