ទីផ្សារ​ខុន​ដូ​ចាប់ផ្តើម​កក្រើក​នៅក្នុង​បណ្តា​ខេត្ត​សក្តានុពលពិសេសៗចំនួន២

0

ដោយ ហ្សូ​លី

ភ្នំពេញៈ ទីផ្សារ​ខុន​ដូ​កំពុងមាន​ភាព​រីកចម្រើន និង​សាយភាយ​ពាសពេញ​ទីក្រុង គួបផ្សំ​ទៅតាម​បណ្តារ​ខេត្ត​មាន​សក្តានុពល​មួយចំនួន។ យ៉ាងណាមិញ អ្នកជំនាញ​បាន​បង្ហើប​ពី​ខេត្ត​ចំនួន២ ហាក់​មានការ​អភិវឌ្ឍ​យ៉ាង​ផុសផុល​ទៅលើ​វិស័យ​ខុន​ដូ។

លោក​ខន គង្គារ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ERA Cambodia បាន​ថ្លែងប្រាប់​គេហទំព័រ Propertyarea.asia នៅ​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០នេះ​ថា ខេត្ត​ដែលមាន​សក្តានុពល លើ​ខុន​ដូ​ច្រើនជាង​បណ្តា​ខេត្ត​ទូទៅ​នៅ​កម្ពុជា គឺ​ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប។

លោក​បន្តថា “សក្តានុពល​ខេត្ត​ព្រះសីហនុ​កំពុង​ផ្ទុះ​ជាខ្លាំង បើសិនជា​បងប្អូន​ដែល​ខាន​ទៅលេង​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​យូរ ច្បាស់​ជា​មើល​លែង​ស្គា​ល់ហើយ ព្រោះ​ខេត្ត​បាន​ផ្លាស់ប្តូរ​រូបរាង​ដូច​ទៅនឹង​ប្រទេស​ចិន ឬ​ប្រទេស​សិង្ហ​បុរី​ទៅហើយ ដោយសារ​តែមាន​អគារខ្ពស់ៗជាច្រើន លូត​ត្រដែត​ដូច​ផ្សិត” ។ លោក​បន្តថា “មិនតែប៉ុណ្ណោះ មាន​អ្នកវិនិយោគ​បរទេស​ជាច្រើន បាន​ចាប់អារម្មណ៍​ទៅលើ​ទឹកដី​ជាប់មាត់​សមុទ្រ​ជាច្រើន” ។

ក្នុងនាម​ជា​អ្នក​ប្រឡូក​លើ​វិស័យ​អចលនទ្រព្យ ជាពិសេស​វិស័យ​ខុន​ដូ លោក ខន គង្គារ បានបញ្ជាក់​ទៀតថា ថ្វី​ត្បិត​ការអភិវឌ្ឍ​លើ​គម្រោង​ខុន​ដូ​ច្រើន​ក៏ពិតមែន ប៉ុន្តែ​គម្រោងល្អៗមិន​ប្រាកដថា មាន​ច្រើន​ដូច​ចំនួន​អគារ​នោះឡើយ។

ខេត្ត​មួយទៀត​នោះ គឺ​ខេត្តសៀមរាប ដែល​លោក​បាន​បញ្ជាក់ថា សម្រាប់​ខេត្តសៀមរាប គម្រោង​ខុន​ដូ​មិនមាន​ជា​លក្ខណៈធំៗច្រើន​ជាន់ ដូច​នៅក្នុង​ទីក្រុង​ភ្នំពេញ ឬ​នៅ​ក្រុងព្រះសីហនុ​ឡើយ។ កម្ពស់​ខុន​ដូ​មាន​ប្រមាណ​ត្រឹម៥ជាន់​តែប៉ុណ្ណោះ ដោយហេតុថា វា​ជាគោលការណ៍​របស់​អាជ្ញា​ដែល​គ្រប់គ្រង​នៅ​តំបន់​នោះ។

សក្តានុពល​តំបន់​នេះ មិនមែន​ពឹងផ្អែក​តែ​នៅលើ​អ្នកវិនិយោគ​ទេ តែ​វិស័យ​ទេសចរណ៍ គឺជា​ស្នូល​ក្នុងការ​ជម្រុញ​វិស័យ​អចលនទ្រព្យ​ខេត្ត​ទាំងមូល។ នៅពេល​ភ្ញៀវទេសចរ​ទៅដល់​គោលដៅ​ទេសចរណ៍​ណាមួយ ច្បាស់​ណាស់​ថា អ្នក​អភិវឌ្ឍ​ចាប់ផ្តើម​សម្រុក​ទៅ​តំបន់​នោះ ដោយសារ​កំណើន​តម្រូវការ​ជា​ចាំបាច់​នៅលើ​ទីផ្សារ។ ជាពិសេស ពួកគេ​ត្រូវការ​ស្នាក់នៅ​ជា​លក្ខណៈ​ឯកជន មាន​ផាសុកភាព និង​មានតម្លៃ​សមរម្យ ស័ក្តិ​ក​សម​សម្រាប់​ការរស់នៅ និង​ស្ថានភាព​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here