អាមេរិក កំពុងសិក្សាពីលទ្ធភាព និងសក្ដានុពលសេដ្ឋកិច្ចទូទាំងខេត្តកំពង់ស្ពឺ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សហរដ្ឋអាមេរិក តាមរយៈស្ថានទូតអាមេរិចប្រចាំកម្ពុជា បានចុះសិក្សា និងស្វែងយល់ពីលទ្ធភាពនៃសក្ដានុពលសេដ្ឋកិច្ចនៅទូទាំងខេត្តកំពង់ស្ពឺ ដើម្បីគាំទ្រ និងជំរុញបង្កើនការធ្វើពាណិជ្ជកម្ម តាមរយៈការនាំចេញផលិតផលឧស្សាហកម្មចេញពីខេត្តកំពង់ស្ពឺទៅកាន់ទីផ្សារសហរដ្ឋអាមេរិកបន្ថែមទៀត។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានប្រាប់គេហទំព័រ propertyarea.asia នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០នេះថា កាលពីថ្ងៃម្សិលមិញនេះ ឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ប៉ាទ្រីក មើហ្វី (W.Patrick Murphy) បានចុះសិក្សា និងពីភាក្សាការងារក្នុងគោលបំណងស្វែងយល់ពីលទ្ធភាព សក្ដានុពលសេដ្ឋកិច្ចនៅទូទាំងខេត្តកំពង់ស្ពឺ ដើម្បីជួយជំរុញ និងពង្រីកការគាំទ្រលើផលិតផលនានាចេញពីខេត្តកំពង់ស្ពឺ តាមរយៈការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

លោកអភិបាលខេត្តបានបញ្ជាក់ថា “បន្ទាប់ពីបានស្វែងយល់ពីស្ថានភាពដ៏ល្អប្រសើរនៃសក្ដានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ស្ពឺរួចរាល់ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានសិក្សាបន្ថែមពីលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តកំពង់ស្ពឺ និងស្ថានទូតសហរដ្ឋអាមេរិក ជាមួយនឹងការកោតសរសើរពីស្ថានភាពភូមិសាស្ត្រ និងតំបន់សក្ដានុពលសំខាន់ៗផ្សេងៗទៀតនៅទូទាំងខេត្ត”។

បច្ចុប្បន្ននេះ ក្នុងចំណោមរោងចក្រទាំងអស់ដែលកំពងដំណើរការនៅក្នុងទឹកដីខេត្តកំពង់ស្ពឺប្រមាណជិត២០០ទីតាំង បានគោរព និងប្រកាន់ខ្ជាប់នូវលក្ខខណ្ឌការងារយ៉ាងល្អប្រសើរ ហើយពេលនេះមានរោងចក្រចំនួន៤៣ បានផលិតសម្រាប់ការនាំចេញទៅកាន់សហរដ្ឋអាមេរិក។

ក្នុងឱកាសនោះផងដែរ លោក ប៉ាទ្រីក មើហ្វី (W.Patrick Murphy) បានថ្លែងនូវការអគុណចំពោះ អភិបាលខេត្ត និងមន្ត្រីរដ្ឋបាលខេត្ត ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូរបស់លោក ព្រមទាំងបានផ្ដល់ជូននូវព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងខេត្តកំពង់ស្ពឺ ហើយលោកពិតជារីករាយជាមួយការអភិវឌ្ឍរីកចម្រើនរបស់ខេត្ត ជាពិសេសរោងចក្រជាច្រើនបានផ្ដល់ការងារដល់ប្រជាពលរដ្ឋជាច្រើនម៉ឺននាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here