ដោយ ៖ វុត្ថា
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងទេសចរណ៍បានអះអាងថា ការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបនេះ គឺមានគោលបំណង ធ្វើឱ្យខេត្តកែបក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ ស្ងប់ស្ងាត់ ប្រណីតកម្រិតខ្ពស់ ប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក។

លោក នី ផល្លី អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ នៅក្នុងកិច្ចប្រជុំស្ដីពីសេចក្ដីព្រាងបឋមនៃផែនការមេសម្រាប់ការអភិវឌ្ឍ វិស័យទេសចរណ៍នៅខេត្តកែប កាលពីម្សិលមិញនេះ បានឱ្យដឹងថា ការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបនេះ តាមរយៈការបង្កើនគុណភាពផលិតផលទេសចរណ៍ដែលមានស្រាប់ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗថែមទៀត ដើម្បីពន្យារការស្នាក់នៅរបស់ទេសចរនៅគ្រប់រដូវកាលឲ្យបានកាន់តែយូរ។
លោកបន្តថា ម្យ៉ាងទៀត ការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបធានាដល់ចីរភាពនៃការអភិវឌ្ឍ និងធនធានធម្មជាតិ និងការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិសេសធានាដល់កំណើនសេដ្ឋកិច្ចមូលដ្ឋាន។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ និងគាំទ្រយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ និងគណៈកម្មាធិការអន្តរក្រសួង ដែលបានបន្ថែមខេត្ត២ទៀត គឺខេត្តកែប និងខេត្តមណ្ឌលគីរី អោយក្លាយជាគោលដៅទេសចរសម្រាប់ប្រទេសកម្ពុជា។
លោកបានជំរុញឱ្យក្រុមការងារបច្ចេកទេសអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប ត្រូវធ្វើយ៉ាងណា ខិតខំពិភាក្សាស្វែករកចំណុចល្អៗ និងរកបញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីលើកជាគម្រោងចូលក្នុងផែនការមេវិស័យទេសចរណ៍នេះឱ្យបានគ្រប់គ្រាន់។
បើតាមក្រសួងទេសចរណ៍ បន្ទាប់ពីមានការកែសម្រួល ឬមានការសម្រេចឯកភាពពីប្រមុខរាជរដ្ឋាភិបាល ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបនេះនឹងត្រូវយកមកអនុវត្តចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣៥ និងអាចមានការពិនិត្យកែសម្រួលសម្រាប់ការអនុវត្តនៅឆ្នាំបន្តបន្ទាប់ទៀត៕






