ជប៉ុនជួយកសាងហេដ្ឋារចនាសម្ព័ន្ធច្រករបៀងសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជាចំនួន៣

0

ដោយវុត្ថា

ភ្នំពេញៈ ជប៉ុនដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា បានជួយកសាងហេដ្ឋារចនាសម្ព័ន្ធច្រករបៀងសេដ្ឋកិច្ចកម្ពុជាដ៏សំខាន់ចំនួន៣ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនកម្ពុជាឱ្យកាន់តែប្រសើរថែមទៀត។

លោកវ៉ា ស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០នេះបានឱ្យដឹងថា កន្លងមកនេះជប៉ុនបានជួយកម្ពុជាច្រើនទាំងកសាងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងផ្សេងៗ ដូចជាគម្រោងតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចដ៏សំខាន់ៗ ទៅកាន់ព្រំដែននិងកំពង់ផែទឹកទឹកជ្រៅ។

លោកបន្តថា “ជប៉ុនបានសាងសងផ្លូវជាតិលេខ១ពីភ្នំពេញ ទៅកាន់ច្រកព្រំដែននៃប្រទេសវៀតណាម ដែលជាច្រករបៀងសេដ្ឋកិច្ចខាងកើត ដើម្បីបង្កភាពងាយស្រួល ចំពោះការដឹកជញ្ជូនទំនិញផ្សេងៗ ដែលមានស្ពានអ្នកលឿងផងដែរ”។ លោកបន្ថែមថា “ជាមួយគ្នានេះ ជប៉ុនក៏បានជួយកសាងផ្លូវជាតិលេខ៥ ឆ្លងកាត់ខេត្តមួយចំនួនឆ្ពោះទៅកាន់ព្រមដែនថៃ ដែលជាច្រករបៀងសេដ្ឋកិច្ចភាគខាងលិច ដ៏សំខាន់របស់កម្ពុជាក្នុងការដឹកជញ្ជូនទំនិញ និងធ្វើពាណិជ្ជកម្មជាមួយខេត្តជាប់ព្រំដែន”។

ក្រៅពីហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក ក៏ជប៉ុនតាមរយៈទីភ្នាក់ងារសហ​ប្រតិបត្តិកអន្តរជាតិជប៉ុន (ចៃកា) ក៏បានជួយលើការសិក្សា និងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ (ច្រករបៀងសេដ្ឋកិច្ចតាមផ្លូវសមុទ្រ) ដើម្បីអាចមានលទ្ធភាពឱ្យនាវាធំៗចូលចតបាន ខណៈបច្ចុប្បន្ននេះ កំពង់ផែនេះមានទំហំតូច និងមិនលទ្ធភាព ឱ្យនាវាធុនយក្សចូលចតបាន។

លោកវ៉ា ស៊ីមសូរិយាបានបញ្ជាក់ថា ច្រកល្បៀងសេដ្ឋកិច្ចទាំង៣របស់កម្ពុជានេះ គឺជាច្រករបៀងដ៏សំខាន់ ក្នុងជំរុញកំណើនសេដ្ឋកិច្ចសង្គមឱ្យមានការរីកចំរើន តាមរយៈការដឹកជញ្ជូនទំនិញនានាចូលកម្ពុជា និងចេញពីកម្ពុជាទៅកាន់ប្រទេសជិតខាង និងទៅកាន់ប្រទេសអន្តរជាតិនានា។

រដ្ឋមន្រ្តីការបរទេសជប៉ុន លោកម៉ូតេហ្គី តូស៊ីមីសឺ ក្នុងដំណើរបំពេញទស្សកិច្ចមកកាន់កម្ពុជាកាលពីកន្លងមកថ្មីៗ នេះក៏បានបញ្ជាក់ពីការជួយកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចសង្គម តាមរយៈការកសាងហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់របៀងសេដ្ឋកិច្ច ទៅកាន់ព្រំដែននៃប្រទេសកម្ពុជា និងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here