លោកស៊ុន ចាន់ថុលៈលើកឡើ់ងពីគម្រោងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀតដែលនឹងស្ថាបនានាពេលខាងមុខ

0

ដោយវុត្ថា

ភ្នំពេញៈ​ ទោះបីមានមេរោគកូវីដ-១៩ ក្រសួងក៏ដូចជារាជរដ្ឋាភិបាល នៅតែបន្តការកសាង និងអភិវឌ្ឍន៍របស់ខ្លួនហើយដៃគូអភិវឌ្ឍន៍នៅតែ បន្តផ្ដល់ជំនួយដល់រាជរដ្ឋាភិបាលលើគម្រោងពង្រឹង ពង្រីកនិងលើកកម្ពស់គុណភាពផ្លូវជាតិសំខាន់ៗ នៅទូទាំងប្រទេសកម្ពុជា។

ក្នុងឱកាសនាំយកសម្ភារបរិក្ខារ និងថវិកាចែកជូនកងទ័ពការពារព្រំដែនគោកលេខ៤០៣ (អន្លង់វែង) និង៤០២(អូរស្មាច់) ឈរជើងបំពេញភារកិច្ចជួរមុខតាមតំបន់ព្រំដែនខេត្តឧត្តរមានជ័យ នារដូវបុណ្យភ្ជុំបិណ្ឌ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូន នៅថ្ងៃទី ២កញ្ញានេះបានឲ្យដឹងថា ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-កំពង់សោម ការស្ដារផ្លូវដែកទាំងពីរខ្សែ និងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយប្រទេសថៃ ទាក់ទងនឹងការដឹកជញ្ជូនតាមផ្លូវរថភ្លើង ឆ្លងកាត់ព្រំដែន ការពង្រីកកំពង់ផែកុងតឺន័រក្រុងភ្នំពេញ និងក្រុងព្រះសីហនុ ការដាក់ឱ្យដំណើរការនាវាដឹកអ្នកដំណើរ ការរៀបចំផែនការមេភស្ដុភារកម្ម ផែនការមេគ្រប់គ្រងទឹកកខ្វក់នៅខេត្តព្រះសីហនុ និងខេត្តផ្សេងៗទៀតនៅតែប្រព្រឹត្តិទៅតាមធម្មតា។

លោក ទេសរដ្ឋមន្ត្រីបន្តថា គម្រោងធំៗមួយចំនួនបានសិក្សារួច និងគម្រោងមួយចំនួនទៀតត្រូវបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្របខណ្ឌដូចជា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កិច្ចសហការជាមួយភាគីវៀតណាម លើការសិក្សាលទ្ធភាពសាងសង់ផ្លូវដែកពីភ្នំពេញ-ហូជីមិញ។ កិច្ចសហការ ជាមួយក្រុមហ៊ុនឯកជនសិក្សាលទ្ធភាពសាងសង់ផ្លូវដែកទំនើបម៉ូណូរ៉េល ផ្លូវដែកក្រោមដីក្នុងទីក្រុងភ្នំពេញ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ និងគម្រោងផ្សេងៗជាច្រើនទៀត។

លោកបន្ថែមថា ក្រសួងបានដាក់ឱ្យដំណើរការប្រព័ន្ធ ស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះ ប្រព័ន្ធស្វ័យប្រវត្តិកម្មលក់លេខពិសេសផ្ទាល់ខ្លួន ការបើកដំណើរការ មណ្ឌលប្ដូរ និងពន្យារបណ្ណបើកបរនៅផ្សារទំនើបអ៊ីអនម៉ល១ អ៊ីអនម៉ល២ និងផ្សារទំនើបជីបម៉ុង ការបង្កើតទីតាំងត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្តឱ្យបានច្រើនកន្លែង រថយន្តឆៀកចល័ត ការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) និងកម្មវិធីព័ត៌មានវិទ្យាជាច្រើនទៀត ដើម្បីផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានលឿន ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here