រដ្ឋបាលខេត្តកោះកុង បើកកិច្ចពិភាក្សាលើផែនការអាទិភាពគ្រប់គ្រងតំបន់ឆ្នេរដែលវែងជាងគេនៅក្នុងប្រទេស

0

ដោយ ៖ រ៉ាណេត

កោះកុង ៖ រដ្ឋបាលខេត្តកោះកុង និងមន្ត្រីស្ថាប័នពាក់ព័ន្ធបានបើកកិច្ចប្រជុំ និងពិភាក្សាទៅលើផែនការអាទិភាពក្នុងការគ្រប់គ្រងធនធាននៅតាមតំបន់ឆ្នេរតាមបែបសមាហរណកម្ម ដើម្បីរក្សាបាន និងទាញផលប្រយោជន៍សម្រាប់វិស័យទេសចរណ៍។

អភិបាលរងខេត្តកោះកុង លោក អ៊ុក ភ័ក្រ្តា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សារវាងលេខាធិការដ្ឋាន គ.អ.ឆ.ក ខេត្ត និងអង្គការ IUCN ស្តីពី ការសិក្សាស្វែងយល់ពីវឌ្ឍនភាព យុទ្ធសាស្រ្ត និងផែនការអាទិភាពគ្រប់គ្រងធនធាន តំបន់ឆ្នេរតាមបែបសមាហរណកម្ម នៅខេត្តកោះកុង ។

លោកបានបញ្ជាក់ថា ដើម្បីអនុវត្តគោលនយោបាយ និងការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាពទាមទាឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពជំនាញ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ត្រូវមានចំណេះដឹងទាក់ទងនឹងគោលនយោបាយ និងឯកសារគតិយុត្តទៅលើការគ្រប់គ្រងតំបន់ឆ្នេរ សមុទ្រ និងចូលរួមសហការយ៉ាងពេញទំហឹងលើការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបប្រសិទ្ធភាព។

លោក អ៊ុក ភ័ក្រ្តា បានបន្តទៀតថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន គ.អ.ឆ.ក រដ្ឋបាលខេត្ត បានបោះពុមុ្ភនូវសៀវភៅ យុទ្ធសាស្ត្រតំបន់ឆ្នេរខេត្តកោះកុង ដែលមានចក្ខុវិស័យប្រែក្លាយ ខេត្តកោះកុង ឲ្យទៅជាទីក្រុងបៃតង ឆ្នេរស្អាត សមុទ្រខៀវស្រងាត់ ដែលសំបូរទៅដោយធនធានធម្មជាតិ និងជីវចម្រុះ ដើម្បីធានាបាននូវ ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។

ក្នុងចំណោមឆ្នេរសមុទ្រប្រទេសកម្ពុជាដែល មានប្រវែងប្រហែល៤៤០គីឡូម៉ែត្រ ខេត្តកោះកុង ត្រូវបានដឹងថាជាខេត្ត ដែលមានឆ្នេរវែងជាងគេគឺប្រហែល ២៣៧គីឡូម៉ែត្រ ដោយលាតសន្ធឹងចាប់ពីចំណុចចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ព្រំប្រទល់ជាប់នឹងខេត្តត្រាតប្រទេសថៃ ដល់ឃុំជ្រោយស្វាយ ស្រុកស្រែអំបិលព្រំប្រទល់ជាប់នឹងខេត្តព្រះសីហនុ។ ដៅយឡែកកោះ នៅក្នុងលម្ហសមុទ្រមាន២៣ និងកោះនៅក្នុងព្រែកមាន១២ សរុប៣៥កោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here