កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុអាចស្រូបយកទំនិញនាំចេញ-នាំចូលក្នុងប្រទេស ៧០ភាគរយ

0

ដោយវុត្ថា

ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុអះអាងថា កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ក្រោមកិច្ចសហប្រតិបត្តិការសាងសាង់ជាមួយប្រទេសជប៉ុន (JICA) អាចស្រូបយកទំនិញនាំចេញ-នាំចូលក្នុងប្រទេស ៧០ភាគរយ ខណៈបច្ចុប្បន្ននេះ កំពុងសាងសង់ដំណាក់កាលទី១ និងទី២ ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅក្នុងជំនួបពិភាក្សាការងារជាមួយ គណៈកម្មការទី៣ថ្ងៃទី៣១នៃព្រឹទ្ធសភា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ថ្លែងថាកម្ពុជា កំពុងដំណើការកសាងកំពង់ផែដំណាក់កាលទី១ និងទី២ ចាប់ពីឆ្នាំ២០២០ ដល់ ២០២៥ មានជម្រៅទឹក១៣ ម៉ែត្រ។ ការជម្រុញរបស់រាជ រដ្ឋាភិបាលកម្ពុជា កសាងកំពង់ផែជំហានទី៣ និងទី៤បន្តទៀត ២០២៦ ដល់២០២៨ មានលទ្ធភាពឲ្យនាវាជម្រៅទឹក ១៥ម៉ែត្រចូលចតបាន ធ្វើឲ្យតម្លៃដឹកជញ្ជូនមានការធ្លាក់ចុះ។

លោកបន្តថា ក្រៅពីនេះ ខេត្តព្រះសីហនុ មានព្រលានយន្តហោះអន្តរជាតិដែលមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបារាំងពង្រីកផ្លូវហោះហើរ ហើយនៅឆ្នាំ២០២១ និង២០២២ អាចឲ្យយន្តហោះដែលមានកៅអី ៣ជួរ ចុះចតបាន និងមានផ្លូវរត់រហូតដល់ ៣,២០០ម៉ែត្រ ។

លោក គួច ចំរើនបន្តថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដាក់ចេញនូវគោលនយោបាយ២ ទី១ “ស្លឹកត្នោត ខ្ចប់ស្ករត្នោត” ដោយប្រគល់ភារកិច្ចជូនលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាអ្នកដឹកនាំកសាងផ្លូវ៣៤ខ្សែ មានប្រវែង ៨២,៥៧៤ម៉ែត្រ និងស្ពានថ្មីចំនួន៥ រង្វង់មូល០៣ ក្នុងក្រុងព្រះសីហនុ កំពុងកសាងដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធលូ និងរៀបចំខឿន ផ្លូវថ្មើរជើង ផ្លូវជិះកង់ និងការដាំដើមឈើ ភ្លើងបំភ្លឺផ្លូវ ដាក់កាំម៉ារ៉ាសុវត្ថិភាព អ៊ុតបេទីម និងគំនូសចរាចរណ៍ ។

លោកបន្ថែមថា បច្ចុប្បន្នខេត្តកំពុងកសាងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២ សម្រេចបាន ២០ភាគរយ និងជម្រុញឲ្យហើយនៅចុងឆ្នាំ២០២០ខាងមុខដើម្បីកាត់បន្ថយទឹកកខ្វក់ហូរចូលសមុទ្រ ។ ទន្ទឹមនោះផងដែរ គណៈកម្មការឆ្នេររៀបចំសាងសង់បង្គន់អនាម័យនៅតាមតំបន់ឆ្នេរចំនួន ១៥ ទៅ ១៦កន្លែង មានឆ្នេរប្រវែង ១៥គីឡូម៉ែត្រ ចាប់ពីឆ្នេរជ័យជំនះរហូតដល់ឆ្នេរជំទាវម៉ៅ ដើម្បីបំរើឲ្យភ្ញៀវទេសចរ ។

ទី២ សម្តេចតេជោ បានបញ្ចេញកញ្ចប់ថវិការសន្សំរបស់រាជរដ្ឋាភិបាលចំនួន ១០០លានដុល្លា ប្រគល់ជូន លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អនុវត្តគម្រោងស្ថាបនាផ្លូវចំនួន១១ខ្សែ សម្រេចបានប្រមាណ១០ភាគរយ និងការស្តារអូរប្រឡាយធម្មជាតិមានប្រវែងសរុប១១.០៨៧ម៉ែត្រសម្រេចបានជាង៧០ភាគរយ។

តាមគោលនយោបាយ ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនារតី ផ្អែកលើសក្តានុពលធម្មជាតិ ខេត្តមានឆ្នេរសរស្អាតក្នុងការទាក់ទាញភ្ញៀវទេសចរ ផ្តើមចេញពីសក្តានុពលខេត្តមានផ្លូវជាតិលេខ៤ តភ្ជាប់ទៅរាជធានីភ្នំពេញ ទទួលបានប្រជាប្រិយជាបន្ត បន្ទាប់ ជំរុញដំណើរការកសាងនិងអភិវឌ្ឍសង្គមជាតិ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here