ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២០ ដែលកំពុងទទួលរងនូវការគំរាមកំហែងពីវិបត្តិជំងឺឆ្លង ការលក់បណ្ណចូលទស្សនានៅតំបន់រមណីយដ្ឋានអង្គរ ទទួលបានជាង១៨លានដុល្លារ ធ្លាក់ចុះជាង៧៣ភាគរយបើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។

តាមរយៈសេចក្ដីប្រកាសជាផ្លូវការរបស់គ្រឹះស្ថានអង្គរនៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០នេះបានបង្ហាញថា ចំនួនទេសចរសរុបក្នុងរយៈពេល៨ខែឆ្នាំ២០២០ មានការធ្លាក់ចុះរហូតដល់ប្រមាណជាង៧៤ភាគ ខណៈដែលចំណូលទទួលបានពីការលក់ប័ណ្ណចូលទស្សនានៅតំបន់រមណីយដ្ឋានអង្គរមានចំនួនជាង១៨លានដុល្លារ ធ្លាក់ចុះជាង៧៣ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩កន្លងទៅ។
ជាមួយនឹងលទ្ធផលដែលទទួលបាន និងបង្ហាញពីការធ្លាក់ចុះយ៉ាងគំហុកនេះ រាជរដ្ឋាភិបាលធ្លាប់បានធ្វើការព្យាករណ៍ថា នៅក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចកម្ពុជាអាចនឹងធ្លាក់ចុះប្រមាណ-១,៩ភាគរយ ហើយវិស័យពាក់ព័ន្ធដូចជាទេសចរណ៍ សណ្ឋាគារ និងអនុវិស័យដូចជាភោជនីយដ្ឋាន អាហារដ្ឋាន អាចនឹងមានការធ្លាក់ចុះរហូតដល់-៩,៧ភាគរយ ។
តែទោះជាយ៉ាងណា ក្នុងរយៈពេលប្រមាណជាងមួយខែចុងក្រោយនេះ គេសង្កេតឃើញថា ចលនាទេសចរក្នុងបានងើបឡើងវិញបន្តិច ដែលភាគច្រើនកើននៅតាមតំបន់កម្សាន្តបែបធម្មជាតិ ដូចជាតំបន់ឆ្នេរ តំបន់មាត់ព្រែក និងតំបន់ភ្នំ ៕






