ដោយវុត្ថា
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាពលរដ្ឋបាននឹងកំពុងពិនិត្យលទ្ធភាពរកដំណោះស្រាយរួមគ្នាមួយចំពោះអគារអង្គរជ័យដែលមានទីតាំងនៅទល់មុខអតីតអគារពាណិជ្ជកម្មប៊ីអេស (BS) ជាអគារមួយមានសភាពចាស់ទ្រុឌទ្រោម មានអាយុកាល៧០ឆ្នាំមកហើយនោះ។

លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២០នេះឱ្យដឹងថា បច្ចុប្បន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាពលរដ្ឋដែលរស់នៅលើអគារអង្គរជ័យដែលមានសភាពទ្រុឌទ្រោមនេះ គំពុងគិតគូររកដំណោះស្រាយសមស្របក្នុងការផ្លាស់ប្តូរទីតាំងរស់នៅ។
លោកបន្តថា ក្រៅពីការបារម្ភចំពោះការរស់នៅលើអគារនេះ តើប្រជាពលរដ្ឋចង់ផ្លាស់ប្តូរទៅរស់នៅក្នុងទីកន្លែងណាបណ្តោះអាសន្នឬ យ៉ាងមិច ។ ដូច្នេះ ពលរដ្ឋដែលរស់នៅក្នុងអគារនេះ ត្រូវតែពិគ្រោះគ្នាឱ្យបានច្បាស់លាស់។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានគិតគូជាមួយពួកគាត់ផងដែរ។
លោកបន្តថា “អគារនេះ ដល់កម្រិតដែលមិនអាចរស់នៅបានតទៅទៀតទេ បើរស់នៅ អាចនឹងមានឧបទ្ទវហេតុណាមួយកើតឡើង ។ យើងចូលរួមគិតជាមួយគ្នាក្នុងការជ្រើសរើស និងស្វែងរកដំណោះស្រាយរួមគ្នាមួយឱ្យបានត្រឹមត្រូវ មុននឹងឈានដល់ការសម្រេច ដែលរហូតមកដល់ពេលនេះ មិនទាន់លទ្ធផលអ្វីនោះទេ”។
លោក ឃុំ រស្មី តំណាងប្រជាពលរដ្ឋលើអគារអង្គរមានជ័យដែលមានទីតាំងនៅទល់មុខអតីតអគារពាណិជ្ជកម្ម BS បានឱ្យដឹងដែរថា ប្រជាពលរដ្ឋដែលរស់នៅលើអគារនេះ មានបំណងក្នុងការផ្លាស់ប្តូរទីលំនៅចេញពីអគារដែលមានសភាពទ្រុឌទ្រោមនេះ តែ ត្រូវមានដំណោះស្រាយសមស្របពីអាជ្ញាធរក្រុង។
លោកបន្តថា “ដំណោះស្រាយសមស្របនេះ សំដៅដល់លទ្ធភាពដែលទិញលំនៅឋានផ្សេងហើយអាចរស់នៅបាន ព្រោះការរស់នៅទីនេះមានការលំបាកចំពោះបរិស្ថាន និងព្រួយបារម្ភពីការទ្រុឌទ្រោមអគារ ដែលអាចនឹងអាចគ្រោះថា្នក់ណាមួយកើតឡើង”។
លោកបន្តថា “ពលរដ្ឋរស់នៅលើអគារនេះ យូតណាស់មកហើយ ចាប់តាំងពីឆ្នាំ ៨០ ចេញពីអាពត ហើយបឹងពឹងតែពួកខ្ញុំរកដំណោះស្រាយ គឺមិនចេញនោះទេ គឺទាល់តែ អាជ្ញាធរចូលរួមទើបដោះស្រាយបាន” ។ លោកបន្តថា “បើអាជ្ញាធរដោះស្រាយដូចពលរដ្ឋដែលរស់នៅក្នុងអគារបូឌីញ ពួកខ្ញុំក៏ឯកភាពដែរ អាស្រ័យលើការចចារ និងឯកភាពគ្នា”។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលស្នាក់នៅអគារខាងលើនេះ ប្រមាណជាង ១០០នាក់កាលពីកន្លងមកនេះ បានឱ្យដឹងថា អគារអង្គរមានជ័យដែលមានទីតាំងនៅទល់មុខអតីតអគារពាណិជ្ជកម្ម ប៊ីអេស នៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស កែងមហាវិថីកម្ពុជាក្រោម គឺជាអគារចាស់ទ្រុឌទ្រោមមានអាយុកាល ៧០ឆ្នាំហើយ មិនអាចបន្តរស់នៅបានទៀតទេ ដោយវាអាចនឹងកើតមានឡើងនូវហានិភ័យខ្ពស់ ដោយយថាហេតុ។
លោកបន្តថា “ដោយមើលឃើញពីស្ថានភាពនៃការគ្រោះថ្នាក់នេះ ទើបរដ្ឋបារាជធានីភ្នំពេញ អញ្ជើញប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារនេះ មកប្រជុំពិភាក្សាគ្នារកដំណោះស្រាយ ធ្វើយ៉ាងណា ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ ចៀសបាននូវហានិភ័យផ្សេងៗដែលនឹងកើតចេញពីអគារចាស់នេះ”។
លោកបន្តថា “ដើម្បីរកមធ្យោបាយធ្វើយ៉ាងណាដោះស្រាយឱ្យបានសមស្រប រដ្ឋបាលរាជធានីភ្នំពេញ រក្សាកម្មសិទ្ធិគ្រប់យ៉ាងជូនប្រជាពលរដ្ឋ មានន័យថា បើរស់នៅ១បន្ទប់ ២បន្ទប់ ឬ៥បន្ទប់ រដ្ឋបាលរាជធានីភ្នំពេញ រក្សាកម្មសិទ្ធិជូនប្រជាពលរដ្ឋទាំងអស់ និងម្យ៉ាងទៀត គឺដើម្បីរក្សាការពារនូវអាយុជីវិត ដោយប្រជាពលរដ្ឋមិនអាចរស់អគារនេះបានទៀតទេ”។
សំណង់អគារចាស់ៗ និងទ្រុឌទ្រោម ដែលសាងសង់តាំងពីអំឡុងឆ្នាំ១៩៥០ នៅក្នុងរាជធានីភ្នំពេញមានរហូតដល់ប្រមាណ២៤៤ទីតាំង ដែលកំពុងគំរាមកំហែងពីសុវត្ថិភាពរបស់អ្នករស់នៅ ខណៈដែលក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ធ្លាប់បានចេញសេចក្ដីជូនដំណឹងផងដែរ៕






