ដោយ ហ្សូលី
ភ្នំពេញៈ មហាអំណាចទាំងពីរ មិនត្រឹមតែប្រជែងគ្នាលើភូមិសាស្រ្តនយោបាយ និងឥទ្ឋិពលលើបណ្តាប្រទេសនានាក្នុងពិភពលោកនោះទេ ប៉ុន្តែប្រទេសទាំងពីរកំពុងប្រកួតប្រជែងគ្នាយ៉ាងស្រួចស្រាវលើសេដ្ឋកិច្ចផងដែរ។

ប្រទេសដែលមានទំនោរ និងដើរលើទស្សនវិជ្ជាខុសគ្នានេះ បាននិងកំពុងត្រូវគេមើលឃើញថា កំពុងមានភាពតានតឹងកាន់តែខ្លាំង ខណ
ៈមានការព្យាករណ៍ជាច្រើនរួចហើយថា ចិននឹងវ៉ាអាមេរិកនៅកំពុងប៉ុន្មានទសវត្សរ៍ខាងមុខ ស្របពេលអាមេរិកកំពុងដាក់ចេញនូវយុទ្ឋវិធីជាច្រើន ដើម្បីទប់ដំណើរឆ្ពោះទៅមុខដ៏លឿនស្លេវ របស់មហាយក្សចិន។
វិបត្តិជំងឺCovid-19 បានធ្វើឲ្យពិភពលោកជួបវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់ ហើយស្ថានការណ៍នេះមានសភាពអាក្រប់ជាងវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាកលកាលពីឆ្នាំ២០០៨ ទៅទៀត។
យ៉ាងណាក៏ដោយ សេដ្ឋកិច្ចចិនបានត្រឡប់មករកសភាពដើម បន្ទាប់ពីជោគជ័យនៅលើការគ្រប់គ្រងជំងឺរាតត្បាតCovid-19 ខណៈដែលអាមេរិក “កំពុងវឹកវរ” ចំពោះការគ្រប់គ្រងមេរោគ និងបញ្ហានយោបាយ។ កត្តាទាំងនេះបានធ្វើឱ្យសេដ្ឋវិទូនៅពិភពលោកប៉ាន់ស្មានថា គម្លាតសេដ្ឋកិច្ចចិននិងអាមេរិកហាក់ដូចជានៅប្រកៀកគ្នា។
ជំនួញជាច្រើននៅទូទាំងប្រទេសចិនដូចជា ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ ផ្សារទំនើប សួនកម្សាន្ត មានភាពអ៊ូអរ រីឯចរាចរណ៍នៅតាមដងផ្លូវ ជើងយន្តហោះនៅអាកាសយានដ្ឋាន ព្រមទាំងខ្សែរថភ្លើងក្នុងស្រុក កំពុងស្ថិតក្នុងភាពមមាញឹកជារៀងរាល់ថ្ងៃ។ ក្រុមសេដ្ឋវិទូរបស់ធនាគារពិភពលោក (World Bank) និងតាមស្ថាប័នជាច្រើនទៀត បានតម្លើងការព្យាករណ៍សេដ្ឋកិច្ចប្រទេសចិនជាបន្តបន្ទាប់ ដែលថាសេដ្ឋកិច្ចចិនប្រាកដជាមានកំណើននៅចុងឆ្នាំនេះ។
ការស្តារសេដ្ឋកិច្ចមកវិញនេះ បានស្រោចស្រង់មុខមាត់មហាអំណាចសេដ្ឋកិច្ចលើពិភពលោកលំដាប់ទី២ យ៉ាងឆាប់រហ័ស ដែលអាចនឹងតាមទាន់សហរដ្ឋអាមេរិក ខណៈពេលដែលសេដ្ឋកិច្ចប្រទេសនេះ បានដាំក្បាលចុះដល់ទៅ៨ភាគរយ ក្នុងឆ្នាំ២០២០។
ទំហំពាណិជ្ជកម្មសរុបរបស់ចិន គិតចាប់ពីខែមករា រហូតមកដល់ខែកក្កដា ឆ្នាំ ២០២០នេះ មានប្រមាណជាង២៤៤ពាន់លានដុល្លារ ធ្លាក់ចុះ៤.៥៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទំហំប្រើប្រាស់ទុនបរទេសជាក់ស្តែងនៅទូទាំងប្រទេសមានដល់ទៅ៦៣,៤៧ពាន់លានយ័ន កើនឡើង១៥.៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ហើយចិនសម្រេចបាននូវកំណើនវិជ្ជមាន នៃការគៀងគរ ទុនបរទេស ក្នុងរយៈពេលតែមួយខែក្នុងរយៈពេល៤ខែជាប់ៗគ្នា។

លោកHomi Kharas អតីតប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ី នៃធនាគារពិភពលោកបានមានប្រសាសន៍ថា ចិននឹងបង្ហាញពីភាពរឹងមាំកាន់តែខ្លាំង នៅពេលឆាប់ៗនេះ ក្នុងនាមជាប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍ។
