ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋបាលគយមានសិទ្ធិសម្រុះសម្រួល ចំពោះបទល្មើសគយ តាមបញ្ញត្តិមាត្រា៧៧នៃច្បាប់ស្តីពីគយ។ សិទ្ធិសម្រុះសម្រួលនេះ ប្រើប្រាស់ចំពោះតែការពិន័យជាប្រាក់តែប៉ុណ្ណោះ។
នេះជានីតិវិធីសម្រុះសម្រួលបទល្មើសគយៈ ក្នុងរយៈពេលសាមសិបថ្ងៃ (៣០) ថ្ងៃ គិតពីកាលបរិច្ឆេទ ក្នុងកំណត់ហេតុបទល្មើសគយ ឬកំណត់ហេតុគយផ្សេងទៀត បុគ្គលដែលពាក់ព័ន្ធនឹងកំណត់ហេតុទាំងនេះ ត្រូវចូលខ្លួនមកសម្រុះសម្រួល ប្រសិនបើមានបំណងសម្រុះសម្រួលករណីនេះ ដោយមិនបាច់បញ្ចូនសំណុំរឿង ទៅតុលាការមានសមត្ថកិច្ច។
សិទ្ធិសម្រុះសម្រួល និងការកំណត់ពេលវេលានេះ ត្រូវចែងនៅក្នុងកំណត់ហេតុបទល្មើសគយ ឬកំណត់ហេតុផ្សេងទៀត។
ប្រសិនបើ ក្នុងរយៈពេលកៅសិបថ្ងៃ (៩០) ថ្ងៃ គិតពីកាលបរិច្ឆេទក្នុងកំណត់ហេតុល្មើសគយ ឬ កំណត់ហេតុផ្សេងទៀត សេចក្តីសម្រេចជាផ្លូវការស្តីពី ការសម្រុះសម្រួលនូវបទល្មើសគយ មិនអាចធ្វើទៅបាន រដ្ឋបាលគយត្រូវបញ្ជូនសំណុំរឿង ទៅតុលាការមានសមត្ថកិច្ច។
បុគ្គលពាក់ព័ន្ធត្រូវអនុវត្តតាមកម្រិតកំណត់ និងល័ក្ខខ័ណ្ឌនានានៃសេចក្តីសម្រេចផ្លូវការ ស្តីពីការសម្រុះសម្រួលបទល្មើសគយ រាប់បញ្ចូលទាំងការបង់ប្រាក់ពិន័យ ពន្ធ និងអាករ ដែលត្រូវជាប់ និងកាតព្វកិច្ចផ្សេងទៀតដែលមានចែង ក្នុងសេចក្តីសម្រេច ក្នុងរយៈពេលកៅសិបថ្ងៃ(៩០) ថ្ងៃ គិតពីកាលបរិច្ឆេទនៃសេចក្តីសម្រេច។
ប្រសិនបើបុគ្គលពាក់ព័ន្ធខកខានអនុវត្តន៍ តាមកម្រិតកំណត់និងល័ក្ខខ័ណ្ឌនានានៃសេចក្តីសម្រេច ក្នុងរយៈពេលកំណត់នេះ ទំនិញដែលជាកម្មវត្ថុ នៃសេចក្តីសម្រេចផ្លូវការនេះត្រូវចាត់ទុកជាទំនិញគ្មានការទាមទារ តាមបញ្ញត្តិមាត្រា៥៤ និងមាត្រា៥៥នៃច្បាប់ស្តីពីគយ៕