ដោយ ៖ វុត្ថា
កូរ៉េ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅក្នុងប្រទេសកូរ៉ បាននឹងកំពុងសម្របសម្រួល និងជំរុញអ្នកវិនិយោគកូរ៉េ ឱ្យមកបណ្តាកទុនវិនិយោគបង្កើតរោងចក្រផលិតផ្នែកគ្រឿងបង្គុំអេឡិចត្រូនិចនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅក្នុងប្រទេសកូរ៉េបានឱ្យដឹងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ ឱ្យដឹងថា លោកបានឹងកំពុងទាក់ទាញក្រុមអ្នកវិនិយោគកូរ៉េបង្កើតរោងចក្រផលិតផ្នែកគ្រឿងបង្គុំអេឡិចត្រូនិចដើម្បីមកកាន់កម្ពុជា។
លោកបន្តថា ការទាក់ទាញឱ្យអ្នកវិនិយោគកូរ៉េបង្កើតរោងចក្រផ្នែកគ្រឿងបង្គុំអេឡិចត្រូនិចនៅក្នុងប្រទេសកម្ពុជា នាពេលនេះ គឺដើម្បីបង្កើតការងារដល់ពលរដ្ឋ និង ជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេស ព្រមទាំងផ្គត់ផ្គង់ និងធ្វើការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។
លោកបន្ថែមថា ក្រៅពីជំរុញអ្នកវិនិយោគ លោកក៏កំពុង សម្របសម្រួលកិច្ចការងារពាណិជ្ជកម្មមួយទៀតដោយចុះទៅពិនិត្យផ្ទាល់នៅផ្សារបោះដុំគ្រឿងសមុទ្រ ដែលក្រុមហ៊ុនកូរ៉េមួយកំពុងតែធ្វើការងារជាមួយស្ថានទូតក្នុងការរៀបចំនីតិវិធីនាំក្តាមថ្មចូលមកកូរ៉េផងដែរ។
ក្រុមការងារស្ថានទូតកម្ពុជាប្រចាំនកូរ៉ កាលពីពេលថ្មីនេះ ក៏បានជំរុញឱ្យរោងចក្រ Yoonji ដែលមានជំនាញឯកទេសផលិតសម្បកធ្វើពីផ្លាស្ទិកសម្រាប់ច្រកផលិតផលកសិកម្ម ចំណីអាហារ គ្រឿងសម្អាងមកកាន់កម្ពុជាផងដែរ ដើម្បីចែកចាយដល់ប្រទេសក្នុងតំបន់អាស៊ានដែលជាទីផ្សារដ៏ធំមួយ៕






