ក្រសួងរ៉ែ ប្រកាសពីការអនុញ្ញាតដល់ក្រុមហ៊ុនសប្បទានស្វែងរករ៉ែនៅខេត្តចំនួន២

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល បានធ្វើការប្រកាស និងជូនដំណឹងស្ដីពីការបើកតំបន់សម្បទានស្វែងរុករករ៉ែថ្មីចំនួន២ទីតាំងដែលស្ថិតនៅខេត្តផ្សេងគ្នាសម្រាប់ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករកពីសំណាក់ក្រុមហ៊ុនឯកជន។

នៅក្នុងសេចក្ដីជូនដំណឹងនៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ក្រសួងរ៉ែ និងថាមពល បានប្រកាសបើកឱ្យមានការដាក់ពាក្យប្រកួតប្រជែងជាសាធារណៈ សម្រាប់ទទួលបានអាជ្ញាបណ្ណស្វែងរុករក ចំពោះតំបន់សម្បទានស្វែងរុករករ៉ែចំនួន២តំបន់ ដូចមាននៅក្នុងផែនទី “ទីតាំង និងកូអរដោណេ” ដែលភ្ជាប់មកជាមួយនៅខាងក្រោមចាប់ពីពេលនេះតទៅ។

តំបន់សម្បទានស្វែង រុករករ៉ែដែលនឹងប្រកាសបើកទទួលពាក្យស្នើសុំ រួមមាន ទី១-តំបន់សម្បទានស្វែងរុករករ៉ែទំហំ ១០៧,១០ គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់មេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងទី២- តំបន់សម្បទានស្វែងរុករករ៉ែទំហំ១០០គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ភ្នំប៉ាង ស្រុក អូរយ៉ាដាវ ខេត្តរតនគិរី។

សម្រាប់សាធារណជន ក៏ដូចជាបណ្ដាក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលចាប់អារម្មណ៍ ត្រូវមកស្នើសុំ «ពាក្យស្នើ សុំអាជ្ញាបណ្ណស្វែងរុករករ៉ែដែលមានការបោះត្រាត្រឹមត្រូវ» នៅនាយកដ្ឋានឧស្សាហកម្មអាជីវកម្មធនធានរ៉ែ (ជាន់ទី៥) នៃទីស្ដីការក្រសួងរ៉ែ និងថាមពល អគារលេខ ៧៩-៨៩ វិថីប៉ាស្ទ័រ (ផ្លូវលេខ៥១) សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅរៀងរាល់ម៉ោងធ្វើការ។

ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករករ៉ែ ដែលបានបំពេញរួចរាល់ ត្រូវភ្ជាប់មកជាមួយនូវឯកសារ និង របាយការណ៍តម្រូវពាក់ព័ន្ធ ហើយដាក់ក្នុងស្រោមសំបុត្របិទជិត ដោយការខ្នងថា «ឯកសារស្នើសុំប្រកួត ប្រជែង» រួចដាក់មកក្រសួងតាម «ការិយាល័យច្រកចេញចូលតែមួយ» របស់ក្រសួងរ៉ែ និងថាមពល យ៉ាងយូរ បំផុតត្រឹមថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៧៖០០នាទី៕

LEAVE A REPLY

Please enter your comment!
Please enter your name here