ដោយៈហ្សូលី
ភ្នំពេញៈ ខេត្តព្រះសីហនុ បច្ចុប្បន្នប្រៀបបីដូចជា តួឯកកំពុងរះយ៉ាងត្រចះត្រចង់ នៅក្នុងប្រទេសកម្ពុជា និងសម្រាប់តំបន់អាស៊ីអាគ្នេយ៍។ វិនិយោគិនជាច្រើន ពិសេសជនជាតិចិនបាននាំគ្នាចំណាយថវិកាជាច្រើនលានដុល្លារ មកវិនិយោគលើវិស័យសំខាន់ៗក្នុងការលើកស្ទួយមុខមាត់ខេត្តព្រះសីហនុ។

ចំនុចពិសេសដែលទាក់ទាញវិនិយោគិន សម្រេចចិត្តក្នុងការបោះទុនជាបន្តបន្ទាប់ បណ្តាលមកពីសក្តានុពលពិសេសចំនួន៣ ដូចជា៖
ការរីកចម្រើននៃវិស័យអចលនទ្រព្យ
វិនិយោគិនជាច្រើនទាំងក្នុងស្រុក និងក្រៅស្រុកដូចជា ចិន ថៃ ជប៉ុន ស្រាក់ដៃគ្នាមកបណ្តាក់ទុនលើវិស័យអចលនទ្រព្យជាហូរហែ។ សំណង់អគារពាណិជ្ជកម្ម ខុនដូ អាផាតម៉ិនស្កឹមស្កៃ លូតយ៉ាងត្រដែត សាយភាយពាសពេញខេត្តព្រះសីហនុ បណ្តាលឱ្យអ្នកជំនាញកោតសរសើរថា ជាទីក្រុងសិនជិនទី ២។ ថ្វីត្បិតតែប្រឈមជាមួយវិបត្តិCovid-19 បច្ចុប្បន្នខេត្តព្រះសីហនុ នៅតែមានគម្រោងអភិវឌ្ឍលើវិស័យអចលនទ្រព្យ ដំណើរការសាងសង់ឥតឈប់ឈរ។
ជាក់ស្តែង អភិបាលខេត្តព្រះសីហនុ លោកគួច ចំរើនកាលពីថ្មីៗនេះ ទើបតែអញ្ជើញទៅសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយ ដែលជាការបណ្តាក់ទុនពីក្រុមហ៊ុនក្នុងស្រុក។ នេះជាចំនុចមួយដែលបង្ហាញពីចរន្តអភិវឌ្ឍ លើវិស័យអចលនទ្រព្យក្នុងខេត្តព្រះសីហនុ ដែលនៅតែស្ថិតក្នុងដំណើរការអភិវឌ្ឍឥតស្រាកស្រាន្ត។
គោលដៅទេសចរណ៍លេចធ្លោ

ព្រះសីហនុអំណាយផលពីធម្មជាតិ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកកម្សាន្តនៅតាមតំបន់ឆ្នេរ កោះតូចធំៗ និងរមណីយដ្ឋានធម្មជាតិនានាដទៃទៀត។ កត្តានេះជាចំនុចវិសេសវិសាល សម្រាប់វិនិយោគិន ដែលមានបំណងវិនិយោគលើវិស័យបដិសណ្ឋារកិច្ចរួមមាន សណ្ឋាគារ ភោជនីយដ្ឋាន ផ្ទះសំណាក់ បឹងហ្គាឡូ ឬរីសតកម្សាន្តជាដើម។
វិសាលភាពនៃការអភិវឌ្ឈហេដ្ឋារចនាសម្ព័ន្ឋ
បណ្តាញហេដ្ឋារចនាសម្ព័ន្ធ ជារឿងសំខាន់ជម្រុញការវិនិយោគ និងលើកកម្ពស់សេដ្ឋកិច្ចខេត្តនិងប្រទេសជាតិទាំងមូល។
ដោយឡែកខេត្តព្រះសីហនុមានសមិទ្ធផល និងគម្រោងអភិវឌ្ឍជាច្រើនដូចជា ផ្លូវល្បឿនលឿន ការអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិ កំពង់ផែ ស្ពាន និងតំបន់សេដ្ឋកិច្ចពិសេសជាច្រើនកន្លែង។ លើសពីនេះ ក្នុងខេត្តមាត់សមុទ្រមួយនេះក៏មានរោងចក្រ សហគ្រាសតូចធំ ជាហេតុប្រែក្លាយមុខមាត់ខេត្តនេះជាប៉ូលសេដ្ឋកិច្ចទី៣ បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តសៀមរាប។
លោកអភិបាលខេត្តព្រះសីហនុ គួច ចំរើនធ្លាប់បានមានប្រសាសន៍ថា ដើម្បីលើកកម្ពស់និងបង្កើនកំនើនសេដ្ឋកិច្ចក្នុងខេត្ត រដ្ឋាភិបាលបានស្ដារឡើងវិញទាំងស្រុង នូវហេ ដ្ឋារចនាសម្ព័ន្ធនានា បន្ទាប់ពីទទួលរងការខូចខាត ដោយសារកំណើននៃការអភិវឌ្ឍយ៉ាងគំហុកនាពេលកន្លងមក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
នេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត នៃខេត្តព្រះសីហនុ ដែលមិនធ្លាប់មានពីមុនមកក្នុងការស្ថាបនាផ្លូវទូទាំងក្រុងបែបនេះ៕






