ដោយវុត្ថា
ភ្នំពេញ៖ កម្ពុជាបានស្នើដល់ប្រទេសនៅក្នុងតំបន់អាស៊ាន ធ្វើសមាហរណកម្មតំបន់ ឱ្យបានកាន់តែស៊ីជម្រៅថែមទៀត ដើម្បីសម្រួលដល់លំហូរ ទំនិញ សេវាកម្ម និងប្រជាជន នៅក្នុងពេលមានវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ១៩នេះ ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅក្នុងសុន្ទរកថាគន្លឹះថ្លែងទៅកាន់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ ដែលសភាប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី៨ ខែកញ្ញានេះ តាមប្រព័ន្ធវីដេអូ ឱ្យដឹងថា ការរាតត្បាតនៃជំងឺកូវីដ១៩នៅលើពិភពលោក បាននាំមកនូវបញ្ហាប្រឈមជាច្រើន ដែលមិនធ្លាប់មានពីមុនមក ដូចជា សុវត្ថិភាព សុខភាពសាធារណៈ ការបង្អាក់ ការប្រមូលផ្តុំ និងដំណើរការនៃសង្វាក់ផ្គត់ផ្គង់សកល ជាពិសេសបានបង្កផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសង្គម និងសេដ្ឋកិច្ចសកលលោក។
សម្តេចថ្លែងថា “យើងត្រូវធ្វើការរួមគ្នា បង្កើនកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពអន្តរជាតិ ដើម្បីផលប្រយោជន៍រួមរបស់យើង” ។
សម្តេចហេង សំរិនបន្តថា ជំងឺកូវីដ១៩ បានធ្វើឲ្យការរៀបចំមហាសន្និបាតលើកទី៤១ អន្តរសភាអាស៊ាននៅឆ្នាំនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូ។មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤នេះ បានប្រារព្ធធ្វើឡើងក្រោមមូលបទ “ការទូតសភា ដើម្បីសម្រេចបានសហគមន៍អាស៊ាន ប្រកបដោយភាពស្អិតរមួត និងឆ្លើយតប”។

សម្តេចថា មូលបទខាងលើនេះ ពិតជាសមស្រប និងឆ្លុះបញ្ចាំងពីភាពចាំបាច់ក្នុងការឈានទៅសម្រេចបានការកសាងសហគមន៍អាស៊ាន ប្រកបដោយឯកភាព សាមគ្គីភាព និងមជ្ឈភាព ដើម្បីជំរុញឱ្យអាស៊ានមានលទ្ធភាពចាប់យកឱកាស និងដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមានប្រកបដោយប្រសិទ្ធភាព។
សម្តេសបញ្ជាក់ថា សភាដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពស្របច្បាប់ នៃស្ថាប័នពហុភាគី ជាពិសេស ការកសាងអាស៊ានជាស្ថាប័នមួយផ្អែកលើគោលការណ៍ច្បាប់ និងប្រកាន់យកប្រជាជនជាស្នូល។ “ស្មារតីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់អាយប៉ា នៅតែមានជានិច្ច ទោះក្នុងកាលៈទេសៈណាក៏ដោយ”។
អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា(AIPA) ជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ដែលមាន ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។

អន្តរសភាអាស៊ាន ជាការប្រមូលផ្ដុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ។ មហាសន្និបាតអន្តរសភាអាស៊ាន បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកផ្លាស់វេនគ្នាតាមលំដាប់អក្ខរក្រមនៃឈ្មោះប្រទេសតាមអក្សរឡាតាំង។
សម្តេចបញ្ជាក់ថា សភាកម្ពុជាគាំទ្រការខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការថែរក្សា និងលើកកម្ពស់ សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ការដោះស្រាយ ជម្លោះដោយសន្តិវិធី ឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងយន្តការការទូត ជៀសវាងការប្រើប្រាស់កម្លាំងអាវុធ៕






