វិស័យអាកាសចរណ៍កម្ពុជានឹងមានការភ្ជាប់ជើងហោះហើរកាន់តែច្រើននាពេលខាងមុខដ៏ខ្លី

0
ប្រភពរូបភាព៖ Khmertimes

ដោយវុត្ថា
ភ្នំពេញ៖ រហូតមកដល់ពេលនេះ ជើងហោះហើររបស់កម្ពុជាពុំមានអ្វីប្រែប្រួលនោះទេ ខណៈដែលមានក្រុមហ៊ុនជើងហោះហើរបរទេសមួយចំនួនបានស្នើសុំហោះហើរមកកាន់កម្ពុជាឡើងវិញនាពេលខាងមុខដ៏ខ្លី។

លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់គេហទំព័រ propertyarea.asia នៅព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ដំណើរការជើងហោះហើររបស់កម្ពុជាពេលបច្ចុប្បន្ននេះមានពី ៧ ទៅ ១០ ជើងក្នុងមួយថ្ងៃ ដោយរំពឹងថា មានកាន់តែច្រើននាពេលខាងមុខ។

លោកបន្តថា “មកដល់ពេលនេះ ដូចជាគ្មានអ្វីប្រែប្រួលទេ ដោយគិតជាមធ្យម កម្ពុជាទទួលបានជើងហោះហើរពី ៧ ទៅ ១០ ជើងដែរក្នុងមួយថ្ងៃ ពោលគ្មានការកើនឡើង និងថយចុះនោះទេ ហើយរំពឹងថា នៅក្នុងពេលខាងមុខនេះ អាចនឹងមានការប្រែប្រួលដោយមានក្រុមហ៊ុមមួយចំនួនបានស្នើសុំហោះហើរឡើងវិញ”។

លោកបបន្ថែមថា “ជើងហោះហើរដែលបានស្នើសុំហោះហើរមកកម្ពុជាមានមកពីប្រទេសសឹង្ហបុរី ហើយកាលពីពេលថ្មីៗនេះ ក៏មានការឯកភាពរវាងរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន អនុញ្ញាតឱ្យមានជើងហោះហើរឡើងវិញនៅចុងខែនេះ” ។

ជើងហោះហើររបស់ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសជាច្រើននៅក្នុងតំបន់ និងពិភពលោក បាននឹងកំពុងប្រឈម ដោយសារការភ័យខ្លាចពីការឆ្លងនូវជំងឺកូវីដ ១៩ ខណៈវិស័យមួយនេះ ខាតបង់ថវិការាប់ពាន់លានដុល្លារអាមេរិក។

រដ្ឋាភិបាលកម្ពុជា កាលពីកន្លងមកនេះ បានសម្រេចមិនយកពន្ធលើវិស័យអាកាសចរណ៍ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យវិស័យមួយនេះ មានលទ្ធភាពក្នុងការចំណាយ និងមិនឱ្យក្រុមហ៊ុនទាំងនោះក្ស័យធន ដូចបណ្តាប្រទេសមួយចំនួនមានក្រុមហ៊ុនអាកាសចរណ៍បានប្រកាសក្ស័យធន បន្ទាប់ពីផ្អាកការហោះហើរដែលបណ្តាលមកពីការផ្ទុះឡើងនូវជំងឺកូវីដ ១៩នៅក្នុងពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here