ចិនមានការជម្រុញចិត្ត នៅក្នុងការបង្កើតបណ្តាញទំនាក់ទំនង នៅក្នុងតំបន់នាំចូលថាមពលពីគ្រប់ប្រភពចម្រុះ ការពារទឹកដីភាគខាងលិចរបស់ខ្លួន និងបណ្តាក់ទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្មក្នុងតំបន់អាស៊ីកណ្តាល។
ជាក់ស្តែងគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ បានបង្កើតឡើងនៅឆ្នាំ២០១៣ បានប្រែក្លាយទៅជាសសរស្តម្ភយ៉ាងលេចធ្លោ នៃអំណាចរបស់ចិនក្នុងតំបន់។
ជំងឺរាតត្បាត Covid-19 ស្ទើរតែបញ្ចប់សេដ្ឋកិច្ចប្រទេសជាច្រើន និងបានផ្តល់ឱកាសឱ្យចិន វាយតម្លៃយុទ្ធសាស្រ្តរបស់ខ្លួនសារជាថ្មី។ ផែនការរបស់ចិនសម្រាប់តំបន់អាស៊ីកណ្តាលក្រោយជំងឺនេះបានបញ្ចប់ នឹងត្រូវការមិនត្រឹមតែសមត្ថភាព នៅក្នុងការជម្រុញគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ តែមួយមុខឡើយ ប៉ុន្តែត្រូវវាយបកនឹងឧបសគ្គដែលមករារាំងការរីកចម្រើន របស់ប្រទេសនៅក្នុងរយៈពេលថ្មីៗនេះ។
កត្តាទាំងនេះ បាននិងកំពុងជួយពង្រីកអំណាចសេដ្ឋកិច្ចរបស់ប្រទេសចិន បើប្រៀបធៀបជាមួយបណ្តារប្រទេសអភិវឌ្ឍដទៃដូចជា រុស្សី ជាដើម។
ទោះយ៉ាងណាក៏មានអ្នកជំនាញ មកពីស្ថាប័នផ្សេងៗបានលើកឡើងពីទស្សនៈផ្ទុយគ្នានឹងការលើកឡើងនេះផងដែរ។ ជាក់ស្តែង ស្ថាបនិកក្រុមហ៊ុនស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងញ៉ូវយ៉ក Rodium Groupបានឱ្យដឹងថា បំណុលនៅក្នុងប្រទេសចិនបានកើនឡើង កំណើនសេដ្ឋកិច្ចទូទាំងប្រទេសមានភាពមិនច្បាស់លាស់ និងប្រព័ន្ធធនាគារកំពុងស្ថិតក្នុងបញ្ហា។
លោកបន្តថា “លើសពីនេះចិន បានផលិតនូវផលិតផលជាច្រើន ដែលគ្មានមនុស្សទិញ ដូច្នេះការកើនឡើងនៃសេដ្ឋកិច្ចចិន នៅពេលនេះគឺបណ្តោះអាសន្នតែប៉ុណ្ណោះ”។
ការផ្គត់ផ្គង់សម្ភារៈ និងការនាំចេញទំនិញ ប្រហែលមួយភាគប្រាំនៃទិន្នផលសេដ្ឋកិច្ចពឹងផ្អែកទៅលើការបញ្ជាទិញ របស់សហរដ្ឋអាមេរិកនិងអ៉ឺរ៉ុប។ ចំណែកផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់មនុស្សម្នាក់ក្នុងប្រទេសចិនបាន១០,៨០០ដុល្លារ ដែលជាចំនួនទាបជាងខាងបស្ចឹមប្រទេស ស្របពេលដែលផលិតផលសរុបក្នុងស្រុកសរុប (GDP)សម្រាប់មនុស្សម្នាក់មានចំនួន ប្រមាណ២០,២៣៤ក្នុងឆ្នាំ២០២០។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិក The Wall Street Journal។
យ៉ាងណាក៏ដោយការនាំមុខរបស់ចិនលើអាមេរិក អាចជារឿងមុននិងក្រោយនិងភាពបត់បែនរបស់មេដឹកនាំាំចិន ប៉ុន្តែអ្វីៗពិតជាត្រូវការពេលវេលា ខណៈសង្រ្គាមត្រជាក់កំពុងធ្វើឲ្យទំនាក់ទំនងរវាងមហាអំណាចទាំងពីរ កាន់តែមានសភាពអាក្រក់ឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕






