ដោយ៖ ប៊ី
ភ្នំពេញ៖ ទោះបីមានវិបត្តិ COVID-19 ក៏ដោយ ក៏ក្រុមហ៊ុន Sumi (Cambodia) Wiring Systems បានបង្កើនការផលិតរបស់ខ្លួនទ្វេដងពីដើមឆ្នាំនេះដើម្បីឆ្លើយតបនឹងការបញ្ជាទិញដែលកំពុងកើនឡើង។ នេះបើយោតាមការលើកឡើងរបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) នៅពីដើមខែកញ្ញានេះ។

ក្រុមហ៊ុន Sumi Cambodia គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Sumitomo Wiring Systems, Ltd ជាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកសម្រាប់ជាគ្រឿងផ្គុំរថយន្តឈានមុខមួយ របស់ជប៉ុន។
ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១២ ក្រុមហ៊ុននេះបានផលិតឧបករណ៍អេឡិចត្រូនិកទៅកាន់ទីផ្សារប្រទេសជប៉ុន។ បច្ចុប្បន្ននេះមានបុគ្គលិក និងប្រតិបត្តិករចំនួន ៣៨០០ នាក់កើនឡើង ៣ ដង បើប្រៀបធៀបទៅនឹងរយៈពេលពីរឆ្នាំមុន។
ក្រុមហ៊ុននេះបានខិតខំបង្កើនផលិតកម្មយ៉ាងខ្លាំងចាប់តាំងពីក្រុមហ៊ុនបានប្រតិបត្តិការលើរោងចក្រផលិតកម្មទី ២ ដែលមានផ្ទៃក្រឡាទំហំ ១៧ ០០០ ម៉ែត្រការ៉េតាំងពីចុងឆ្នាំ ២០១៩ មកក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណៈដែលរោងចក្រទី ១ ដែលបានចាប់ផ្តើមផលិតកម្មនៅក្នុងឆ្នាំ ២០១២ ដោយមានទំហំផ្ទៃក្រឡា ១៥ ៥០០ ម៉ែត្រការ៉េ។
ការពង្រីករបស់ក្រុមហ៊ុន Sumi Cambodia បង្ហាញអោយឃើញថា ប្រជាជនកម្ពុជាមានសមត្ថភាពក្នុងការផលិតផលិតផលដែលមានគុណភាពខ្ពស់ ដើម្បីផ្គត់ផ្គង់ជាគ្រឿងផ្គុំដល់ក្រុមហ៊ុនផលិតរថយន្តល្បីៗ ដូចជាតូយ៉ូតាជាដើម។
ទោះបីជាមានវិបត្តិកូវីដ១៩ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញមានបុគ្គលិកនិងកម្មករ ២២.០០០ នាក់កំពុងធ្វើការសព្វថ្ងៃនេះ កើនឡើង ១.០០០ នាក់ បើប្រៀបធៀបនឹងខែមករាឆ្នាំនេះ។ តម្លៃនាំចេញកើនឡើង ៣៥% បើប្រៀបធៀបនឹងខែមករាឆ្នាំនេះ។ តួលេខទាំងនេះបង្ហាញថា “យើងកំពុងងើបចេញពីវិបត្តិ”៕






