ដោយ ៖ ហ្សូលី
ភ្នំពេញ ៖ កម្ពុជាបានចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយភាគីប្រទេសចិន ក្នុងគោលបំណងបង្កើនការវិនិយោគ ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ និងជម្រុញវិស័យដឹកជញ្ជូនឱ្យកាន់តែល្អប្រសើរ។
លោក ជា ចាន់ដារា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ បានមានប្រសាសន៍ឱ្យដឹងថា គោលដៅសំខាន់នៃការចុះអនុស្សារណៈយោគយល់គ្នា MOU នៅពេលថ្មីៗនេះ គឺដើម្បីរឹតបន្តឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅរវាងវិនិយោគិនចិន និងកម្ពុជា។ ចំនុចដែលភាគីចិនចង់បាននោះ គឺចង់ឱ្យមានការណែនាំពីការនាំទំនិញពីប្រទេសចិនចូលមកកាន់កម្ពុជា ហើយសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញកម្ពុជា ក៏ចង់ឱ្យមានការណែនាំទំនិញពីកម្ពុជាចូលទៅកាន់ប្រទេសចិនវិញដូចគ្នា។
លោកបន្តថា ចំពោះកិច្ចសហប្រតិបត្តិការនេះ បន្ទាប់ពីជំងឺវិបត្តិសកល ភាគីទាំងពីរមានបំណងចង់ឱ្យមានការដឹកនាំក្រុមដែលចង់វិនិយោគទៅប្រទេសចិន ឬចង់ទិញទំនិញពីប្រទេសចិន អាចធ្វើដំណើរដល់រោងចក្រនៅចិនផ្ទាល់។ ចំណែកភាគីចិនក៏នឹងធ្វើសកម្មភាពនេះដែរ ពោលវិនិយោគិនដែលចង់វិនិយោគនៅកម្ពុជា ឬចង់ទិញទំនិញពីកម្ពុជា អាចទៅដល់រោងចក្រផ្ទាល់បាន។
ការចុះអនុស្សារណៈយោគយល់គ្នាមួយនេះ គឺជាស្ពានចម្លងសម្រាប់ឱ្យមានជំនួបរវាងអ្នកវិនិយោគនៃប្រទេសទាំងពីរ ដើម្បីពិភាក្សាលើការងារវិនិយោគផងដែរ ខណៈពេលដែលវិស័យដឹកជញ្ជូនទំនិញមានការធ្លាក់ចុះដោយសារ Covid-19។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញរូបនេះបានណែនាំបន្ថែមថា សម្រាប់អ្នកចង់បញ្ជាទិញទំនិញពីប្រទេសក្រៅ ត្រូវព្យាយាមទាក់ទងឱ្យបានច្បាស់លាស់ រវាងអ្នកទិញ និងអ្នកលក់ ព្រោះការហោះហើរទៅប្រទេសដទៃក្នុងកំឡុងពេលនេះ គឺមិនមានទេ ដែលធ្វើឱ្យការទិញ-លក់អាចប៉ះពាល់ ឬមានការបោកប្រាស់ជាដើម។
ការចុះអនុស្សារណៈនៃការយោគយល់គ្នា MOU នេះ បានប្រព្រឹត្តឡើងនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ តាមប្រព័ន្ធវីដេអូអនឡាញរវាងសមាគមពាណិជ្ជករដឹកជញ្ជូនប្រទេសកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្ម អាមេរិក-អ៉ឺរ៉ុបរបស់ប្រទេសចិន៕






