ដោយ ៖ ប៊ី
ភ្នំពេញ ៖ សហរដ្ឋអាមេរិក និងចិន បាននិយាយថា ពួកគេមានសុទិដ្ឋិនិយមកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ពួកគេ បើទោះបីជាប្រទេសមហាអំណាចទាំងពីរកំពុងមានបញ្ហាមួយចំនួនផ្សេងទៀតរួមទាំងបច្ចេកវិទ្យា និងសន្តិសុខជាតិ។

អាជ្ញាធរជាន់ខ្ពស់មកពីប្រទេសទាំងពីររួមទាំងរដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិកលោក Steven Mnuchin អ្នកតំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer និងឧបនាយករដ្ឋមន្ត្រីចិន Liu He បាននិយាយតាមទូរស័ព្ទកាលពីថ្ងៃច័ន្ទកន្លងមកនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយរដ្ឋាភិបាលរបស់ពួកគេ។
ការិយាល័យរបស់លោក Lighthizer បានឱ្យនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលសំដៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម“ តំណាក់កាលមួយ” ដែលបានសម្រេចដើមឆ្នាំនេះថា “ភាគីទាំងពីរមើលឃើញពីវឌ្ឍនភាព ហើយប្តេជ្ញាចាត់វិធានការចាំបាច់ដើម្បីធានាបាននូវជោគជ័យនៃកិច្ចព្រមព្រៀង”។
ក្រសួងពាណិជ្ជកម្មចិនបានហៅកិច្ចពិភាក្សានេះថាជា “ការសន្ទនាប្រកបដោយការស្ថាបនា” នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ដោយបន្ថែមថា ប្រទេសទាំងពីរបានព្រមព្រៀងបង្កើតលក្ខខណ្ឌ និងបរិយាកាស ដើម្បីបន្តជំរុញទៅរកកិច្ចព្រមព្រៀងនេះ។
ព័ត៌មាននៃកិច្ចចរចានេះកើតឡើងមួយសប្តាហ៍ បន្ទាប់ពីអ្នកចរចាពាណិជ្ជកម្មអាមេរិក និងចិនត្រូវបានរំពឹងថានឹងជួបគ្នាតាមរយៈវីដេអូ ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀង ដែលសម្រេចបានកាលពីខែមករា។ ប៉ុន្តែប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានបញ្ឈប់ការប្រជុំនោះ ពីព្រោះលោកមិនសប្បាយចិត្តនឹងទីក្រុងប៉េកាំង។
លោក Trump បានប្រាប់អ្នកយកព័ត៌មានកាលពីសប្តាហ៍មុនថា “ខ្ញុំបានលុបចោលការពិភាក្សាជាមួយប្រទេសចិន។ ខ្ញុំមិនចង់និយាយជាមួយចិនទេឥឡូវនេះ”។
កាលពីសប្តាហ៍មុនភាគីចិន បាននិយាយថា កិច្ចពិភាក្សាពាណិជ្ជកម្មនឹងចាប់ផ្តើមឡើងវិញនៅប៉ុន្មានថ្ងៃខាងមុខ។
ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនបានកើនឡើងយ៉ាងកាលពីពេលថ្មីៗនេះ។ ប្រទេសទាំងពីរបានស្តីបន្ទោសគ្នាទៅវិញទៅមកជុំវិញការរីករាលដាលនៃជំងឺ Covid-19 និងបានបិទស្ថានកុងស៊ុលមួយចំនួនជុំវិញបញ្ហាសន្តិសុខជាតិ។ អាជ្ញាធរអាមេរិក ក៏បានផ្តោតលើក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយចំនួន ហើយបានគំរាមហាមឃាត់កម្មវិធីពេញនិយម TikTok និង WeChat ។ ប៉ុន្តែកិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីខែមករា នៅតែមានដដែល។
ក្រុមអ្នកវិភាគបានប្រាប់ CNN Business ថា បណ្តាប្រទេសទាំងពីរមានបំណងក្នុងការរក្សាទំនាក់ទំនងសេដ្ឋកិច្ចមានស្ថេរភាព និងមានការបន្តទំនាក់ទំនង បើទោះបីប្រឈមមុខនឹងបញ្ហាផ្សេងទៀត។
កាលពីដើមខែនេះ ទីប្រឹក្សាសេតវិមានលោក Larry Kudlow បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា ប្រទេសចិនបានបង្កើនការទិញទំនិញរបស់សហរដ្ឋអាមេរិកយ៉ាងច្រើន។ លោក បន្ថែមថា ពាណិជ្ជកម្មគឺល្អ “ឥឡូវនេះ៕






