បណ្តុំលំនៅដ្ឋានសម្រុកបោះទីតាំងក្នុងតំបន់លេចធ្លោចំនួន ២ នៅកៀកក្រុងភ្នំពេញ

0

ដោយ ហ្សូលី

ភ្នំពេញ៖ វិស័យលំនៅដ្ឋានចាប់ផ្តើមរីកដុះដាលស្ទើរមិនគួរឱ្យជឿ ខណៈកំណើនប្រជាសាស្រ្តក្នុងប្រទេសកម្ពុជាមានសន្ទុះយ៉ាងខ្លាំង។ កត្តានេះបានជម្រុញឱ្យតម្រូវការលំនៅដ្ឋានកើនឡើង ទើបបណ្តាលឱ្យអ្នកអភិវឌ្ឍកាន់តែសម្រុកទៅវិនិយោគលើវិស័យលំនៅដ្ឋាននៅកៀកក្រុងភ្នំពេញ ដើម្បីផ្គត់ផ្គង់តម្រូវការទាន់ពេលវេលា។

ជាក់ស្តែង នៅកៀកក្រុងភ្នំពេញបច្ចុប្បន្នមានបណ្តុំលំនៅដ្ឋានជាច្រើនកំពុងបោះទីតាំងវិនិយោគនៅក្នុងតំបន់ចំនួន ២ ដែលសកម្មក្នុងការសាងសង់ និងមានភាពលេចធ្លោក្នុងការអភិវឌ្ឍ។

តំបន់ព្រែកព្នៅ
ជាមួយការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ តាមផែនការរបស់រដ្ឋាភិបាលកម្ពុជា ទើបនាំឱ្យក្រុមហ៊ុនអភិវឌ្ឍជាច្រើនសម្រេចចិត្តវិនិយោគលើវិស័យលំនៅដ្ឋានក្នុងតំបន់ព្រែកព្នៅ។

អ្នកជំនាញអចលនទ្រព្យក្នុងស្រុកធ្លាប់បានលើកឡើងថា តំបន់ព្រែកព្នៅនេះនឹងលែងក្លាយជាតំបន់ជាយក្រុងទៀតហើយនាពេលអនាគត ព្រោះមានគម្រោងអភិវឌ្ឍអចលនទ្រព្យ និងពាណិជ្ជកម្មមួយចំនួនន នាំគ្នាមកវិនិយោគបន្ថែមទៀត។

លោក ច្រឹក សុខនីម ប្រធានសមាគមវាយតម្លៃនិងភ្នាក់ងារអចលនទ្រព្យ បានរៀបរាប់ថា ថ្ងៃអនាគតតំបន់នេះនឹងមានការវិនិយោគទៅលើបណ្តុំលំនៅដ្ឋានបែបប្រណិត និងមានតម្លៃថ្លៃហើយ ដោយសារការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃតំបន់ព្រែកព្នៅនេះ។

តំបន់ផ្លូវក្រវ៉ាត់ក្រុងទី ២
ផ្លូវក្រវ៉ាតក្រុងទី ២ ចុះពីស្ពានព្រែកសំរោងបុករហូតទៅដល់ផ្លូវជាតិលេខ ១ ក្នុងខណ្ឌច្បារអំពៅ ត្រូវបានអ្នកជំនាញពន្យល់ថា អ្នកអភិវឌ្ឍលើវិស័យលំនៅដ្ឋានច្រើនតែអភិវឌ្ឍជាលក្ខណៈបណ្តុំជាងបុរីធំៗ និងសំណង់លំនៅដ្ឋានដាច់ដោយឡែក។ រីឯហាងឆេងវិញទៀតសោត បើសិនជាលំនៅដ្ឋាននៅជាប់មាត់ផ្លូវធំវិញ អាចលក់បានចាប់ពី ១០ម៉ឺន ឡើងទៅ។

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Apprasial បានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area Asia ថា លំនៅដ្ឋាននៅតែជាឱកាសល្អក្នុងការវិនិយោគ មិនថានៅក្នុងឆ្នាំ ២០២០នេះ ឬនៅពេលអនាគតរយៈពេល ៥ ឆ្នាំទៅមុខទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here