ដោយ៖ ប៊ី
ភ្នំពេញ៖ ប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងនៅពីថ្ងៃច័ន្ទថា ខ្លួននឹងចាប់ផ្តើមការចរចាពាណិជ្ជកម្មសេរីជុំទី២ ជាមួយប្រទេសកម្ពុជានៅសប្តាហ៍នេះ ខណៈប្រទេសនេះពង្រីកកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រីកផលប័ត្រនាំចេញរបស់ ខ្លួនដើម្បីទប់ស្កាត់ការធ្លាក់ចុះសេដ្ឋកិច្ច ពីជំងឺរាតត្បាត។

យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា ទីក្រុងសេអ៊ូល និងភ្នំពេញគ្រោងនឹងចាប់ផ្តើមកិច្ចប្រជុំតាមវីដេអូ Conference រយៈពេល ៤ ថ្ងៃ ដើម្បីកំណត់ព័ត៌មានលម្អិតបន្ថែមទៀតស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
ប្រទេសទាំងពីរបានធ្វើកិច្ចចរចាជុំទីមួយនៅចុងខែកក្កដា។ សម័យប្រជុំនេះបានកើតឡើងអស់រយៈពេលជាងមួយឆ្នាំ បន្ទាប់ពីសម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើធ្វើឱ្យមានការរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់សម្តេច ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន នៅរាជធានីភ្នំពេញកាលពីខែមីនាឆ្នាំ ២០១៩។
នៅក្នុងកិច្ចប្រជុំនាសប្តាហ៍នេះ ប្រទេសកូរ៉េខាងត្បូង និងកម្ពុជានឹងផ្លាស់ប្តូរយោបល់ស្តីពីការកំណត់វិសាលភាពនៃផលិតផល ក៏ដូចជាមធ្យោបាយផ្សេងទៀត ដើម្បីលើកកម្ពស់ចំណងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរបស់ខ្លួន។
កូរ៉េខាងត្បូង មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយអាស៊ាន ប៉ុន្តែប្រទេសនេះបាននិងកំពុងស្វែងរកកិច្ចព្រមព្រៀងដាច់ដោយឡែកពីគ្នា ជាមួយសមាជិកនីមួយៗ ដើម្បីពង្រីកកិច្ចព្រមព្រៀងបន្ថែម។
ប្រទេសនេះបាននិងកំពុងធ្វើយ៉ាងណា ដើម្បីបន្ធូរបន្ថយការពឹងផ្អែកយ៉ាងខ្លាំងរបស់ខ្លួនលើប្រទេសចិន និងសហរដ្ឋអាមេរិកសម្រាប់ការនាំចេញរបស់ខ្លួន ខណៈសេដ្ឋកិច្ចប្រទេសទាំងពីរបានកើនឡើង ៤០ភាគរយនៃការនាំចេញទៅក្រៅប្រទេស។
ប្រទេសកម្ពុជាគឺជាទិសដៅនាំចេញធំជាងគេទី៥៨ សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចលេខ ៤ នៅអាស៊ីនេះ។
ក្រសួង បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កិច្ចព្រមព្រៀងនេះនឹងបង្កើតបរិយាកាសអាជីវកម្មអំណោយផលសម្រាប់ក្រុមហ៊ុននាំចេញកូរ៉េខាងត្បូង និងចូលរួមចំណែកក្នុងការលើកកម្ពស់ការប្រកួតប្រជែងរបស់ពួកគេ”។
ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឈានដល់កម្រិតខ្ពស់បំផុតដែតម្លៃ ១ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ កើនឡើង ៦ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។ នេះបើយោងតាមទិន្នន័យដែលចងក្រងដោយសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ។
ការនាំចេញរបស់កូរ៉េខាងត្បូងទៅកាន់ប្រទេសកម្ពុជា បានឈានដល់ ៦៩៧ លានដុល្លារក្នុងឆ្នាំ ២០១៩ កើនឡើង ៥,៥ ភាគរយ។ អតិរេកពាណិជ្ជកម្មឈានដល់ ៣៦១ លានដុល្លារ។
ប្រទេសនេះភាគច្រើននាំចេញ រថយន្តដឹកទំនិញ ភេសជ្ជៈ និងវាយនភ័ណ្ឌមកកាន់ប្រទេសកម្ពុជា ខណៈពេលដែលនាំចូលសម្លៀកបំពាក់ និងស្បែកជើងជាដើម។
នៅពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួច ប្រទេសកម្ពុជានឹងត្រូវបញ្ចូលទៅក្នុងបញ្ជីដៃគូពាណិជ្ជកម្មសេរីរបស់កូរ៉េខាងត្បូងនៅអាស៊ីអាគ្នេយ៍ ដែលបច្ចុប្បន្នមានប្រទេសវៀតណាម និងសឹង្ហបុរី។
ទីក្រុងសេអ៊ូល និងទីក្រុងម៉ានីល ក៏បានធ្វើកិច្ចចរចាផ្លូវការលើកទី៥ សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ពួកគេកាលពីខែមករា។ កិច្ចពិភាក្សាជាមួយប្រទេសម៉ាឡេស៊ីក៏កំពុងដំណើរការផងដែរ ហើយកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ជាមួយឥណ្ឌូណេស៊ី ក៏កំពុងរង់ចាំពិធីចុះហត្ថលេខាជាផ្លូវការផងដែរ៕






