ដោយ៖រ៉ាម៉ន
ភ្នំពេញ ៖ប្រភេទកូនឈឺធ្នង់ធំៗ ដែលមានទំហំប៉ុនកំភួនជើង ប្រមាណជិត២០០០ដើម អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងដាំនៅតាមខាងបណ្ដោយផ្លូវ២១៧ ចាប់ពីរង្វង់មូលគួរស្រូវដល់ផ្លូវចូលជើងឯក ក្នុងខណ្ឌដង្កោ នៅសប្តាហ៍ក្រោយ ដើមខែកញ្ញាឆ្នាំ២០២០នេះហើយ ដើម្បីធ្វើឲ្យរាជធានីភ្នំពេញជាទីក្រុងដែលមានពណ៌បៃតងនិងបរិស្ថានល្អប្រសើរ ហើយការងារនេះត្រូវបានលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ សម្រេចឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញជាអ្នកដាំដោយសហការជាមួយមន្ទីរកសិកម្មរាជធានីនិងអាជ្ញាធរមូលដ្ឋានផងដែរ។

នេះបើតាមការបញ្ជាក់របស់លោកឃួង ស្រេង ក្នុងកិច្ចប្រជុំមួយ ជាមួយអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ សីហា ឆ្នាំ២០២០នេះ។
ពាក់ព័ន្ធការងារនេះលោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា៖ ក្រោមការដឹកនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺសម្រេចអោយអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញជាអ្នកដាំ ហើយឈើដែលត្រូវដាំ មិនមែនកូនឈើតូចៗនោះទេគឺជាប្រភេទកូនឈឺធ្នង់ធំៗ ដែលមានទំហំប៉ុនកំភួនជើង ប្រមាណពី១៥០០ដើមទៅ២០០០ដើម ដោយដាំអមសងខាងផ្លូវចន្លោះពីគ្នាប្រមាណ៨ម៉ែត្រតាមបណ្ដោយផ្លូវ២១៧ ក្នុងខណ្ឌដង្កោ ចាប់ផ្ដើមដាំពី រង្វង់មូលគួរស្រូវ ជាប់ព្រំប្រទល់ខេត្តកណ្ដាលដល់ផ្លូវចូលមជ្ឈមណ្ឌប្រល័យពូជសាសន៍ជើងឯ លើចំងាយផ្លូវប្រវែង៧គីឡូម៉ែត្រសងខាង (ស្មើ ១៤គីឡូម៉ែត្រ)។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំនោះក៏បានធ្វើការណែនាំទៅដល់អាជ្ញាធរខណ្ឌដង្កោ មន្ទីរកសិកម្មរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី ចុះណែនាំធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ២១៧នេះ ចូលរួមសហការនិងថែទាំដើមឈើដែលបានដាំរួច នៅមុខផ្ទះរបស់ពួកគាត់ឲ្យបានល្អដោយស្រឡាញ់ដើមឈើដូចស្រឡាញ់កូនខ្លួនឯងដែរ។
គួរបញ្ជាក់ផងដែរថា៖ ពាក់ព័ន្ធនឹងការដាំដើមឈើប្រណិតៗនេះដែរ លោកឃួង ស្រេង ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃទី០៣មិថុនាកន្លងទៅនេះ លោកក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវតែសិក្សាឲ្យបានច្បាស់លាស់មុននៃការដាំដើមឈើទាំងនេះ ដោយត្រូវគិតគូរឱ្យបានរួចរាល់អំពីទំហំនៃគម្រោងពង្រីកផ្លូវខាងលើក៏ដូចជា គិតគូរពីការដាក់ប្រព័ន្ធលូឱ្យហើយស្រេច ជៀសវាងមានបញ្ហា យើងកាប់ដើមឈើចោល វាពិតជាសោគស្តា។
ចំណែកលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ក៏បានមានប្រសាសន៍លើកឡើង ពីការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងនៃការដាំដើមឈើប្រណិតៗនៅតាមបណ្តោយផ្លូវ២១៧នេះផងដែរ ដោយលោកស្រីអះអាងថា ការដាំដើមឈើនេះយើងអាចការពារបាននូវការរំលោភចំណីផ្លូវពីសំណាក់ប្រជាពលរដ្ឋមួយចំនួនផងដែរ ៕






