ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ផ្សារទំនើបតូចធំដែលកំពុងដាក់ដំណើរការ និងបំពេញសេចក្ដីត្រូវការរបស់អតិថិជននៅកម្ពុជានាពេលបច្ចុប្បន្ននេះ មានចំនួន២៦ នៅទូទាំងប្រទេស ដែលក្នុងនោះមានចំនួន២៣ នៅក្នុងរាជធានីភ្នំពេញ ខណៈពេលដែលផ្សារទំនើបថ្មីៗចំនួន៣ គ្រោងនឹងដាក់បញ្ចូលទីផ្សារនៅត្រឹមចុងឆ្នាំ២០២០ខាងមុខនេះ។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះថា នៅពេលបច្ចុប្បន្ននេះមនុស្សជាច្រើនចាប់ផ្តើមមានទំនោរទៅលើផ្សារទំនើប ដែលក្នុងនោះរួមមានការទិញសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ការកម្សាន្ត និងការទទួលទានចំណីអាហារជាដើម។
លោកស្រី អាន សុធីតា បានមានប្រសាសន៍ថា “បើនិយាយតម្រូវការ គឺនៅតែមានមិនអត់នោះទេ ប៉ុន្តែវាបានធ្លាក់ចុះជាងកាលពីឆ្នាំកន្លងទៅដោយសារតែបញ្ហានៃជំងឺសាកលដែលកំពុងបន្តគំរាមកំហែង”។ នៅក្នុងឆ្នាំ២០២០នេះ កំណើនផ្សារទំនើបនៅតែបន្តកើនឡើង ហើយរហូតដល់ចុងឆ្នាំ២០២០អាចនឹងមានចំនួន៣ទៀតគ្រោងដាក់ដំណើរការ”។
យោងតាមរបាយការណ៍ដែលចេញដោយក្រុមហ៊ុនភ្នាក់ងារ និងជំនាញស្រាវជ្រាវអចលនទ្រព្យអន្តរជាតិ CBRE Cambodia កាលពីចុងសប្ដាហ៍កន្លងទៅនេះបានបង្ហាញថា ទីផ្សារជួលតូបនៅក្នុងផ្សារទំនើប (Retail) នៅកម្ពុជា គិតត្រឹមចុងឆមាសទី១ (ចុងខែមិថុនា) គឺមានភាពអវិជ្ជមានខ្លាំង ពោលគឺធ្លាក់រហូតដល់ដក១៩ភាគរយ ក្រោមបន្ទាត់គោល ប៉ុន្តែទីផ្សារនេះត្រូវបានព្យាករណ៍ថា នឹងមានសន្ទុះឡើងវិញបន្តិចបន្តួចនៅក្នុងឆមាសទី២ នៃឆ្នាំ២០២០។
របាយការណ៍ដដែលបានបង្ហាញទៀតថា បើទោះជាទីផ្សារមួយនេះស្ថិតក្រោមបន្ទាត់គោលរហូតដល់ដក ១៩ភាគរយ ក៏ដោយ សម្រាប់ឆមាសទី២ នៃឆ្នាំដដែលនេះ តម្រូវការជួលតូបនឹងអាចមានកំណើនឡើងវិញមានប្រមាណ ១០,២ភាគរយ ប៉ុន្តែបើធៀបទៅនឹងឆ្នាំ២០១៩ គឺមានកំណើនប្រមាណ ០,១ភាគរយប៉ុណ្ណោះ ហើយកំណើននៃតម្រូវការជួលនេះ កើតឡើងដោយសារមនុស្សជាច្រើនចាប់ផ្តើមមានសកម្មភាពចេញដើរ និងប្រកបអាជីវកម្មប្រចាំថ្ងៃឡើងវិញ ក៏ដូចជាចេញដើរតាមផ្សា។
លោកស្រី អាន សុធីតា បានមានប្រសាសន៍បញ្ជាក់ថា “ចំនួនផ្សារទំនើបគ្រប់ប្រភេទដែលកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះមានចំនួន២៦ទីតាំង ដែលក្នុងផ្សារចំនួន២៣ នៅក្នុងរាជធានីភ្នំពេញ ហើយគម្រោងផ្សារទំនើបថ្មីៗចំនួន៣ទៀតគ្រោងនឹងដាក់ដំណើរការនៅចុងឆ្នាំ២០២០ខាងមុខនេះ”។
ជាមួយនឹងកំណើននៃផ្សារទំនើបទាំងអស់នេះ លោកស្រី អាន សុធីតា បានអះអាងថា មិនអាចលុបបំបាត់ ឬលេបបណ្តាផ្សារប្រពៃណីចាស់ៗបាននោះទេ ប៉ុន្តែការរីកចម្រើន និងការកើនឡើងនូវចំនួនផ្សារទំនើប នឹងចូលរួមកែប្រែនូវរបៀបសណ្តាប់ធ្នាប់ ការបង្កើនសោភ័ណភាពនៅតាមបណ្តាផ្សារប្រពៃណីឱ្យកាន់តែមានភាពល្អប្រសើរជាងមុន៕






