ដោយវុត្ថា
ភ្នំពេញៈ បណ្តាមេដឹកនាំកំពូងអាស៊ី អឺរ៉ុបបានអះអាងពីការប្តេជ្ញាចិត្តក្នុងការរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ ដែលមានភាពធន់ បើកចំហ និងការតភ្ជាប់កាន់តែសកម្ម ដើម្បីវិបុលភាពតំបន់ និងពិភពលោក។ នេះបើតាមសេចក្តីថ្លែងការណ៍កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM) ដែលបានបិទកិច្ចកិច្ចប្រជុំកំពូលនៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២០នេះ។

ទោះបីជាដៃគូASEM អនុវត្តន៍នូវវិធានការណ៍វិសាមញ្ញ ក្នុងការការពារ ស្វែងរក គ្រប់គ្រង និងឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏នៅតែបន្តប្តេជ្ញាធ្វើការឆ្ពោះទៅរកបរិយាកាសមួយ មានលក្ខណៈបើកចំហ សេរី យុត្តិធម៌ និងគ្មានការរើសអើង ដែលផ្តល់ស្ថានភាពស្មើភាព និងមិនលំអៀង តម្លាភាព និងផលប្រយោជន៍ទៅវិញទៅមក សម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM) ក្រោយកិច្ចប្រជុំ នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២០នេះបញ្ជាក់ថា ASEM ត្រូវការខ្សែសង្វាក់ផ្គត់ផ្គង់ដែលកាន់តែធន់ និងមានពិធិធកម្ម គឺមានភាពចាំបាច់ដើម្បីទប់ទល់នឹងស្ថានភាពវិបត្តិផ្សេងៗ នាពេលអនាគត។
សេចក្តីថ្លែងការណ៍សរសេរថា “យើងបន្តធានានូវលំហូទំនិញ និងសេវាកម្មសំខាន់ៗឆ្លងកាត់ព្រំដែន ក៏ដូចជាការចែកចាយជាសកល និងសមស្របចំពោះទំនិញ និងសេវាកម្មទាំងនោះ ដោយមិនឱ្យមានការរាំងស្ទះអ្វីឡើយ “។
សេចថ្លែងការណ៍បន្តថា “យើងនឹងធ្វើការយ៉ាងជិតស្និទ្ឋ ដើម្បីដោះស្រាយរាល់ការរាំងស្ទះ ដល់ផ្នែកផ្គត់ផ្គង់ដែលត្រូវការសម្រាប់សុខភាព និង សុខមាលភាព របស់ប្រជាជនទាំងអស់។ យើងជំរុញឱ្យរក្សាអន្តរទំនាក់ទំនងចាំបាច់នានា នៅក្នុងតំបន់ដោយជួយសម្រួលដល់បំលាស់ទីជាចាំបាច់រស់ប្រជាជន និងទំនិញក្នុងកិច្ចការមនុស្សធម៌ វិទ្យាសាស្ត្រ ព្រមទាំងសកម្មភាពធុរកិច្ចសំខាន់ៗ នៅក្នុងកម្រិតដែលប៉ះពាល់ ដល់កិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងជំងឺរបស់ប្រទេសនីមួយៗ”។
សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា យើងក៏នឹងបន្តរួមគ្នា ដើម្បីរក្សា និងសម្រួលដល់ពាណិជ្ជករអន្តរជាតិ តាមរយៈអង្គការពាណិជ្ជកម្មពិភពលោក និងសម្របសម្រួលដល់ការឆ្លើយតបនានា ដែលធានានូវដំណើរការចរាចរណ៍អន្តរជាតិ និងហេដ្ឋារចនាស ម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ ដូចជាផ្លូវអាកាស និងកំពង់ផែបន្តប្រតិបត្តិការរបស់ខ្លួន ក៏ដូចជាការបន្តលំហូរទំនិញ ស្របពេលកំពុងយកចិត្តទុកដាក់តាមដានសុវត្ថិភាព និងសុខភាពសាធារណៈ។
វិធានការណ៍សម្រាប់ស្ថានភាពអាសន្ននានា ដែលបង្កើតឡើងសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ រួមទាំងការរឹតត្បិតការធ្វើដំណើរ ប្រសិនបើចាំបាច់ត្រូវមានគោលដៅជាក់លាក់ តុល្យភាព តម្លាភាព និងមានលក្ខណៈបណ្តោះអាសន្នតែប៉ុណ្ណោះ ។
វិធានការណ៍សម្រាប់ស្ថានភាពអាសន្នទាំងនេះ មិនគួរបង្កើតរបាំងពាណិជ្ជកម្មដែលមិនចាំបាច់ ឬរាំងស្ទះដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកនោះទេ ហើយគួរតែអនុលោមតាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក។ ការរឹតត្បិតការធ្វើដំណើរនានា គួរតែជូនដំណឹងដល់អង្គការសុខភាពពិភពលោក ស្របតាមបទបញ្ញត្តិសុខភាពអន្តរជាតិ (២០០៥)។
ASEM ក៏ទទួលស្គាល់នូវតួនាទីដ៏សំខាន់ របស់សហគ្រាសខ្នាតមីក្រូតូច និងធម្យម ក្នុងសកម្មភាពសេដ្ឋកិច្ច របស់ប្រទេសយើងទាំងអស់គ្នា។ យើងជំរុញឱ្យអនុវត្តនូវវិធានការសមស្របនានា ដើម្បីបង្កើនទំនុកចិត្ត និងលើកកម្ពស់ស្ថិរភាពសេដ្ឋកិច្ច តាមរយៈគោលនយោបាយជំរុញសេដ្ឋកិច្ចការជួយប្រជាជន និងធុរកិច្ចដែលកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ជាពិសេសនោះ គឺជួយសហគ្រាសខ្នាតមីក្រូតូច និងធម្យម ក៏ដូចជាប្រជាជនក្រីក្រ និងជនងាយរងគ្រោះបំផុត៕






